ភ្នំពេញ ៖ ទីផ្សារអចលនទ្រព្យកម្ពុជានាពេលបច្ចុប្បន្ននេះត្រូវបានកត់សម្គាល់ឃើញថា ការផ្គត់ផ្គង់មានច្រើនជាងតម្រូវការ ដែលធ្វើឱ្យអចលនទ្រព្យមួយចំនួននៅទំនេរមិនមានការប្រើប្រាស់ ហើយម្ចាស់ទ្រព្យត្រូវបាត់បង់ប្រាក់ចំណូលពីទ្រព្យនោះ។ ត្រង់ចំណុចនេះ អ្នកជំនាញអចលនទ្រព្យបានណែនាំឱ្យម្ចាស់អចលនទ្រព្យដែលមានទ្រព្យទុកនៅទំនេរ គួរកែប្រែទ្រព្យនោះឱ្យមានសោភ័ណភាព មានសកម្មភាព ដើម្បីអាចរកចំណូលបានខ្លះ និងជួយជំរុញចរន្តសេដ្ឋកិច្ច ទាំងសម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់សង្គមជាតិផងដែរ។
លោក អឿន ធារ៉ា ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Cam Realty បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២៦នេះ អត្រាទំនេរនៃទ្រព្យមួយចំនួន ជាពិសេសអាផាតមិនបានកើនឡើងខ្ពស់ ។ កាលពីមុន អត្រានៃការប្រើប្រាស់អាផាតមិនមានរហូតដល់ ៩០ភាគរយ ប៉ុន្តែឥឡូវនេះ បានធ្លាក់នៅត្រឹមតែ៥០ភាគរយប៉ុណ្ណោះ ។
លោកបន្តថា ការផ្គត់ផ្គង់ក្នុងពេលបច្ចុប្បន្ននេះ បានលើសពីតម្រូវការ តែម្ចាស់អគារមួយចំនួននៅតែអាចរកចំណូលពីទ្រព្យរបស់ខ្លួនបាន ដោយសារតែម្ចាស់អគារមួយចំនួននោះបានផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន និងការកែប្រែទ្រព្យដើម្បីទាក់ទាញអតិថិជន។
លោកថា ៖« អគារអាផាតមិនមួយចំនួននៅតែរកចំណូលបាន ព្រោះអគារនោះមានការគ្រប់គ្រង និងថែទាំបានល្អ ហើយម្ចាស់អគារបើកចិត្តទូលាយយកតម្លៃទីផ្សារជាក់ស្ដែង ។ អ្វីដែលពិសេស ម្ចាស់មានកិច្ចសហការជិតស្និទ្ធជាមួយអ្នកជំនាញ និងភ្នាក់ងារអចលនវត្ថុដែលមានជំនាញច្បាស់លាស់ » ។
លោកបន្តថា ការទុកអគារ ឬអចលនទ្រព្យចោល មិនត្រឹមតែមិនបានចំណូលទេ តែវានឹងធ្វើឱ្យខាតបង់ប្រាក់បន្ថែមទៀត ដោយម្ចាស់អគារត្រូវចំណាយលើថ្លៃការពារ (ថ្លៃសន្តិសុខយាម ) ហើយប្រឈមនឹងហានិភ័យនៃអគ្គិភ័យ ព្រោះតែក្នុងអគារនោះមិនដំណើរការ ។ មួយវិញទៀតនៅពេលអគារមិនដំណើរការ វានឹងធ្វើឱ្យសម្ភារៈបំពាក់ក្នុងអគារនោះឆាប់ខូច និងត្រូវផ្លាស់ប្តូរថ្មីនៅពេលមានអ្នកចូលមកកាន់កាប់ប្រើប្រាស់ និងក្លាយជាបន្ទុករបស់ម្ចាស់អគារ ។
កញ្ញា សុខ ហេងពេជ្រមុនី្ន អ្នកគ្រប់គ្រងផ្នែកសេវាកម្មលក់រាយនៃក្រុមហ៊ុនអចលនទ្រព្យ APS បានឱ្យដឹងថា នៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ការផ្គត់ផ្គង់អគារការិយាល័យនៅក្នុងរាជធានីភ្នំពេញមានការកើនឡើងខ្ពស់ ដោយរំពឹងថាក្នុងពេលឆាប់ៗនេះ នឹងមានអគារការិយាល័យប្រមាណ១០អគារបន្ថែមទៀតចាក់បញ្ចូលក្នុងទីផ្សារ ហើយក្នុងមួយអគារៗ មានទំហំរាប់ម៉ឺនម៉ែត្រការ៉េ ដូច្នេះសរុបទៅអគារការិយាល័យប្រមាណ ៦០ម៉ឺនម៉ែត្រការ៉េ ដែលនឹងមាននៅលើទីផ្សារ ហើយត្រូវការអ្នកជួល ។
កញ្ញាបន្តថា ដើម្បីឱ្យអចលនទ្រព្យទាំងអគារខុនដូ អាផាតមិន និងអគារការិយាល័យ នៅតែអាចប្រើប្រាស់បាន និងកុំឱ្យអគារទាំងនោះនៅទំនេរ ក្រុមការងាររបស់ APS ដែលបានជួបជាមួយនឹងម្ចាស់អគារទាំងនោះ ដោយជំរុញឱ្យមានភាពបត់បែនទៅតាមទីផ្សារ ឧទាហរណ៍ថា អគារដែលធ្លាប់ជួលបានថ្លៃកាលពីមានតម្រូវការខ្ពស់ គួរតែសិក្សា និងពិចារណាបញ្ចុះតម្លៃទាបជាងមុនវិញ ។ មួយវិញទៀត នៅពេលមានភ្ញៀវមករកជួលអគារ ម្ចាស់អគារក៏គួរតែជួយចេញថ្លៃតុបតែងក្នុងអគារ ឬក៏ជួយសម្របសម្រួលឱ្យការតុបតែងក្នុងអគារនោះបានលឿនរហ័ស ធ្វើឱ្យភ្ញៀវឆាប់បានចូលប្រើប្រាស់ ។
គួររម្លឹកថា ក្រៅពីអគារខុនដូ អាផាតមិន និងអគារការិយាល័យ ក៏មានដីធ្លីជាច្រើនទៀតនៅទំនេរមិនប្រើប្រាស់ក្នុងនោះមានទាំងដីនៅក្នុងក្រុង និងនៅតំបន់ជាយក្រុង ។ សម្រាប់ដីដែលមានទីតាំងនៅតំបន់ជាយក្រុង មិនសូវជាបញ្ហាទេ តែដីនៅកណ្ដាលក្រុងបើសិនជាទុកនៅទំនេរនោះនឹងធ្វើឱ្យខាតទាំងពន្ធ និងមិនមានសកម្មភាពជួយដល់សេដ្ឋកិច្ច ។
អ្នកជំនាញជាច្រើនក៏បានលើកជាទស្សនឱ្យម្ចាស់ដីនៅកណ្ដាលក្រុងដែលទំនេរ គួរធ្វើយ៉ាងណាឱ្យដីនោះមានសកម្មភាពអាជីវកម្ម ដូចជារៀបចំធ្វើជាផ្សាររាត្រី ហើយបើសិនជាម្ចាស់ដីមិនសូវមានធនធាន អាចសម្អាតដីឱ្យស្អាត ហើយទុកជួលសម្រាប់រៀបចំព្រឹត្តិការណ៍ពិព័រណ៍ ប្រគុំតន្ត្រី និងសកម្មភាពផ្សេងៗដែលជួយឱ្យរកចំណូលបានពីដីទំនេរនោះ ។ ជាក់ស្ដែងសូម្បីតែដីអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក៏ត្រូវបានរាជរដ្ឋាភិបាលរៀបចំជាទីតាំងសម្រាប់ទាក់ទាញទេសចរ រៀបចំជាទីតាំងសម្រាប់រត់ហាត់ប្រាណនិងកំពុងរៀបចំជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចនៅតំបន់នោះ ក៏ដូចជាតំបន់ជុំវិញផងដែរ៕