ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ របស់ខេត្តព្រះសីហនុ ឆ្នាំ២០២៦នេះ នឹងអាចទទួលបានចំនួនភ្ញៀវមកទស្សនាកម្សាន្តបានកាន់តែច្រើនកុះករជាក់ជាមិនខាន។
ពិធីបុណ្យសមុទ្រ លើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-១៩-២០ ខែធ្នូ ឆ្នាំ២០២៦ នៅទីលានតេជោក្នុងខេត្តព្រះសីហនុ។
យោងតាមក្រសួងទេសចរណ៍ ព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏អស្ចារ្យនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយសក្ដានុពលទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា ជំរុញការវិនិយោគ និងអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយចីរភាព និងលើកកម្ពស់គុណភាពសេវាកម្មនានាក្នុងឧស្សាហកម្មទេសចរណ៍ ព្រមទាំងជំរុញការលើកកម្ពស់ផលិតផលខ្មែរផងដែរ។
ថ្លែងប្រាប់ AMS នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា នេះ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានមានប្រសាសន៍ថា កាលពីឆ្នាំ២០២៥ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជា ៤លាន ៧សែននាក់ បានចូលមកកម្សាន្តនៅតាមតំបន់ទេសចរណ៍នានាទូទាំងខេត្ត។ ដោយឡែក សម្រាប់ឆ្នាំ២០២៦នេះ តាមរយៈមហាព្រឹត្តិការណ៍ប្រចាំឆ្នាំវិញជុំទី៤ នៃបុណ្យសមុទ្រលើកទី១២ ខេត្តព្រះសីហនុ រំពឹងថា នឹងអាចទាក់ទាញទេសចរជាតិ និងអន្តរជាតិបានកាន់តែច្រើនជាងមុន។
ពិធីបុណ្យនេះ នឹងប្រព្រឹត្តទៅនៅក្នុងរូបភាពធំៗជាច្រើន ដែលរដ្ឋបាលខេត្តបានយកចិត្តទុកដាក់រៀបចំទីក្រុងឱ្យមានសោភ័ណភាព ទាក់ទាញចិត្តអ្នកទេសចរឱ្យទៅទស្សនានៅក្នុងកម្មវិធីនេះ ហើយក៏ជាផ្នែកមួយក្នុងការផ្សព្វផ្សាយពីសក្ដានុពលរបស់ខេត្តផងដែរ។
លោកបានបន្ថែមដែរថា ៖ «នៅក្នុងព្រឹត្តិការដ៏សំខាន់នេះ ការងារដែលសំខាន់គឺការងារផ្សព្វផ្សាយ ដែលមន្ទីរទេសចរណ៍ ក៏ដូចជាក្រុមការងារខេត្តនឹងចាត់ចែងធ្វើឱ្យមានប្រព័ន្ធផ្សព្វផ្សាយទាំងថ្នាក់ជាតិ និងអន្តរជាតិចូលរួមឱ្យបានច្រើន»។
តាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ អ្នកចូលរួមទាំងអស់នឹងទទួលបានឱកាសចូលទស្សនាការសម្ដែងសិល្បៈមហាសមុទ្រ ដែលបង្ហាញពីប្រពៃណីទំនៀមទម្លាប់ និងសក្តានុពលទេសចរណ៍ខេត្តតំបន់ឆ្នេរ ការប្រកួតកីឡាមហាសមុទ្រ ព្រមទាំងការអុជកាំជ្រួចអបអរសាទរព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ ឆ្នាំ២០២៦។
នៅក្នុងឱកាសនេះ ទេសចរទាំងអស់ ក៏នឹងបានចូលរួមនូវការតាំងពិព័រណ៍សមិទ្ធផលក្នុងវិស័យទេសចរណ៍ មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការតាំងពិព័រណ៍ពាណិជ្ជកម្ម និងផលិតផលក្នុងស្រុក ការតាំងបង្ហាញសមិទ្ធផលរបស់ក្រសួង/ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តតាមតំបន់ឆ្នេរ រួមទាំងសិក្ខាសាលា និងកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងវិស័យទេសចរណ៍។
ចំពោះព្រឹត្តិការណ៍កីឡាកម្សាន្ត រួមមានដូចជា សកម្មភាពកីឡាលើទឹក កីឡាលើឆ្នេរខ្សាច់ កម្មវិធីប្រកួតទាញព្រ័ត្រ កម្មវិធីប្រកួតបង្ហោះខ្លែង និងកីឡាទេសចរណ៍លក្ខណៈមហាជនជាច្រើនប្រភេទ។ កម្មវិធីដាំដើមឈើស្របតាមទស្សនទាន «ទេសចរម្នាក់ ដើមឈើមួយដើម» ក្រោមប្រធានបទ «រួមគ្នាដាំដើមកោងកាង ដើម្បីសមុទ្របៃតង និងផ្ញើក្ដីនឹករលឹកដល់ជនភៀសសឹក»។
ជាពិសេសទៅទៀតនោះ ក៏មានកម្មវិធីរាប់បាតព្រះសង្ឃឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវីរជនកងកម្លាំងប្រដាប់អាវុធ។ កម្មវិធីលែងកូនក្តាម និងកូនអណ្តើកសមុទ្រ ដើម្បីផ្តល់ជីវិតថ្មី និងបន្តចិរភាពជីវៈចម្រុះ ព្រមទាំងកម្មវិធីប្រកួតម្ហូបអាហារប្រចាំតំបន់ កម្មវិធីដង្ហែរគោមនាពេលរាត្រី ដើម្បីដឹងគុណសមុទ្រ ក៏ដូចជាកម្មវិធីកម្សាន្តផ្សេងៗជាច្រើនទៀត៕ នេះបើតាមកម្មវិធីដែលបង្ហាញដោយក្រសួងទេសចរណ៍៕