គម្រោងផ្លូវលេខ ៥០សេ ប្រវែង ៥៨ គីឡូម៉ែត្រ និងស្ពានឆ្លងទន្លេសាបប្រវែង ៣,៣០០ ម៉ែត្រ ដែលមានតម្លៃប៉ាន់ស្មាន ១៦៤ លានដុល្លារ នឹងតភ្ជាប់សេដ្ឋកិច្ចរវាងខេត្តកំពង់ឆ្នាំង និងកំពង់ធំ ដោយក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ចប់ការសិក្សា និងការវាយតម្លៃបច្ចេកទេសរួចរាល់ ហើយកំពុងរង់ចាំការសម្រេចលើកញ្ចប់ថវិកា។
ថ្លែងក្នុងពិធីសម្ពោធបើកដំណើរការក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ស្ថិតនៅឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា កំពង់ឆ្នាំងកំពុងពង្រីកខ្លួនទៅជាខេត្តដែលមានសក្ដានុពលធំក្នុងវិស័យឧស្សាហកម្ម។
សម្តេចធិបតី បានបន្តថា ក្រៅពីរោងចក្របង្គុំ និងដំឡើងរថយន្តម៉ាក GAC ដែលបានបោះទីតាំងដំណើរការចង្វាក់ផលិតកម្ម ខេត្តនេះនឹងមានកំពង់ផែពហុបំណង មណ្ឌលភស្តុភារ និងស្ពានឆ្លងទន្លេសាបវែងជាងគេនៅកម្ពុជា ដែលនឹងទាញភ្ជាប់សេដ្ឋកិច្ចរវាងខេត្តកំពង់ឆ្នាំង និងកំពង់ធំ។
សម្ដេចធិបតីបានឱ្យដឹងថា គម្រោងតភ្ជាប់រវាងខេត្តទាំងពីរមិនទាន់អនុវត្តបានពេញលេញនៅឡើយទេ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ត្រូវចរចាបន្ថែមជាមួយភាគីចិនលើកញ្ចប់ឥណទាន មុនយកមកអភិវឌ្ឍ។
សម្ដេចធិបតីបានបន្តថា នៅពេលសមិទ្ធផលទាំងនេះលេចឡើង វានឹងទាញយកវិនិយោគិនឱ្យមកបោះទីតាំងរកស៊ីកាន់តែច្រើន ពង្រីកសក្ដានុពលសេដ្ឋកិច្ចក្នុងតំបន់ តាមរយៈការទាញយកមនុស្សធ្វើចរាចរ ឬទៅរស់នៅ និងធ្វើអាជីវកម្ម។
ជុំវិញគម្រោងអភិវឌ្ឍន៍នេះ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានឱ្យដឹងថា ក្រសួងបានបញ្ចប់ការសិក្សា វាយតម្លៃហេតុប៉ះពាល់ និងបច្ចេកទេសសាងសង់រួចរាល់ហើយ ដោយនៅរង់ចាំការសម្រេចពីរាជរដ្ឋាភិបាលលើការទម្លាក់កញ្ចប់ថវិកា ដើម្បីអនុវត្តគម្រោងប៉ុណ្ណោះ។
តាមឯកឧត្តម ផន រឹម តម្លៃប៉ាន់ស្មានលើការកសាងផ្លូវលេខ ៥០សេ ប្រវែង ៥៨ គីឡូម៉ែត្រ ជាមួយនឹងការកសាងស្ពានឆ្លងទន្លេសាបប្រវែង ៣,៣០០ ម៉ែត្រ ត្រូវចំណាយទឹកប្រាក់ ១៦៤ លានដុល្លារ។
ឯកឧត្តម ផន រឹម បានមានប្រសាសន៍ថា៖ «រឿងចរចាឥណទានដល់ណា គឺនៅលើតំណាងរាជរដ្ឋាភិបាល មានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល រីឯយើងនេះជាអ្នកបច្ចេកទេសសាងសង់។ ប៉ុន្តែយើងបានសិក្សា និងដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់រយៈពេល ៣ឆ្នាំ រំកិលថ្មី (២០២៧-២០២៩) ក្រោមក្របខណ្ឌឥណទានសម្បទានពីរដ្ឋាភិបាលចិន»។
លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការយឺតយ៉ាវក្នុងការផ្ដល់ឥណទានលើគម្រោងនេះ អាចដោយសារចិនកំពុងពិចារណាលើគម្រោងអាទិភាពផ្សេងទៀតនៅកម្ពុជា ដូចជាគម្រោងព្រែកជីកហ្វូណនតេជោជាដើម។
លោកបណ្ឌិត គី សិរីវឌ្ឍន៍ បានបន្តថា ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធសាធារណៈរបស់ខ្លួន រាជរដ្ឋាភិបាលកម្ពុជាមិនចង់បោះបង់គម្រោងណាមួយចោលយូរទេ ទើបខំបន្តចរចាជាបន្តបន្ទាប់ ដើម្បីចង់បានលទ្ធផលឆាប់ៗ។
លោកបណ្ឌិតបានបន្ថែមថា គម្រោងនេះជាយន្តការបង្កើនការវិនិយោគសេដ្ឋកិច្ចសាធារណៈ ដើម្បីកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូន ការធ្វើដំណើរ និងពង្រីកសក្ដានុពលសេដ្ឋកិច្ចដ៏ល្អ។
លោកបណ្ឌិត គី សិរីវឌ្ឍន៍ បានពន្យល់ថា ស្ពាន និងផ្លូវដែលក្លាយទៅជាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងធ្វើដំណើរដ៏សំខាន់នេះ មានរាងជារង្វង់ និងអាចតភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗចំនួន៣ គឺរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ។
គម្រោងកសាងស្ពាន និងផ្លូវសេដ្ឋកិច្ចតភ្ជាប់ពីស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង ទៅក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ នឹងប្រើឥណទានសម្បទានពីចិន និងសាងសង់ដោយក្រុមហ៊ុន CRBC ដោយមានក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន របស់ចិន ជាអ្នកត្រួតពិនិត្យ។
ប្រសិនបើផ្លូវ និងស្ពាននេះត្រូវបានតភ្ជាប់ ចម្ងាយផ្លូវពីកំពង់ឆ្នាំងទៅក្រុងស្ទឹងសែន ដែលធ្លាប់មានចម្ងាយរហូតដល់ជាង ១០០ គីឡូម៉ែត្រ នឹងកាត់បន្ថយមកត្រឹម ៥៨ គីឡូម៉ែត្រប៉ុណ្ណោះ៕
អត្ថបទ៖ ជិន សុភ័ក្រ្ត