បរទេស៖ ក្រសួងពាណិជ្ជកម្មចិនបានព្រមានថា ប្រទេសចិននឹងតបតវិញយ៉ាងម៉ឺងម៉ាត់ ប្រសិនបើសហភាពអឺរ៉ុប (EU) ចេញវិធានការរឹតត្បិតលើអាជីវកម្ម ឬផលិតផលរបស់ចិន ខណៈជំនួបថ្នាក់ខ្ពស់រវាងភាគីទាំងពីរគ្រោងនឹងធ្វើឡើងនៅទីក្រុងប៉េកាំងនាសប្តាហ៍ក្រោយ។
កាលពីយប់ថ្ងៃអង្គារ ក្រសួងពាណិជ្ជកម្មចិនបានចេញសេចក្តីថ្លែងការណ៍ថា ប្រទេសចិននឹងតបតវិញយ៉ាងម៉ឺងម៉ាត់ ប្រសិនបើសហភាពអឺរ៉ុបដាក់ចេញវិធានការរឹតត្បិតលើអាជីវកម្ម ឬផលិតផលរបស់ចិន។ ចិនបានបញ្ជាក់ថា សកម្មភាពបែបនេះនឹងបំផ្លាញទំនុកចិត្តគ្នាយ៉ាងធ្ងន់ធ្ងរ និងបង្កការរំខានដល់កិច្ចចរចាពាណិជ្ជកម្ម។
ក្នុងអំឡុងខែមិថុនា ដល់ខែកញ្ញា ចិន និងសហភាពអឺរ៉ុបបានចូលរួមក្នុងការបើកកិច្ចចរចាពាណិជ្ជកម្ម ខណៈអឺរ៉ុបចង់កាត់បន្ថយឱនភាពពាណិជ្ជកម្មជាមួយចិនឱ្យបានត្រឹមខែតុលា។
ការព្រមានរបស់ចិនធ្វើឡើងបន្ទាប់ពីស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លោក Maroš Šefčovič បានព្រមានក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Euronews ថា ទីក្រុងប៉េកាំងត្រូវតែបង្ហាញលទ្ធផលជាក់ស្តែងឱ្យត្រឹមខែតុលា បើពុំនោះទេ នឹងត្រូវប្រឈមមុខនឹងវិធានការតឹងរ៉ឹងជាងមុន។ លោក Šefčovič ត្រូវបានគេរំពឹងថានឹងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងនៅសប្តាហ៍ក្រោយ។
កាលពីដើមសប្តាហ៍នេះ លោក Noah Barkin មកពីស្ថាប័ន Rhodium Group បានលើកឡើងថា អឺរ៉ុបកំពុងពិចារណាលើវិធានការនានា ដើម្បីបិទផ្លូវមិនឱ្យចិនចូលរួមក្នុងប្លុករបស់ខ្លួន។
តាមរយៈការដកស្រង់សម្តីពីមន្ត្រីអឺរ៉ុប លោក Barkin អះអាងថា អាល្លឺម៉ង់ និងបារាំងកំពុងបញ្ចប់សេចក្តីព្រាងរួមមួយ ដែលអំពាវនាវឱ្យគណៈកម្មការអឺរ៉ុបពន្លឿនការបង្កើតយុទ្ធសាស្ត្រមួយ ដែលអនុញ្ញាតឱ្យទីក្រុងប្រ៊ុចសែលកាត់ផ្តាច់ចិនចេញពីទីផ្សារអឺរ៉ុបក្នុងរយៈពេល ២៤ ម៉ោង។ វិធានការទាំងនោះអាចនឹងធ្វើត្រាប់តាមវិធីសាស្ត្រពន្ធគយមាត្រា ៣០១ របស់អាម៉េរិក។
ឱនភាពពាណិជ្ជកម្ម គឺជាស្ថានភាពដែលទឹកប្រាក់នៃការនាំចូលទំនិញពីបរទេសមានតម្លៃច្រើនជាងទឹកប្រាក់នៃការនាំចេញទំនិញទៅក្រៅប្រទេស ឬការចំណាយច្រើនជាងចំណូលដែលទទួលបាន។
ទោះបីជាអាស៊ានបានវ៉ាដាច់សហភាពអឺរ៉ុបកាលពីឆ្នាំ២០២០ ដើម្បីក្លាយជាដៃគូពាណិជ្ជកម្មទំនិញដ៏ធំបំផុតរបស់ចិនក៏ដោយ ក៏ឱនភាពពាណិជ្ជកម្មរបស់អឺរ៉ុបជាមួយចិននៅតែជាតួលេខធំបំផុតនៅលើពិភពលោក។
លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប ធ្លាប់លើកឡើងនៅក្នុងសុន្ទរកថាស្តីពីស្ថានភាពសហភាពអឺរ៉ុបថា ឱនភាពពាណិជ្ជកម្មទំនិញរបស់អឺរ៉ុបជាមួយចិនបច្ចុប្បន្នមានទំហំរហូតដល់ ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ។
ក្នុងឆ្នាំ២០២៤ ឱនភាពពាណិជ្ជកម្មមានចំនួន ៣០៦ ពាន់លានអឺរ៉ូ ឬប្រហែល ៣៤៧ ពាន់លានដុល្លារ ហើយបានកើនឡើងដល់ ៣៦០ ពាន់លានអឺរ៉ូ ឬប្រហែល ៤០៨ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥។ ឱនភាពនេះត្រូវបានព្យាករណ៍ថា អាចកើនឡើងរហូតដល់ ៤០០ ពាន់លានអឺរ៉ូ ឬប្រហែល ៤៥៣ ពាន់លានដុល្លារ នៅក្នុងឆ្នាំនេះ៕