បរទេស៖ អារ៉ាប៊ីសាអ៊ូឌីត បានសម្រេចកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលសិង្ហបុរី ដើម្បីស្តុកទុកប្រេងឆៅនៅក្នុងរូងថ្មក្រោមដីរបស់ប្រទេសសិង្ហបុរី ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពផ្គត់ផ្គង់ប្រេងទៅកាន់ទីផ្សារអាស៊ី ចំពេលវិស័យថាមពលរបស់ខ្លួនកំពុងប្រឈមនឹងការរំខានដោយសារជម្លោះក្នុងតំបន់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
កិច្ចព្រមព្រៀងនេះ កើតឡើងបន្ទាប់ពីក្រុម Houthi នៅយេម៉ែន បានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបស់អារ៉ាប៊ីសាអ៊ូឌីតកាលពីចុងសប្តាហ៍មុន រួមទាំងទីតាំងបូម និងកែច្នៃប្រេង ដែលបង្កើនសម្ពាធលើប្រព័ន្ធផ្គត់ផ្គង់ និងនាំចេញប្រេងរបស់ប្រទេសផលិតប្រេងដ៏សំខាន់មួយនេះ។
តាមកិច្ចព្រមព្រៀង ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីត នឹងត្រូវស្តុកទុកនៅរូងថ្មក្រោមដី Jurong ស្ថិតនៅភាគខាងត្បូងប្រទេសសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីតាំងនេះ គ្រោងនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០២៧។ រូងថ្មនេះ មានសមត្ថភាពស្តុកប្រេង និងអង្គធាតុរាវផ្សេងៗបានរហូតដល់ ១,៤៧ លានម៉ែត្រគូប ឬស្មើនឹងប្រមាណ ៩ លានបារ៉ែល។
ជាមួយគ្នានេះ ក្រុមហ៊ុនប្រេងជាតិអារ៉ាប៊ីសាអ៊ូឌីត Saudi Aramco ក៏កំពុងស្វែងរកទីតាំង និងសមត្ថភាពស្តុកប្រេងបន្ថែមនៅក្នុងប្រទេសផ្សេងៗទៀតផងដែរ។ បច្ចុប្បន្ន វិស័យថាមពលរបស់អារ៉ាប៊ីសាអ៊ូឌីត កំពុងប្រឈមនឹងសម្ពាធពីសង្គ្រាមក្នុងតំបន់ឈូងសមុទ្រពែរ្ស ដែលបានរាលដាលដល់សមុទ្រក្រហម ខណៈក្រុម Houthi បានកំណត់គោលដៅវាយប្រហារលើនាវា និងហេដ្ឋារចនាសម្ព័ន្ធរបស់ភាគីសត្រូវនៅតាមទីតាំងដែលអាចទៅដល់។
ការរំខានដល់ការនាំចេញប្រេងបានជំរុញឱ្យក្រុមហ៊ុន Aramco ផ្លាស់ប្តូររបៀបដឹកជញ្ជូនប្រេង ដោយមានការផ្ទេរប្រេងពីនាវាមួយទៅនាវាមួយទៀតនៅឈូងសមុទ្រអូម៉ង់ ភាគខាងកើត និងបញ្ជូននាវាដឹកប្រេងឆ្លងកាត់ព្រែកជីកស៊ុយអេនៅភាគខាងលិច។
លោក Tan See Leng រដ្ឋមន្ត្រីក្រសួងថាមពលសិង្ហបុរី បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនៅអាស៊ីអាគ្នេយ៍ ព្រមទាំងរួមចំណែកដល់សន្តិសុខថាមពល និងសមត្ថភាពត្រៀមខ្លួនរបស់សិង្ហបុរី ក្នុងករណីមានការរំខានដល់ការផ្គត់ផ្គង់។
ចំណែកព្រះអង្គម្ចាស់ Abdulaziz bin Salman រដ្ឋមន្ត្រីក្រសួងថាមពលអារ៉ាប៊ីសាអ៊ូឌីត បានលើកឡើងថា ការនាំយកការផ្គត់ផ្គង់ប្រេងឱ្យកាន់តែខិតជិតទីផ្សារអាស៊ី នឹងជួយបង្កើនភាពបត់បែននៃបណ្តាញផ្គត់ផ្គង់ ពង្រឹងសន្តិសុខថាមពល និងគាំទ្រដល់ការត្រៀមលក្ខណៈរបស់សិង្ហបុរី។
កិច្ចសហប្រតិបត្តិការនេះមានសារៈសំខាន់ចំពោះអារ៉ាប៊ីសាអ៊ូឌីត និងក្រុមហ៊ុន Aramco ដោយសារទីផ្សារអាស៊ី គឺជាទីផ្សារដ៏សំខាន់សម្រាប់ការលក់ប្រេងរបស់ក្រុមហ៊ុន និងប្រទេសផលិតប្រេងផ្សេងៗទៀតនៅមជ្ឈិមបូព៌ា ខណៈតំបន់អាស៊ីក៏ជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងពីការរំខានដល់ការផ្គត់ផ្គង់ប្រេងដែលបណ្តាលមកពីសង្គ្រាមផងដែរ៕