ភ្នំពេញ ៖ ធនាគារឌីជីថល (Digital Banking) សំដៅដល់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងសេវាកម្មជាមួយធនាគារក្នុងទម្រង់ឌីជីថល ដោយជំនួសនូវការធ្វើប្រតិបត្តិការតាមបែបប្រពៃណី ដែលតម្រូវឱ្យអតិថិជនធ្វើដំណើរទៅធនាគារ។
យោងតាមការសិក្សារបស់មជ្ឈមណ្ឌលកម្ពុជា ៤.០ បានឱ្យដឹងថា ធនាគារឌីជីថលប្រើប្រាស់ថ្នាលឌីជីថល និងបច្ចេកវិទ្យាឌីជីថល រួមមានកម្មវិធីក្នុងទូរស័ព្ទដៃ កុំព្យូទ័រ និងការប្រើប្រាស់ទូម៉ាស៊ីន ATM សម្រាប់ធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងទទួលបានសេវាកម្មក្នុងទម្រង់ឌីជីថល ដូចជា ការទាញយករបាយការណ៍ធនាគារ ការដកសាច់ប្រាក់ ការផ្ទេរប្រាក់ ការគ្រប់គ្រងគណនី ការបើកគណនីប្រាក់បញ្ញើ ការគ្រប់គ្រងប្រាក់កម្ចី ការទូទាត់វិក្កយបត្រ ការស្នើសុំកាតនិម្មិត និងការត្រួតពិនិត្យគណនីជាដើម។
ការវិវត្តនៃបច្ចេកវិទ្យាក្នុងវិស័យធនាគារ
នៅឆ្នាំ ១៩៦០ លោក Luther George Simjian បានបង្កើត “ម៉ាស៊ីន ដាក់ប្រាក់ដោយស្វ័យប្រវត្តិ” (Automated Deposit Machine) ដែលមានមុខងារសម្រាប់តែការដាក់ប្រាក់ប៉ុណ្ណោះ។ បន្ទាប់មកក្នុងឆ្នាំ ១៩៦៧ យើងឃើញមានការចាប់ផ្ដើមនៃការវិវត្តរបស់ធនាគារឌីជីថលតាមរយៈការដាក់ឱ្យប្រើប្រាស់ទូម៉ាស៊ីន ATM (Automated Teller Machine) ជាលើកដំបូង នៅទីក្រុងឡុងដ៍ (London) ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើប្រតិបត្តិការដកសាច់ប្រាក់ ២៤ ម៉ោង/ថ្ងៃ។
ក្នុងអំឡុងឆ្នាំ១៩៧០ ចំនួនទូ ATM សរុបក្នុងពិភពលោកកើនឡើងរហូតដល់ ១ ម៉ឺនទីតាំង។ ខណៈពេលនោះ លេខអត្តសញ្ញាណផ្ទាល់ខ្លួន (PIN) ត្រូវបានបង្កើតឡើងដោយវិស្វករជនជាតិអង់គ្លេស James Goodfellow ដែល អនុញ្ញាតឱ្យអតិថិជនអាចធ្វើការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ (authenticated), មានសុវត្ថិភាពខ្ពស់ និងគ្មានអន្តរកម្មរវាងអ្នកប្រើប្រាស់ជាមួយនឹងបុគ្គលិកធនាគារ។
ក្នុងចន្លោះឆ្នាំ ១៩៨០-១៩៨៩ ចំនួនទូ ATM ដែលបានដំឡើងកើនឡើងដល់ប្រមាណជាង ១០ ម៉ឺនទីតាំងនៅទូទាំងពិភពលោក។ ការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនទូ ATM បានធ្វើឱ្យធនាគារក្នុងពិភពលោកមើលឃើញពីសក្តានុពលនៃបច្ចេកវិទ្យានេះ។ ក្នុងអំឡុងពេលនោះគេឃើញមានការដាក់ឱ្យប្រើប្រាស់ទូ ATM ដែលអនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការធនាគារពីកៅអីរថយន្តរបស់ពួកគេ (Drive-up ATM) ដោយពុំចាំបាច់ចំណាយពេលឈរចាំ ដើម្បីធ្វើប្រតិបត្តិការធនាគារ។
ក្នុងឆ្នាំ ១៩៨១ សេវាធនាគារតាមផ្ទះដំបូងគេ (Home Banking) បានសាកល្បងដាក់ឱ្យប្រើប្រាស់ក្នុងទីក្រុងញូវយ៉ក។ សេវាធនាគារតាមផ្ទះគឺជាការធ្វើប្រតិបត្តិការធនាគារចេញពីផ្ទះ ជំនួសឱ្យការធ្វើប្រតិបត្តិការនៅតាមសាខាធនាគារ រួមទាំងការធ្វើប្រតិបត្តិការសេវាធនាគារតាមអ៊ីនធឺណិត, សេវាធនាគារតាមទូរស័ព្ទ និងធនាគារតាមប្រៃសណីយ៍ពីចម្ងាយ ដោយប្រើប្រាស់បច្ចេកវិទ្យាប្រព័ន្ធអត្ថបទវីដេអូ (Video Texts System)។
ក្នុងឆ្នាំ ១៩៨៣ Nottingham Building Society (NBS) បានដាក់ឱ្យប្រើប្រាស់នូវសេវាកម្ម “Homelink” ដំបូងគេបង្អស់នៅក្នុងចក្រភពអង់គ្លេស ដែលអាចផ្តល់សេវាធនាគារតាមអ៊ីនធឺណិត (Internet Banking)។ អតិថិជនអាចផ្ញើប្រាក់, ផ្ទេរប្រាក់, បង់វិក័យបត្រ និងទទួលបានព័ត៌មាន រាល់ពេលមានប្រតិបត្តិការដោយការតភ្ជាប់ប្រព័ន្ធ Homelink ជាមួយទូរស័ព្ទ និងទូរទស្សន៍។
ក្នុងឆ្នាំ ១៩៩៤ គេហទំព័រដំបូងគេបំផុតសម្រាប់ផ្តល់នូវសេវាធនាគារបានបើកដំណើរការដោយ Stanford Credit Union ដែលអនុញ្ញាតឱ្យអតិថិជនអាចចូលប្រើមុខងារធនាគារ តាមរយៈ World Wide Web ដែលត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រនៃការវិវត្តក្នុងវិស័យធនាគារឌីជីថល។ នៅឆ្នាំ ១៩៩៥ Presidential Bank គឺជាធនាគារដំបូងគេរបស់សហរដ្ឋអាមេរិកដែលផ្តល់លទ្ធភាពដល់អតិថិជនរបស់ខ្លួនអាចបើកគណនីធនាគារតាមប្រព័ន្ធអ៊ីនធឺណិត។
ឆ្នាំ ១៩៩៦ ធនាគារអ៊ីនធឺណិត (Internet Only Bank) ដែលមានឈ្មោះថា Netbank ត្រូវបានបង្កើតឡើង ដោយផ្តល់នូវសេវាធនាគារតាមប្រព័ន្ធអនឡាញទាំងស្រុង ហើយមិនមានទីតាំងជាក់លាក់នោះទេ។
ការរីកចម្រើនយ៉ាងគំហុកនៃប្រព័ន្ធអ៊ីនធឺណិតនៅដើមទសវត្សរ៍ឆ្នាំ២០០០ បានជំរុញឱ្យមានការធ្លាក់ចុះនូវការប្រើប្រាស់សេវាធនាគារតាមទូរស័ព្ទ (Telephone Banking) ជំនួសវិញដោយសេវាធនាគារតាមអ៊ីនធឺណិត ដែល ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងកំណើននៃការប្រើប្រាស់។ នៅដើមទសវត្សរ៍ឆ្នាំ២០០០ ចំនួនសរុបនៃទូ ATM បានកើនឡើងរហូតដល់ប្រមាណជាង ១ លានគ្រឿង ដែលបានដំឡើង និងបម្រើសេវាកម្មនៅទូទាំងពិភពលោក។
នៅចន្លោះឆ្នាំ២០០១-២០០៧ ស្មាតហ្វូនដែលអាចប្រើប្រាស់អ៊ីនធឺណិត ត្រូវបានបង្កើតឡើងដែលវាជាមូលដ្ឋានគ្រឹះនៃការចាប់ផ្ដើមនូវសេវាធនាគារចល័ត (Mobile Banking) នៅលើពិភពលោក។
យើងសង្កេតឃើញថា បច្ចេកវិទ្យារបស់ទូ ATM មានការវិវត្តជាលំដាប់ ដែលគិតមកដល់ពេលបច្ចុប្បន្ន អតិថិជនអាចធ្វើប្រតិបត្តិការក្នុងទម្រង់ជាច្រើន ដូចជាការប្រើប្រព័ន្ធស្កែនមុខ, ស្កែនម្រាមដៃ និងការទូទាត់សាច់ប្រាក់ចល័ត ដោយពុំចាំបាច់ប្រើប្រាស់កាតធនាគារ (Cardless)។
នៅក្នុងឆ្នាំ ២០១១ ក្រុមហ៊ុន Google បានបង្កើតកាបូបឌីជីថល ដែលមានឈ្មោះថា Google Wallet ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការទូទាត់ប្រកប ដោយភាពងាយស្រួល និងរហ័សជាងមុន។ អំឡុងពេលនោះ កាបូបឌីជីថលអាចប្រើបានសម្រាប់តែទូរស័ព្ទដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android តែប៉ុណ្ណោះ ហើយក្រោយមក នៅក្នុងឆ្នាំ ២០១៤ ក្រុមហ៊ុន Apple ក៏បានដាក់ឱ្យប្រើប្រាស់កាបូបឌីជីថល ដែលត្រូវបានគេស្គាល់ថាជា Apple Pay។
ការអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការ Android និង iOS ក៏ដូចជាការមកដល់នៃបច្ចេកវិទ្យា Web ដូចជា CSS3, HTML 5, និង JavaScript បានធ្វើឱ្យមានវត្តមាននូវកម្មវិធីធនាគារចល័តក្នុងទូរស័ព្ទ (Mobile Banking App)។ នៅក្នុងឆ្នាំ២០១១ Bank of Scotland បានដាក់ឱ្យដំណើរការកម្មវិធីធនាគារដែលមានមុខងារពេញលេញដំបូងគេលើសកលលោកដោយឥតគិតថ្លៃ និងអាចប្រើបានសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS និង Android។
សន្ទុះនៃការកើនឡើងនៃចំនួនអ្នកប្រើប្រាស់ស្មាតហ្វូនបានរួមចំណែកយ៉ាងខ្លាំងដល់ភាពពេញនិយមនៃការប្រើប្រាស់នូវបច្ចេកវិទ្យា QR Code ក្នុងការផ្ទេរ និងទូទាត់សាច់ប្រាក់, ការធ្វើប្រតិបត្តិការធនាគារតាមអនឡាញ និង ការបង់វិក្កយបត្រតាមអនឡាញជាដើម៕