ភ្នំពេញ៖ តំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៩ ដែលកំពុងដំណើរការនៅកម្ពុជា បានទាក់ទាញគម្រោងវិនិយោគសរុបចំនួន ១ ១៤៩ គម្រោង ដែលមានទុនវិនិយោគប្រមាណ ១៥ ពាន់លានដុល្លារអាម៉េរិក និងបានបង្កើតឱកាសការងារជិត ២៧ម៉ឺនកន្លែង ខណៈកម្ពុជាកំពុងបន្តពង្រីកតំបន់ឧស្សាហកម្ម ដើម្បីទាក់ទាញការវិនិយោគ និងជំរុញការធ្វើពិពិធកម្មមូលដ្ឋានឧស្សាហកម្ម។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលចេញផ្សាយកាលពីចុងសប្តាហ៍កន្លងទៅ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៦ កម្ពុជាបានអនុម័តគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ៦៥ តំបន់ ក្នុងនោះមាន ៣៩ តំបន់កំពុងដំណើរការ។
ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់សេដ្ឋកិច្ចពិសេសចំនួន២ នៅខេត្តស្វាយរៀងកាលពីសប្តាហ៍មុន ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសត្រូវបានផ្តួចផ្តើមគំនិតឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបានបន្តថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបានប្រែក្លាយដីទំនេរ និងវាលស្រែធំល្វឹងល្វើយទៅជាតំបន់ឧស្សាហកម្ម ដែលកំពុងទាក់ទាញគម្រោងវិនិយោគថ្មីៗជាបន្តបន្ទាប់។ តំបន់ទាំងនេះក៏បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការធ្វើពិពិធកម្មមូលដ្ឋានឧស្សាហកម្ម ពីឧស្សាហកម្មដែលប្រើប្រាស់កម្លាំងពលកម្មច្រើន ទៅជាឧស្សាហកម្មដែលប្រើប្រាស់បច្ចេកវិទ្យា និងមានតម្លៃបន្ថែមខ្ពស់។
លោក អឿន ធារ៉ា នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Cam Realty បានមានប្រសាសន៍ថា ការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសបានជួយសម្រួលនីតិវិធីជាច្រើនដល់វិនិយោគិន ជាពិសេសវិនិយោគិនក្នុងវិស័យឧស្សាហកម្ម។ ដោយសារកត្តានេះ សកម្មភាពវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសមានការកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានជំរុញឱ្យវិនិយោគិនបន្តបោះទុនបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីៗបន្ថែមទៀត។
លោកបានបញ្ជាក់ថា ការបោះទុនវិនិយោគក្នុងវិស័យឧស្សាហកម្មនៅតំបន់សេដ្ឋកិច្ចពិសេសអាចជួយវិនិយោគិនសន្សំពេលវេលា និងកាត់បន្ថយថ្លៃដើមមួយចំនួន ដោយសារតំបន់ទាំងនេះមានហេដ្ឋារចនាសម្ព័ន្ធ និងសេវារដ្ឋបាលស្រាប់។ ដូច្នេះ វិនិយោគិនមិនចាំបាច់ចំណាយបន្ថែមលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំសេវាទាំងនោះដោយខ្លួនឯងឡើយ។ លើសពីនេះ តំបន់សេដ្ឋកិច្ចពិសេសក៏ផ្តល់នូវសុវត្ថិភាពខ្ពស់សម្រាប់ការវិនិយោគផងដែរ។
ចំណែកលោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance Real Estate បានមានប្រសាសន៍ថា ទោះបីជាវិស័យអចលនទ្រព្យផ្នែកផ្សេងៗ ដូចជាខុនដូ និងលំនៅឋាន ហាក់មានសន្ទុះថមថយក៏ដោយ ការវិនិយោគក្នុងវិស័យឧស្សាហកម្មនៅតែបន្តទាក់ទាញទុនវិនិយោគជាបន្តបន្ទាប់។ កត្តានេះបានធ្វើឱ្យដីធ្លីសម្រាប់បម្រើដល់វិស័យឧស្សាហកម្មនៅតែមានតម្រូវការ។
លោកបានបន្តថា កំណើននៃការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសបានជំរុញឱ្យវិនិយោគិនទាំងក្នុងស្រុក និងក្រៅប្រទេស បន្តបោះទុនបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការវិនិយោគក្នុងវិស័យឧស្សាហកម្ម។
ជាក់ស្តែង ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីចំនួន៧បន្ថែមទៀត ដែលមានទុនវិនិយោគសរុបប្រមាណ ៨៣៧លានដុល្លារអាម៉េរិក និងរំពឹងថានឹងបង្កើតឱកាសការងារប្រមាណ ៤ ២០៣កន្លែង។
តំបន់សេដ្ឋកិច្ចពិសេសថ្មីទាំង៧នេះ រួមមាន ៣ តំបន់នៅខេត្តកំពង់ស្ពឺ ២ តំបន់នៅខេត្តកំពត និង ២ តំបន់នៅរាជធានីភ្នំពេញ។ ការអនុម័តគម្រោងថ្មីទាំងនេះបង្ហាញពីការបន្តពង្រីកមូលដ្ឋានឧស្សាហកម្ម និងការទាក់ទាញការវិនិយោគតាមរយៈតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា៕