ក្រចេះ៖ ខេត្តក្រចេះបានដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ ២០២៦-២០៣០ ដោយកំណត់ទិសដៅអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានគុណភាព ទាក់ទាញ និងប្រកួតប្រជែង ស្របពេលខេត្តមានគោលដៅក្លាយជាខេត្តគំរូដែលមានភាពទាក់ទាញនៅក្នុងតំបន់ភូមិភាគឦសាន។
ផែនការនេះត្រូវបានប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងអង្គភាព និងមន្ទីរពាក់ព័ន្ធ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ប្រតិបត្តិករទេសចរណ៍ សហគមន៍ទេសចរណ៍ គ្រឹះស្ថានសិក្សា អ្នកផលិតមាតិកាព័ត៌មាន និងសិក្ខាកាម សរុបប្រមាណ ៣០០នាក់។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម ហួត ហាក់ បានមានប្រសាសន៍ថា ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តក្រចេះឆ្នាំ២០២៦-២០៣០ គឺជាផែនទីបង្ហាញផ្លូវរួម និងជាក្របខ័ណ្ឌសកម្មភាពអនុវត្តជាក់ស្តែង សម្រាប់កៀរគរតួអង្គពាក់ព័ន្ធទាំងអស់ឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍នៅខេត្តក្រចេះឱ្យកាន់តែមានគុណភាព និងបង្កើនភាពទាក់ទាញ។
ឯកឧត្តម រដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំខាងមុខ ខេត្តក្រចេះមានចក្ខុវិស័យក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ និងវប្បធម៌ ព្រមទាំងជាខេត្តគំរូដែលមានភាពទាក់ទាញជាងគេនៅក្នុងតំបន់ភូមិភាគឦសាន។
ឯកឧត្តម បានលើកឡើងថា ខណៈការប្រកួតប្រជែងក្នុងវិស័យទេសចរណ៍ក្នុងតំបន់កាន់តែខ្លាំង និងអាកប្បកិរិយារបស់ភ្ញៀវទេសចរកាន់តែផ្លាស់ប្តូរ ខេត្តត្រូវបន្តបង្កើតផលិតផលទេសចរណ៍ថ្មីៗ កែលម្អ និងពង្រឹងគុណភាពសេវាកម្ម បង្កើនភាពទាក់ទាញ និងពង្រឹងសន្តិសុខ សុវត្ថិភាព ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរជំនាន់ថ្មី និងអាចប្រកួតប្រជែងជាមួយគោលដៅទេសចរណ៍សំខាន់ៗក្នុងតំបន់ និងពិភពលោក។
ជាផ្នែកសំខាន់នៃការអនុវត្តផែនការ លោករដ្ឋមន្ត្រីបានដាក់ចេញអនុសាសន៍ចំនួន៤ រួមមាន ការបន្តច្នៃប្រឌិត និងបង្កើតទីតាំងដែលមានអត្តសញ្ញាណរបស់ខេត្ត ព្រមទាំងពិនិត្យលទ្ធភាពប្រើប្រាស់ទីតាំង ឬលំហសាធារណៈដែលមិនទាន់ត្រូវបានប្រើប្រាស់ពេញលេញ ដើម្បីបង្កើតជាផលិតផល និងបទពិសោធន៍ទេសចរណ៍ថ្មីៗ។
អនុសាសន៍ទី២ គឺការរៀបចំនិទានកថា (Story Telling) នៅតាមទីតាំងទេសចរណ៍ដែលមានសក្ដានុពល ដោយផ្តោតលើប្រវត្តិសាស្ត្រ វប្បធម៌ ស្ថាបត្យកម្ម ជីវភាពរស់នៅ អាហារ និងលក្ខណៈពិសេសរបស់ទីតាំង ដើម្បីផ្តល់បទពិសោធន៍ និងអារម្មណ៍ខុសប្លែកដល់ភ្ញៀវទេសចរ។
អនុសាសន៍ទី៣ គឺការបង្កើត Branding របស់ខេត្តក្រចេះ ដោយផ្តោតលើការកសាងម៉ាកគោលដៅទេសចរណ៍ដែលមានអត្តសញ្ញាណពិសេស និងអាចដក់ជាប់ក្នុងការចងចាំរបស់ភ្ញៀវទេសចរ។ ចំណែកអនុសាសន៍ទី៤ គឺការពិនិត្យលទ្ធភាពបង្កើនសកម្មភាពទេសចរណ៍នាពេលរាត្រី ដើម្បីពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរ។
ក្នុងពិធីនេះដែរ ឯកឧត្តម រដ្ឋមន្ត្រីបានអបអរសាទរសិក្ខាកាមចំនួន ៥១ រូប ដែលបានបញ្ចប់ដោយជោគជ័យនូវវគ្គបណ្ដុះបណ្ដាលសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ វគ្គបណ្ដុះបណ្ដាលជំនាញមគ្គុទេសក៍ទេសចរណ៍ដល់សហគមន៍ទេសចរណ៍កោះទ្រង់ និងវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលលើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងជំនាញគេហកិច្ច។
ឯកឧត្តម បានលើកទឹកចិត្តឱ្យសិក្ខាកាមយកចំណេះដឹង និងជំនាញដែលទទួលបានទៅអនុវត្តនៅតាមមូលដ្ឋានអាជីវកម្ម និងសហគមន៍រៀងៗខ្លួន ដោយប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ ក្រមសីលធម៌ បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងបន្តពង្រឹងសមត្ថភាពជាប្រចាំ ស្របតាមទស្សនទាន «មនុស្សម្នាក់ ជំនាញមួយ សេវាមួយ ស្តង់ដាមួយ»។
ជាមួយគ្នានេះ ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តក្រចេះក៏ត្រូវបានដាក់ចេញក្នុងបរិបទដែលខេត្តកំពុងទទួលបានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការយកចិត្តទុកដាក់លើការអភិវឌ្ឍតំបន់ឦសាន។
ក្នុងឱកាសសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប ៩៨,៤០៥ គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ កាលពីខែសីហា សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រចេះជាខេត្តមួយក្នុងចំណោមខេត្តតំបន់ទិសឦសានទាំង៤ ដែលមានសក្ដានុពលច្រើន។
សម្ដេចបានលើកឡើងពីសក្ដានុពលរបស់ក្រចេះលើតំបន់រាប ផ្ទៃដីសម្រាប់ឧស្សាហកម្ម តំបន់ភ្នំ និងធនធានធម្មជាតិ ព្រមទាំងសក្ដានុពលដែលអាចភ្ជាប់គ្នាជាមួយខេត្តស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ជាពិសេសលើវិស័យទេសចរណ៍។
សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ផងដែរថា ក្រចេះជាតំបន់តភ្ជាប់សំខាន់មួយ ហើយរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជំរុញការអភិវឌ្ឍតំបន់ឦសាន៕