បរទេស៖ ប្រទេសចិនបានបង្ហាញឆន្ទៈក្នុងការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយឥណ្ឌា និងចូលរួមដោះស្រាយកង្វល់ពាណិជ្ជកម្មរបស់ទីក្រុងញូវដេលី ស្របពេលឱនភាពពាណិជ្ជកម្មរបស់ឥណ្ឌាជាមួយចិនបានកើនលើស ១១២ ពាន់លានដុល្លារក្នុងតួលេខប្រចាំឆ្នាំនាពេលថ្មីៗនេះ។
យោងតាមការចេញផ្សាយរបស់ RT ការបើកកិច្ចសន្ទនាសេដ្ឋកិច្ចឡើងវិញនេះ កើតមានបន្ទាប់ពីនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងប្រធានាធិបតីចិន លោក Xi Jinping បានជួបពិភាក្សាគ្នានៅក្រៅកិច្ចប្រជុំកំពូល BRICS ក្នុងទីក្រុងញូវដេលី។
មេដឹកនាំទាំងពីរបានពិនិត្យឡើងវិញលើទំនាក់ទំនងទ្វេភាគី និងផ្តោតលើការដោះស្រាយបញ្ហាមិនសមមាត្រនៃរចនាសម្ព័ន្ធពាណិជ្ជកម្ម ការពង្រឹងស្ថិរភាពខ្សែច្រវាក់ផ្គត់ផ្គង់ និងការធានាឱ្យមានការចូលទៅកាន់ទីផ្សារដែលមានភាពប្រាកដប្រជា។
បន្ទាប់ពីជំនួបរវាងមេដឹកនាំទាំងពីរ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា លោក Piyush Goyal នៅទីក្រុងញូវដេលី។ ជំនួបនេះជាកិច្ចពិភាក្សាពាណិជ្ជកម្មផ្ទាល់កម្រិតរដ្ឋមន្ត្រីលើកដំបូងរវាងប្រទេសទាំងពីរ បន្ទាប់ពីខកខានអស់រយៈពេលយូរ។
ក្រសួងពាណិជ្ជកម្មឥណ្ឌាបានឱ្យដឹងថា កិច្ចពិភាក្សាដំបូងនេះមានគោលបំណងបង្កើតការយល់ដឹងច្បាស់លាស់អំពីចំណុចខ្វែងគំនិតសេដ្ឋកិច្ចសំខាន់ៗ និងបើកផ្លូវសម្រាប់កិច្ចព្រមព្រៀងបន្តទៀត។
បន្ទាប់ពីកិច្ចសន្ទនាកម្រិតរដ្ឋមន្ត្រី អ្នកនាំពាក្យស្ថានទូតចិន លោកស្រី Yu Jing បានបញ្ជាក់ពីឆន្ទៈរបស់ទីក្រុងបេកាំងក្នុងការអនុវត្តការយល់ស្របដែលសម្រេចបានដោយមេដឹកនាំទាំងពីរ ដោយបញ្ជាក់ថា ចិនត្រៀមខ្លួនដោះស្រាយកង្វល់សេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់គ្នាទៅវិញទៅមក ដោយផ្អែកលើសមភាព និងតុល្យភាព។
កង្វល់សំខាន់មួយរបស់ឥណ្ឌាគឺឱនភាពពាណិជ្ជកម្មដ៏ធំជាមួយចិន។ ការនាំចូលរបស់ឥណ្ឌាពីចិនបានកើនដល់ ១៣១,៦៣ ពាន់លានដុល្លារ ដែលធ្វើឱ្យចិនក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ឥណ្ឌា ដោយទំនិញចិនមានចំណែកប្រមាណ ១៧ ភាគរយនៃការនាំចូលសរុបរបស់ឥណ្ឌា។
ការនាំចូលភាគច្រើនរួមមានវត្ថុធាតុដើម និងសមាសភាគឧស្សាហកម្មសំខាន់ៗ ដូចជា គ្រឿងបន្លាស់អេឡិចត្រូនិក គ្រឿងចក្រធុនធ្ងន់ និងរ៉ែកម្រដែលត្រូវការសម្រាប់ការផលិតក្នុងស្រុក។
នៅផ្នែកនាំចេញ អ្នកនាំចេញឥណ្ឌានៅតែជួបប្រទះឧបសគ្គក្នុងការចូលទៅកាន់ទីផ្សារចិនលើវិស័យសំខាន់ៗ រួមមានផលិតផលឱសថ សេវាកម្មបច្ចេកវិទ្យាព័ត៌មាន សារធាតុគីមីឯកទេស និងទំនិញកសិកម្ម ដោយសាររបាំងមិនមែនពន្ធគយ និងបទប្បញ្ញត្តិផ្សេងៗ។
កិច្ចសន្ទនាសេដ្ឋកិច្ចនេះក៏កើតឡើងក្នុងពេលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងចាប់ផ្តើមមានភាពប្រក្រតីឡើងវិញ បន្ទាប់ពីទំនាក់ទំនងទ្វេភាគីជួបភាពតានតឹងដោយសារជម្លោះព្រំដែនក្នុងឆ្នាំ ២០២០។
នាពេលថ្មីៗនេះ ឥណ្ឌាបានចាប់ផ្តើមធូរស្រាលវិធានការវិនិយោគផ្ទាល់ពីបរទេសសម្រាប់ប្រទេសដែលមានព្រំដែនជាប់គ្នា ដោយអនុញ្ញាតឱ្យមានការវិនិយោគទុនក្នុងកម្រិតកំណត់ និងគ្មានអំណាចត្រួតពិនិត្យលើវិស័យផលិតកម្មសំខាន់ៗ ដូចជាទំនិញដើមទុន និងហេដ្ឋារចនាសម្ព័ន្ធថាមពលព្រះអាទិត្យ។
ប្រទេសទាំងពីរក៏បានសម្រេចស្តារជើងហោះហើរត្រង់ឡើងវិញ និងសម្រួលដល់ការធ្វើដំណើរពាណិជ្ជកម្ម។ មន្ត្រីរដ្ឋាភិបាលទាំងពីរបានបញ្ជាក់ថា ការធ្វើឱ្យពាណិជ្ជកម្មមានស្ថិរភាព និងការដោះស្រាយការពឹងផ្អែកលើខ្សែច្រវាក់ផ្គត់ផ្គង់ ត្រូវដើរទន្ទឹមគ្នាជាមួយការរក្សាស្ថិរភាពព្រំដែន និងការស្វែងរកដំណោះស្រាយដែលភាគីទាំងពីរអាចទទួលយកបានលើបញ្ហាព្រំដែនដែលអូសបន្លាយ៕