ខេត្តព្រះសីហនុបានដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ ឆ្នាំ ២០២៦-២០៣០» ដោយកំណត់ទិសដៅពង្រីកសក្តានុពលទេសចរណ៍ និងធុរកិច្ច ដើម្បីអភិវឌ្ឍខេត្តឱ្យក្លាយជាគោលដៅទេសចរណ៍ធុរកិច្ច និងលម្ហែកម្សាន្តកម្រិតអន្តរជាតិ និងជាទីក្រុងសេដ្ឋកិច្ច និងទេសចរណ៍គំរូទី ២ របស់កម្ពុជា។
ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តផែនការនេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១៤ ខែកញ្ញា ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី ប្រតិបត្តិករទេសចរណ៍ សហគមន៍ទេសចរណ៍ គ្រឹះស្ថានសិក្សា និងអ្នកផលិតមាតិកា សរុបប្រមាណ ២៥០នាក់។
ផែនការអភិវឌ្ឍន៍ទេសចរណ៍នេះត្រូវបានកំណត់ជាផែនទីបង្ហាញផ្លូវរួម និងជាក្របខ័ណ្ឌសកម្មភាពសម្រាប់កៀរគរភាគីពាក់ព័ន្ធទាំងអស់ចូលរួមអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ ឱ្យកាន់តែមានគុណភាព និងភាពទាក់ទាញ។
ឯកឧត្តម ហួត ហាក់ បានលើកឡើងថា ខេត្តព្រះសីហនុមានសក្តានុពលទេសចរណ៍ធម្មជាតិដ៏សម្បូរបែប ដោយមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត កោះធំតូច ធនធានធម្មជាតិ ជីវចម្រុះសមុទ្រ និងឧទ្យានជាតិរាម ដែលអំណោយផលដល់ការអភិវឌ្ឍទេសចរណ៍ឆ្នេរ ទេសចរណ៍កោះ អេកូទេសចរណ៍ និងកីឡាទេសចរណ៍លើទឹក។
ក្រៅពីសក្តានុពលធម្មជាតិ ខេត្តព្រះសីហនុមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់សំខាន់ៗ រួមមានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កំពង់ផែសមុទ្រទឹកជ្រៅ និងអាកាសយានដ្ឋានអន្តរជាតិ ព្រមទាំងមូលដ្ឋានអាជីវកម្ម និងសេវាកម្មទេសចរណ៍គ្រប់កម្រិត។ ហេដ្ឋារចនាសម្ព័ន្ធទាំងនេះត្រូវបានចាត់ទុកជាមូលដ្ឋានសម្រាប់អភិវឌ្ឍខេត្តឱ្យក្លាយជាគោលដៅទេសចរណ៍សមុទ្រកម្រិតអន្តរជាតិ ប្រកបដោយគុណភាព សុវត្ថិភាព និងចីរភាព។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះសមិទ្ធផលដែលខេត្តព្រះសីហនុសម្រេចបាននៅកម្រិតជាតិ និងអាស៊ាន ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការកែលម្អសោភណភាពទីក្រុង ឆ្នេរសមុទ្រ និងទីសាធារណៈនានា។
ការរៀបចំទីតាំងកម្សាន្ត និងសំណង់និមិត្តរូប ដូចជា រូបសំណាក «ព្រះថោងតោងស្បៃនាងនាគ» រូបសំណាក «ខ្មែរធ្វើបាន» និងរូបសំណាក «នាគបាញ់ទឹក» ក៏ត្រូវបានលើកឡើងថា បានរួមចំណែកបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ឯកឧត្តម ហួត ហាក់ បានបញ្ជាក់ថា ក្នុងបរិបទដែលការប្រកួតប្រជែងទេសចរណ៍ក្នុងតំបន់កាន់តែខ្លាំង និងអាកប្បកិរិយារបស់ភ្ញៀវទេសចរកាន់តែផ្លាស់ប្តូរ ខេត្តព្រះសីហនុត្រូវបន្តបង្កើតផលិតផលទេសចរណ៍ថ្មីៗ កែលម្អ និងពង្រឹងគុណភាពសេវាកម្ម បង្កើនភាពទាក់ទាញ លើកកម្ពស់ភាពស្អាត និងពង្រឹងសន្តិសុខ សុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍទេសចរណ៍ក៏ត្រូវដើរឱ្យទាន់ការវិវត្តនៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរជំនាន់ថ្មី និងរក្សាភាពប្រកួតប្រជែងរបស់ខេត្តជាមួយគោលដៅទេសចរណ៍សំខាន់ៗក្នុងតំបន់ និងសកលលោក។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា វិស័យទេសចរណ៍មានលក្ខណៈអន្តរវិស័យ និងមានភាពប្រទាក់ក្រឡា ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ក្រសួងទេសចរណ៍បានដាក់ចេញសសរស្តម្ភយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការទាំង៦ ដោយផ្តោតលើការចូលរួមរបស់ក្រសួង-ស្ថាប័ននៅថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជនក្នុងស្រុក និងបរទេស ប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកា Influencers, KOLs និងប្រជាពលរដ្ឋ។
មុនបញ្ចប់ ឯកឧត្តម ហួត ហាក់ បានថ្លែងអំណរគុណដល់អ្នកផលិតមាតិកា Influencers និងយុវជន ដែលបានចូលរួមផ្តិតយករូបភាព និងផ្សព្វផ្សាយពីគោលដៅទេសចរណ៍នានាក្នុងខេត្តព្រះសីហនុ ព្រមទាំងព័ត៌មានវិជ្ជមានអំពីកម្ពុជា ដើម្បីលើកកម្ពស់កិត្តិនាមកម្ពុជាទៅកាន់ពិភពលោក។
ឯកឧត្តមបានលើកឡើងស្របតាមទិសស្លោករបស់មហាគ្រួសារវិស័យទេសចរណ៍ថា «បុគ្គលម្នាក់ៗ គឺជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់»៕