ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ឆ្នាំ២០២៦កន្លងទៅនេះ យ៉ាងហោចណាស់មានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន៧ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញវិញ្ញាបនបត្រចុះបញ្ជីវិនិយោគជាផ្លូវការ ដោយមានដើមទុនវិនិយោគសរុបប្រមាណជាង ៨៣៧លានដុល្លារអាម៉េរិក ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។
យោងតាមរបាយការណ៍បានបង្ហាញថា តំបន់សេដ្ឋកិច្ចពិសេសទាំង៧ ដែលបានអនុម័តចុះបញ្ជីវិនិយោគជាផ្លូវការនេះមានទីតាំងនៅរាជធានីភ្នំពេញចំនួន ២តំបន់ នៅខេត្តកំពង់ស្ពឺ ចំនួន ៣តំបន់ និងនៅខេត្តកំពតចំនួន ២តំបន់ ដោយអាចបង្កើតការងារបានចំនួន ៤២០៣កន្លែង ដល់ប្រជាពលរដ្ឋនៅដំណាក់កាលដំបូង ហើយអាចនឹងបង្កើនការងារជាច្រើនទៀតក្រោយពេលតំបន់សេដ្ឋកិច្ចទាំងនោះដំណើរការពេញលេញ។
តាមការសិក្សារបស់ក្រុមហ៊ុនអចលនទ្រព្យ APS បានបង្ហាញឱ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសកម្ពុជាបានរីកសាយទៅកាន់តាមបណ្ដាខេត្តសក្ដានុពលជាច្រើន ដូចជា ខេត្តតំបន់សមុទ្រ រួមមាន ខេត្តព្រះសីហនុ កោះកុង និងកំពត ហើយក្រៅពីនេះនៅមាន រាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យ ខេត្តក្រចេះ ខេត្តតាកែវ ជាដើម ។ តាមរយៈតំបន់សេដ្ឋកិច្ចពិសេសទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តបានទាក់ទាញគម្រោងវិនិយោគជាច្រើនចូលមកបណ្ដាក់ទុន ព្រោះការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានភាពងាយស្រួល មិនសូវមាននីតិវិធីស្មុគស្មាញដែលធ្វើឱ្យវិនិយោគិនចំណេញពេលវេលា និងអាចដំណើរការវិនិយោគរបស់ខ្លួនបានលឿន ។
អ្នកនាង គឹម គិនកេសា នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិប្រចាំកម្ពុជា APS បានឱ្យដឹងថា វិនិយោគិនដែលមានបំណងវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យឧស្សាហកម្ម ពួកគេមានជម្រើសក្នុងការជ្រើសរើសយកទីតាំងនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ឬក្នុងតំបន់សេដ្ឋកិច្ចពិសេស ។ សម្រាប់ការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ធ្វើឱ្យវិនិយោគិនមានភាពងាយស្រួល មិនស្មុគស្មាញច្រើន ព្រោះតាមតំបន់សេដ្ឋកិច្ចពិសេសនីមួយៗមានហេដ្ឋារចនាសម្ព័ន្ធរួចជាស្រេច ងាយស្រួលប្រតិបត្តិការ និងដឹកជញ្ជូន ។
លោក ចេង វុទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ INVA Realty ក៏បានឱ្យដឹងដែរថា ការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស ជាការវិនិយោគដែលមានសុវត្ថិភាពជាងនៅក្រៅតំបន់ ពីព្រោះក្នុងតំបន់សេដ្ឋកិច្ចពិសេសនីមួយៗមានការយាមកាមត្រឹមត្រូវពីក្រុមសន្តិសុខរបស់តំបន់ ការចេញចូលត្រូវមានការអនុញ្ញាត ដូចដែលបានដឹងថា ឧបករណ៍ក្នុងរោងចក្ រសហគ្រាសនីមួយៗ មានតម្លៃមិនទាបនោះទេ ដូច្នេះហើយ ទើបមួយរយៈចុងក្រោយនេះ មានក្រុមហ៊ុនសហគ្រាសជាច្រើនស្វែងរកទីតាំងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស ហើយក៏ធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាកាន់តែកើនឡើងជាបន្តបន្ទាប់ ។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញឱ្យឃើញថា ក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០២៦ តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាសរុបមានចំនួន ៦៥ តំបន់ ក្នុងនោះ ៣៩ តំបន់ មានសកម្មភាព។ ក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសទាំង៣៩តំបន់នេះ បានទាក់ទាញគម្រោងវិនិយោគសរុបបានចំនួន ១ ១២២ គម្រោង ជាមួយទំហំទឹកប្រាក់សរុបប្រមាណ ១៤,៥៩ពាន់លានដុល្លារអាម៉េរិក ដោយបានបង្កើតការងារសរុបប្រមាណ ២៦ម៉ឺននាក់ ។
តាមរបាយការណ៍ដដែលនេះ ក៏បានបង្ហាញឱ្យឃើញថា ការផលិតទំនិញនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស បានរួមចំណែកដល់ការនាំចេញរបស់កម្ពុជាបានមួយចំនួនធំ ជាក់ស្ដែង ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦នេះ ការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេសមានទឹកប្រាក់សរុបប្រមាណ ៦,២២ពាន់លានដុល្លារអាម៉េរិក ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តជំរុញឱ្យមានការបង្កើតតំបន់សេដ្ឋកិច្ចដោយផ្ដោតលើប្រទេសមួយៗ ឧទាហរណ៍ថា តំបន់សេដ្ឋកិច្ចចិន សម្រាប់ទាក់ទាញវិនិយោគិនចិន, តំបន់សេដ្ឋកិច្ចពិសេសជប៉ុនសម្រាប់ទាក់ទាញវិនិយោគិនជប៉ុនជាដើម ៕