ភ្នំពេញ៖ កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រើន រួមមានគ្រឿងសម្អាង អាកាសចរណ៍ និងដឹកជញ្ជូនតាមផ្លូវទឹក ខណៈរោងចក្រវិនិយោគដោយក្រុមហ៊ុនជប៉ុន និងចិន កំពុងត្រៀមដំណើរការនៅខេត្តកំពង់ធំ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែវិច្ឆិកា ថា រោងចក្រចម្រាញ់ប្រេងពីសំបកគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន Mirarth ដែលជាសមាជិកសមាគម នឹងចាប់ផ្ដើមដំណើរការខ្សែសង្វាក់ផលិតកម្មជាផ្លូវការនៅដើមខែធ្នូ ឆ្នាំ២០២៦។
លោកបញ្ជាក់ថា រោងចក្រនេះកំពុងបង្ហើយការដំឡើងម៉ាស៊ីនកែច្នៃបច្ចេកវិទ្យាចុងក្រោយរបស់ជប៉ុន ដែលអាចកាត់បន្ថយដំណាក់កាលចម្រាញ់ពីប្រព័ន្ធធម្មតាចំនួន៥ មកនៅត្រឹម២ដំណាក់កាល ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។
ក្រៅពីរោងចក្ររបស់ក្រុមហ៊ុនជប៉ុននេះ ក៏មានក្រុមហ៊ុនចិនមួយទៀតបានវិនិយោគដំឡើងរោងចក្រកែច្នៃ និងចម្រាញ់ប្រេងពីសំបកគ្រាប់ស្វាយចន្ទីជាលើកដំបូងនៅកម្ពុជាផងដែរ។ យ៉ាងណា រោងចក្រទាំងពីរមិនទាន់បង្ហាញលទ្ធផលផលិតកម្មជោគជ័យនៅឡើយទេ ដោយគ្រោងចាប់ផ្ដើមដំណើរការពេញលេញនៅរដូវប្រមូលផលស្វាយចន្ទីឆ្នាំ២០២៧ ចន្លោះពីខែមករាដល់ខែមីនា។
ទិន្នន័យឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្មបង្ហាញថា កម្ពុជាបានកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិចំនួន ២៦,០០០ តោន ដោយបន្សល់ទុកសំបកគ្រាប់ប្រមាណ ២០,០០០ តោន។ បច្ចុប្បន្ន សំបកទាំងនេះមួយចំនួនត្រូវបានលក់ទៅប្រទេសវៀតណាម ក្នុងតម្លៃចន្លោះពី ១៨០ ទៅ ២០០ ដុល្លារក្នុងមួយតោន ខណៈសំបកមួយចំនួនទៀតត្រូវបានកសិករបោះចោល។
លោក អួន ស៊ីឡុត រំពឹងថា នៅពេលរោងចក្រទាំងពីរដំណើរការពេញលេញ សំបកគ្រាប់ស្វាយចន្ទីដែលធ្លាប់ត្រូវបានលក់ទៅក្រៅប្រទេស ឬបោះចោល នឹងអាចបង្វែរមកផ្គត់ផ្គង់ដល់រោងចក្រកែច្នៃក្នុងស្រុកវិញ។ ទោះជាយ៉ាងណា រោងចក្រទាំងពីរមិនទាន់បញ្ជាក់ពីតម្រូវការសំបកគ្រាប់ស្វាយចន្ទីសម្រាប់ដំណើរការផលិតនៅឡើយទេ។
តាមការពន្យល់របស់អ្នកជំនាញជប៉ុន ប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី អាចប្រើប្រាស់ក្នុងវិស័យគ្រឿងសម្អាង ជាប្រេងកាត់បន្ថយសំណឹកហ្វ្រាំងយន្តហោះ និងសម្រាប់លាបបាតទូក ឬកប៉ាល់ធំៗ ដើម្បីការពារសត្វសមុទ្រមិនឱ្យតោងជាប់។ ប្រេងនេះក៏អាចប្រើលាយជាមួយប្រេងម៉ាស៊ូត ដើម្បីបង្កើនបរិមាណប្រេងឥន្ធនៈ និងកាត់បន្ថយថ្លៃទិញប្រេងផងដែរ។
តាមគំរូកែច្នៃ គ្រាប់ស្វាយចន្ទីឆៅ ១០០ គីឡូក្រាម អាចទទួលបានសាច់គ្រាប់ប្រមាណ ២៥ គីឡូក្រាម និងសំបក ៧៥ គីឡូក្រាម។ ក្នុងនោះ សំបក ១០០ គីឡូក្រាមអាចចម្រាញ់បានប្រេង ១៥ គីឡូក្រាម ខណៈសំណល់ ៧៥ គីឡូក្រាមទៀតអាចកែច្នៃទៅជាធ្យូងជីវសាស្ត្រ ដែលមានកម្រិតកាបូនរហូតដល់ ៩០% បើធៀបនឹងធ្យូងពីអង្កាមដែលមានកាបូនប្រមាណ ៥០%។
បច្ចេកវិទ្យាម៉ាស៊ីនស្វ័យប្រវត្តិរបស់ជប៉ុននេះ ក៏ត្រូវបានអ្នកជំនាញអះអាងថា អាចកាត់បន្ថយការបញ្ចេញក្លិនឆួល ផលប៉ះពាល់បរិស្ថាន និងការប្រើប្រាស់ថាមពលអគ្គិសនី។
គិតត្រឹមល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ AMS មិនទាន់អាចទាក់ទងម្ចាស់រោងចក្រទាំងពីរដោយផ្ទាល់ ដើម្បីបញ្ជាក់ពីទំហំទុនវិនិយោគ និងសមត្ថភាពផលិតប្រេងក្នុងមួយថ្ងៃបាននៅឡើយទេ។ លោក អួន ស៊ីឡុត បានបង្ហើបថា រោងចក្រទាំងពីរគ្រោងដំណើរការពេញលេញនៅរដូវប្រមូលផលស្វាយចន្ទីឆ្នាំ២០២៧ ហើយលោកបានគាំទ្រឱ្យមានក្រុមហ៊ុនធំៗបន្ថែមទៀតចូលមកវិនិយោគក្នុងវិស័យកែច្នៃស្វាយចន្ទីនៅកម្ពុជា ដើម្បីជំរុញកម្មវិធីសួនកសិឧស្សាហកម្មរបស់រាជរដ្ឋាភិបាល៕