ភ្នំពេញ៖ ផ្សារមូលបត្រកម្ពុជា (CSX) បានកត់សម្គាល់ថា សកម្មភាពជួញដូរភាគហ៊ុនកើនឡើងខ្លាំង ខណៈក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ២៨ បានកៀរគរទុនប្រមាណ ៧២០ លានដុល្លារ តាមរយៈទីផ្សារមូលធនកម្ពុជា គិតត្រឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៦ បរិមាណជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមមានជាង ២៣ ម៉ឺនភាគហ៊ុន កើនឡើងជិត ១៥០ ភាគរយ បើធៀបនឹងឆ្នាំ២០២៥ ខណៈទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមមានប្រមាណ ៣០ ម៉ឺនដុល្លារ។
តួលេខនេះត្រូវបានបង្ហាញដោយ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា ក្នុងពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី កាលពីថ្ងៃទី១០ ខែកញ្ញា នៅអគារផ្សារមូលបត្រកម្ពុជា។
សម្រាប់ខែសីហា កន្លងទៅ បរិមាណជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមបានកើនឡើងគំហុកដល់ជាង ៥៨ ម៉ឺនភាគហ៊ុនក្នុងមួយថ្ងៃ ខណៈទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមមានប្រមាណ ៨០ ម៉ឺនដុល្លារ។
ជាមួយគ្នានេះ ចំនួនគណនីជួញដូរនៅផ្សារមូលបត្រកម្ពុជាបានកើនឡើងដល់ប្រមាណ ៨២,០០០ គណនី ដែលបង្ហាញពីការកើនឡើងនៃការចូលរួមក្នុងទីផ្សារមូលធន។
តាមការបញ្ជាក់របស់ឯកឧត្តម ហុង សុហួរ ក្នុងចំណោមក្រុមហ៊ុនចុះបញ្ជីទាំង ២៨ មានក្រុមហ៊ុនចំនួន ១២ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុនចំនួន ១៦ បានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម។
ការបង្ហាញពីកំណើននៃទីផ្សារមូលធននេះ ធ្វើឡើងស្របពេលដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC បានវិលមកកៀរគរទុនតាមរយៈផ្សារមូលបត្រកម្ពុជា ជាលើកទី២ ដោយបោះផ្សាយ និងចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពក្នុងទំហំ ២០ លានដុល្លារ មានអត្រាការប្រាក់ ៥,៧៥ ភាគរយ សម្រាប់រយៈពេល ៥ ឆ្នាំ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា បានសម្តែងការអបអរសាទរចំពោះ LOLC ដែលសម្រេចបានការបោះផ្សាយ និងចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពមានបុគ្គលធានា។
ឯកឧត្តម បានគូសរំលេចថា LOLC ធ្លាប់បានកៀរគរទុនលើកទី១ ពីផ្សារមូលបត្រកម្ពុជា ក្នុងឆ្នាំ២០១៩ ក្នុងទំហំ ២០ លានដុល្លារ ហើយការបោះផ្សាយលើកនេះជាលើកទី២ ដែលធ្វើឱ្យគ្រឹះស្ថាននេះកៀរគរមូលធនសរុបប្រមាណ ៤០ លានដុល្លារ តាមរយៈទីផ្សារមូលបត្រ។
ឯកឧត្តមបណ្ឌិតសភាចារ្យបានលើកឡើងថា ការចូលរួមក្នុងផ្សារមូលបត្របានបង្ហាញពីតម្លាភាព និងអភិបាលកិច្ចរឹងមាំ ទំនុកចិត្តពីវិនិយោគិន និងការរួមចំណែកក្នុងការអភិវឌ្ឍទីផ្សារមូលធនកម្ពុជា។
ឯកឧត្តម បានបញ្ជាក់ថា ការអនុញ្ញាតឱ្យចុះបញ្ជីជាផ្លូវការពីនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា បានបញ្ជាក់ពីការអនុលោមតាមច្បាប់ ស្តង់ដារបាយការណ៍ហិរញ្ញវត្ថុ និងស្ថិរភាពប្រតិបត្តិការរបស់ក្រុមហ៊ុនបោះផ្សាយ។ ការគាំទ្រពីវិនិយោគិនជាតិ និងអន្តរជាតិ ក៏បង្ហាញពីជំនឿទុកចិត្តលើចក្ខុវិស័យ និងនិរន្តរភាពនៃការរីកចម្រើនរបស់ក្រុមហ៊ុនបោះផ្សាយ។
ដោយឡែក លោក សុខ វឿន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) បានមានប្រសាសន៍ថា សញ្ញាបណ្ណចីរភាពនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលមូលនិធិរយៈពេលវែង សម្រាប់គាំទ្រគម្រោង និងសកម្មភាពដែលផ្តល់ប្រយោជន៍ជាក់ស្តែងដល់បរិស្ថាន និងសង្គម។
លោកបានបញ្ជាក់ថា មូលនិធិដែលទទួលបានពីការបោះផ្សាយសញ្ញាបណ្ណចីរភាពនេះ នឹងត្រូវប្រើប្រាស់សម្រាប់ផ្តល់ហិរញ្ញប្បទានដល់គម្រោងដែលគាំទ្រផ្នែកបរិស្ថានប្រមាណ ២០ ភាគរយ និងផ្នែកសង្គមប្រមាណ ៨០ ភាគរយ។
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានមានប្រសាសន៍ថា សមិទ្ធផលនេះក៏កើតចេញពីការរួមចំណែករបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលបានធ្វើជាបុគ្គលធានាមូលបត្របំណុលរបស់ LOLC។
ឯកឧត្តម បានបញ្ជាក់ថា ការផ្តល់ការលើកកម្ពស់ឥណទានតាមរយៈការធានានេះ បានដើរតួនាទីជាខែលការពារហានិភ័យ ក្នុងការកាត់បន្ថយផលប៉ះពាល់ពីឥណទានមិនដំណើរការ ដែលអាចប៉ះពាល់ដល់លទ្ធភាពរបស់គ្រឹះស្ថានក្នុងការទូទាត់សងប្រាក់ដើម និងការប្រាក់ជូនវិនិយោគិន។
ឯកឧត្តម បានបន្ថែមថា ការចូលរួមធានាមូលបត្របំណុលពី CGCC មិនត្រឹមតែជួយកសាង និងបង្កើនទំនុកចិត្តដល់វិនិយោគិនសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជំហានសំខាន់ក្នុងការលើកកម្ពស់កម្រិតឥណទានទីផ្សារ និងសម្រាប់ទីផ្សារមូលធនកម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានមានប្រសាសន៍បន្ថែមថា ការចូលរួមរបស់វិស័យឯកជន ជាពិសេសសហគ្រាសក្នុងស្រុក និងគ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងផ្សារមូលបត្រកម្ពុជា បានរួមចំណែកដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងវិស័យហិរញ្ញវត្ថុ និងការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា ដើម្បីឈានទៅជាជន្ទល់នៃកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
ឯកឧត្តម បានលើកទឹកចិត្តដល់សហគ្រិនទាំងអស់ឱ្យគិតគូរ និងផ្សារភ្ជាប់អាជីវកម្មរបស់ខ្លួនទៅនឹងការរីកលូតលាស់នៃផ្សារមូលបត្រកម្ពុជា ជាពិសេសការទាញយកអត្ថប្រយោជន៍ពីការកៀរគរទុនជាសាធារណៈ និងការធ្វើពិពិធកម្មប្រភពទុនតាមរយៈផ្សារមូលបត្រ ដើម្បីជំរុញឱ្យការប្រកបអាជីវកម្មបានរលូន និងរីកចម្រើនប្រកបដោយចីរភាព៕