ភ្នំពេញ៖ ការបង្កើនទុនបង្វិលដល់ ២០០ លានដុល្លាររបស់ធនាគារអភិវឌ្ឍន៍ និងកសិកម្ម (ARDB) កំពុងបង្កើនក្តីសង្ឃឹមដល់វិស័យស្រូវអង្ករកម្ពុជា ក្នុងការសម្រេចគោលដៅនាំអង្ករចេញ ១ លានតោនក្នុងមួយឆ្នាំនៅឆ្នាំ២០២៦។
ទុននេះត្រូវបានត្រៀមសម្រាប់ទម្លាក់ទៅកាន់រោងម៉ាស៊ីន ដើម្បីប្រមូលទិញ និងស្តុកស្រូវឱ្យបានទាន់ពេលវេលា ព្រមទាំងជួយរក្សាលំនឹងតម្លៃស្រូវក្នុងរដូវប្រមូលផលឆ្នាំ២០២៦។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា ឡាយ ឈុនហួ បានប្រាប់ AMS នៅថ្ងៃទី១៥ ខែកញ្ញា ថា ការបង្កើនទុនបង្វិលសម្រាប់រោងម៉ាស៊ីន គឺជាសញ្ញាវិជ្ជមានសម្រាប់ផែនការនាំអង្ករចេញ ១លានតោនក្នុងមួយឆ្នាំ។ លោកបញ្ជាក់ថា វិស័យស្រូវអង្ករទាំងមូលត្រូវការទុនបង្វិលប្រមាណពី ៦០០ ទៅ៧០០ លានដុល្លារ។
លោកឧកញ៉ា ឡាយ ឈុនហួ បានឱ្យដឹងថា ទុន ២០០ លានដុល្លាររបស់ ARDB អាចជួយបង្កើនលទ្ធភាពនាំចេញបានពី ២៥ ទៅ៣០ ភាគរយ ហើយវិស័យនេះនៅមានប្រភពទុនសំខាន់ៗចំនួន ៣ ផ្សេងទៀត។
លោក បានថ្លែងដូច្នេះថា៖ “ខ្ញុំមើលឃើញថា ២០០ លានដុល្លារនេះ អាចជួយបង្កើនលទ្ធភាពនាំចេញបាន ២៥ ទៅ៣០ ភាគរយ ហើយយើងនៅមានប្រភពគាំទ្រសំខាន់ៗ ៣ទៀត។ តាមពិតយើងមិនខ្វះស្រូវផលិតនាំចេញឱ្យគ្រប់ ១លានតោនទេ កម្ពុជាយើងផលិតស្រូវបានចន្លោះពី ១៤ ទៅ១៥ លានតោនហើយៗ តែកន្លងមកយើងមានឧបសគ្គខ្លះ ដូចជារឿងទុនសម្រាប់ប្រមូលទិញពេលស្រូវជន់ខ្លាំងចន្លោះពីខែ១១ ទៅខែ១២ បញ្ហារៀបចំឃ្លាំងស្តុកទុក និងឡសម្ងួត ហើយនឹងកត្តាទីផ្សារ”។
លោកបានស្នើឱ្យទុនបង្វិលនេះត្រូវបានទម្លាក់ទៅដល់ម្ចាស់រោងម៉ាស៊ីននីមួយៗនៅចន្លោះខែសីហា ឆ្នាំ២០២៦ ដល់ខែមីនា ឆ្នាំ២០២៧ ដើម្បីឱ្យការប្រើប្រាស់ទុនមានប្រសិទ្ធភាព និងងាយស្រួលក្នុងការចាត់ចែង ដោយអាចដំណើរការស្របគ្នាជាមួយប្រភពទុនបង្វិលសំខាន់ៗចំនួន ៣ ផ្សេងទៀត។
ប្រភពទុនទីមួយ គឺឥណទានពីធនាគារពាណិជ្ជ ដូចជា Maybank, ABA, Chip Mong និង CIMB ជាដើម ដែលម្ចាស់រោងម៉ាស៊ីនអាចដាក់ទ្រព្យធានា ហើយរោងម៉ាស៊ីនមួយចំនួនអាចខ្ចីបានរហូតដល់ ៥ លានដុល្លារ។
ប្រភពទីពីរ គឺទុនពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈគម្រោងធានាឥណទាន និងប្រភពទីបី គឺទុនផ្ទាល់ខ្លួនរបស់ម្ចាស់រោងម៉ាស៊ីន។
បច្ចុប្បន្ន កម្ពុជាមានរោងម៉ាស៊ីនកិនស្រូវស្តង់ដារចំនួន ៦០ ដែលអាចផលិតអង្ករប្រណីតសម្រាប់នាំចេញ។ តាមរយៈរោងម៉ាស៊ីនទាំងនេះ កម្ពុជាបាននាំអង្ករចេញចំនួន ៩៤ ម៉ឺនតោនក្នុងឆ្នាំ២០២៥ ដែលជិតដល់គោលដៅ ១លានតោនក្នុងមួយឆ្នាំ ដែលរាជរដ្ឋាភិបាលបានដាក់ចេញកាលពីឆ្នាំ២០១០។
សហព័ន្ធស្រូវអង្ករកម្ពុជាជឿជាក់ថា ជាមួយពេលវេលានៅសល់ជិត ៤ ខែទៀតក្នុងឆ្នាំ២០២៦ កម្ពុជានឹងមានឱកាសសម្រេចគោលដៅនាំអង្ករចេញ ១ លានតោនក្នុងមួយឆ្នាំ។
ការពង្រីកទីផ្សារអន្តរជាតិក៏ជាកត្តាមួយដែលវិស័យស្រូវអង្ករត្រូវការពង្រឹង។ អ្នកជំនាញក្នុងវិស័យនេះមើលឃើញថា ទីផ្សារអន្តរជាតិរបស់អង្ករកម្ពុជានៅមិនទាន់ទូលំទូលាយនៅឡើយ ប៉ុន្តែក្រសួងពាណិជ្ជកម្មកំពុងអនុវត្តយុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ២០២៥-២០៣០ ដើម្បីបង្កើនភាពប្រកួតប្រជែង និងពង្រីកចំណែកទីផ្សារអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ។
ជាក់ស្តែង កាលពីថ្ងៃទី១៤ ខែកញ្ញា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និមល បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាទិញ-លក់អង្ករកម្ពុជារវាងក្រុមហ៊ុន City Rice Import Export Co., Ltd. និងក្រុមហ៊ុន DILAI Trading Co. Pte. Ltd. សម្រាប់នាំចេញទៅកាន់ប្រទេសហ្វីលីពីន។
កិច្ចសន្យានេះជាផ្នែកមួយនៃការពង្រីកទីផ្សារក្នុងតំបន់អាស៊ី ខណៈទីផ្សារផ្សេងទៀតនៅក្នុងតំបន់ក៏កំពុងដំណើរការ ហើយទីផ្សារអឺរ៉ុបនៅតែជាទីផ្សារធំសម្រាប់អង្ករប្រណីតរបស់កម្ពុជា។
ទិន្នន័យរបស់សហព័ន្ធស្រូវអង្ករកម្ពុជាបង្ហាញថា ក្នុងរយៈពេល ៨ ខែនៃឆ្នាំ២០២៦ កម្ពុជាបាននាំអង្ករចេញចំនួន ៧៩២,២១២ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ ទៅកាន់គោលដៅចំនួន ៦៦។
អង្ករក្រអូបមានចំណែកធំបំផុតក្នុងការនាំចេញ ដោយមាន ៥៧.៩៦ ភាគរយ អមដោយអង្ករសគ្រាប់វែង ២៤.៤០ ភាគរយ អង្ករចំហុយ ១.៩១ ភាគរយ អង្ករសរីរាង្គ ១.២៨ ភាគរយ អង្ករបាក់គ្រប់ប្រភេទ ១៤.២៦ ភាគរយ និងអង្ករផ្សេងៗ ០.១៩ ភាគរយ។
ក្រៅពីការនាំចេញអង្ករ ក្នុងរយៈពេល ៨ ខែដូចគ្នា កម្ពុជាបាននាំចេញស្រូវសើមចំនួន ៣,៣៥៦,៩៦៩ តោន ដែលមានទឹកប្រាក់ប៉ាន់ប្រមាណ ៧៥៣.៤១ លានដុល្លារ៕
អត្ថបទ៖ ជិន សុភ័ក្ដ្រ