ភ្នំពេញ៖ មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្រជាពលរដ្ឋ និងអតិថិជនដោះស្រាយវិវាទក្នុងការប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុ ខណៈវិវាទដែលស្ថិតក្រោមសមត្ថកិច្ចរបស់មជ្ឈមណ្ឌល អាចសម្របសម្រួលដោះស្រាយបានជោគជ័យលើស ៩០ភាគរយ។
លោក ហេង កូយ នាយកប្រតិបត្តិ FCPC បានប្រាប់ AMS នារសៀលថ្ងៃទី២ ខែវិច្ឆិកា ថា មជ្ឈមណ្ឌលបានដាក់ដំណើរការសាកល្បងនៅដើមខែវិច្ឆិកានេះ។ ការបង្កើតមជ្ឈមណ្ឌលនេះ គឺជាការប្តេជ្ញាចិត្តបន្ថែមរបស់វិស័យធនាគារ និងហិរញ្ញវត្ថុ ក្នុងការពង្រឹងយន្តការការពារអ្នកប្រើប្រាស់ និងលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា ទោះបីជាគ្រឹះស្ថានធនាគារនីមួយៗ និងអាជ្ញាធរអាណាព្យាបាលមានយន្តការការពារ និងដោះស្រាយវិវាទជូនអតិថិជនរួចហើយក្តី ប៉ុន្តែវត្តមានរបស់ FCPC នឹងជួយបំពេញបន្ថែម និងពង្រឹងប្រសិទ្ធភាពនៃការសម្របសម្រួលដោះស្រាយបញ្ហាប្រឈមរបស់អតិថិជនឱ្យកាន់តែប្រសើរឡើង។
យោងតាមលោក ហេង កូយ នីតិវិធីរបស់មជ្ឈមណ្ឌលត្រូវបានរៀបចំឱ្យមានភាពសាមញ្ញ និងមិនស្មុគស្មាញ។ ក្នុងករណីអតិថិជនគ្រាន់តែត្រូវការការបំភ្លឺ ឬប្រឹក្សាយោបល់ ពួកគេអាចទទួលបានការណែនាំពីក្រុមការងារ ដោយមិនចាំបាច់ដាក់ពាក្យបណ្តឹង ឬបំពេញទម្រង់បែបបទឡើយ។ សេវាប្រឹក្សាយោបល់ និងសម្របសម្រួលដោះស្រាយវិវាទទាំងអស់ គឺមិនគិតកម្រៃពីអតិថិជននោះទេ។
សម្រាប់ដំណើរការដោះស្រាយវិវាទ FCPC នឹងពិភាក្សា និងប្រមូលភស្តុតាងដាច់ដោយឡែកពីអតិថិជន និងគ្រឹះស្ថានធនាគារ ដើម្បីស្វែងរកចំណុចរួម និងដំណោះស្រាយសមស្រប ដោយមិនចាំបាច់ឱ្យភាគីទាំងពីរធ្វើដំណើរមកជួបគ្នាផ្ទាល់នោះទេ។ ក្នុងករណីបញ្ហាមានភាពស្មុគស្មាញ ឬមិនអាចឈានដល់ការឯកភាពគ្នា ទើបមជ្ឈមណ្ឌលអញ្ជើញភាគីទាំងពីរមកជួបពិភាក្សាដោយផ្ទាល់។
លោកបានឱ្យដឹងថា ជាគោលការណ៍ មជ្ឈមណ្ឌលចំណាយពេលប្រហែលមួយខែសម្រាប់ដំណើរការដោះស្រាយករណីនីមួយៗ។ ប្រសិនបើត្រូវការពេលវេលាបន្ថែម FCPC នឹងជម្រាបជូនអ្នកដាក់ពាក្យបណ្តឹង និងបន្តនីតិវិធី ប្រសិនបើទទួលបានការយល់ព្រម។
ក្នុងដំណាក់កាលសាកល្បងរយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ FCPC បានទទួលការហៅទូរសព្ទសរុប ២,៥៨៩ ដង ក្នុងនោះមានបណ្តឹង ៦៤ ករណី ការសាកសួរ និងប្រឹក្សាផ្នែកហិរញ្ញវត្ថុ ២៥០ ករណី និងការសាកសួរព័ត៌មានអំពីធនាគារ ២,២៧៥ ដង។
ចំពោះការសាកសួរអំពីភាពស្របច្បាប់របស់គ្រឹះស្ថានធនាគារជាង ២,០០០ ករណី ក្រុមការងារបានឆ្លើយតប និងដោះស្រាយបញ្ចប់ភ្លាមៗ ប្រសិនបើអតិថិជនពេញចិត្ត។ ចំណែកករណីជាង ២០០ ដែលពាក់ព័ន្ធនឹងបញ្ហាប្រឈមក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ ត្រូវការឯកសារបន្ថែមសម្រាប់ការសិក្សា និងផ្ទៀងផ្ទាត់ ហើយត្រូវបានដោះស្រាយដោយជោគជ័យស្ទើរតែ ១០០ភាគរយ។
ដោយឡែក ក្នុងចំណោមវិវាទជាង ៦០ ករណីដែលទទួលបានសិទ្ធិសម្របសម្រួល FCPC កំពុងគ្រប់គ្រងដោះស្រាយទាំងអស់ ដោយបច្ចុប្បន្នជាង ៦០ភាគរយត្រូវបានដោះស្រាយ និងប្រមាណជាង ២០ភាគរយទៀតកំពុងស្ថិតក្នុងដំណើរការនីតិវិធី។ ផ្អែកលើបទពិសោធន៍កន្លងមក វិវាទដែលស្ថិតក្រោមសមត្ថកិច្ចរបស់មជ្ឈមណ្ឌល អាចសម្របសម្រួលដោះស្រាយបានជោគជ័យលើស ៩០ភាគរយ។
ប្រជាពលរដ្ឋ និងអតិថិជនដែលមានចម្ងល់ ត្រូវការប្រឹក្សាយោបល់ ឬចង់ដាក់ពាក្យបណ្តឹងសម្របសម្រួលវិវាទ អាចទាក់ទង FCPC តាមរយៈខ្សែទូរសព្ទជំនួយលេខ ០១៥ ៣៦៥ ២២២ ទំព័រហ្វេសប៊ុកផ្លូវការ «មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ FCPC» ឬគណនីតេឡេក្រាម @FCPCHOTLINE។ អតិថិជនក៏អាចទៅកាន់ការិយាល័យមជ្ឈមណ្ឌលនៅជាន់ទី៦ អគារ LH Aroma ផ្ទះលេខ២២ ផ្លូវ២៤២ កែងផ្លូវ១០៧ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សម្រាប់ជំហានបន្ទាប់ FCPC នឹងសហការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អង្គការ និងកម្មវិធីអភិវឌ្ឍន៍ ព្រមទាំងស្ថាប័នរដ្ឋ ដើម្បីផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការការពារអ្នកប្រើប្រាស់ឱ្យបានទូលំទូលាយ។ ការផ្សព្វផ្សាយនេះនឹងផ្តោតលើការបញ្ជ្រាបចំណេះដឹងដល់ប្រជាពលរដ្ឋ កម្មករ-កម្មការិនី និងប្រជាជននៅតំបន់ដាច់ស្រយាល ដើម្បីបង្កើនការយល់ដឹងអំពីសិទ្ធិអ្នកប្រើប្រាស់ និងប្រព័ន្ធដោះស្រាយវិវាទក្នុងវិស័យហិរញ្ញវត្ថុ៕