ភ្នំពេញ៖ ទីផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ២៨ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ និងបានប្រមូលទុនតាមរយៈយន្តការទីផ្សារជិតឈានដល់ ១ ពាន់លានដុល្លារ ស្របពេលសកម្មភាពជួញដូរប្រចាំថ្ងៃអាចឡើងដល់ ៤ លានដុល្លារ។
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានឱ្យដឹងថា កំណើននេះជាលទ្ធផលនៃការពង្រឹងទីផ្សារ ការពង្រីក និងធ្វើពិពិធកម្មផលិតផល ព្រមទាំងការដាក់ចេញវិធានការនានា ដើម្បីជំរុញការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា។
ថ្លែងក្នុងវេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ នាពេលថ្មីៗនេះ ឯកឧត្តម ស៊ូ សុជាតិ បានបញ្ជាក់ថា ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ និងជាពិសេសក្នុងរយៈពេល ១ ឆ្នាំចុងក្រោយ កម្ពុជា សម្រេចបានលទ្ធផលជាច្រើនក្នុងការអភិវឌ្ឍទីផ្សារមូលបត្រ តាមរយៈការពង្រឹងទីផ្សារ ការពង្រីកផលិតផល និងពិពិធកម្មទីផ្សារ ព្រមទាំងវិធានការគាំទ្រផ្សេងៗ។
ឯកឧត្តមបានមានប្រសាសន៍ថា៖ «គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦នេះ យើងមានក្រុមហ៊ុនចុះបញ្ជីទាំងអស់ចំនួន ២៨ ដែលចុះបញ្ជីទាំងផ្នែកមូលបត្រកម្មសិទ្ធិ ទាំងផ្នែកមូលបត្របំណុល។ បើគិតជាសាច់ប្រាក់ដែលប្រមូលបានក្នុងយន្តការទីផ្សារ យើងមានការប្រមូលសាច់ប្រាក់ជិតដល់ ១,០០០ លានដុល្លារ»។
តាមរយៈការអនុញ្ញាតរបស់រាជរដ្ឋាភិបាល ន.ម.ក. ក៏បានដាក់ចេញប្រកាសស្តីពីការបោះផ្សាយសញ្ញាបណ្ណឯកជន។ ឯកឧត្តមបានលើកឡើងថា តាមរយៈការបោះផ្សាយសញ្ញាបណ្ណឯកជន ទុនដែលប្រមូលបានពីការបោះផ្សាយនឹងឈានទៅដល់ ១,០០០ លានដុល្លារដូចគ្នា។
ឯកឧត្តម ស៊ូ សុជាតិ បានលើកឡើងថា សមិទ្ធផលទាំងនេះបង្ហាញពីកំណើនរបស់ទីផ្សារមូលបត្រ ដែលកំពុងវិវត្តស្របជាមួយបរិវត្តកម្មបច្ចេកវិទ្យា តាមរយៈការផ្លាស់ប្តូរពីរបៀបប្រតិបត្តិការបែបចាស់មកប្រើប្រាស់ប្រព័ន្ធឌីជីថល ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាព។
សម្រាប់សកម្មភាពជួញដូរ ឯកឧត្តមបានរំលឹកថា កន្លងមកលោកធ្លាប់ប្រមើលមើលថា ត្រូវចំណាយពេល ៣ ទៅ ៥ ឆ្នាំទៀត ទើបការជួញដូរប្រចាំថ្ងៃអាចឈានដល់ ១ លានដុល្លារ។ ប៉ុន្តែបច្ចុប្បន្ន ការជួញដូរមិនសូវធ្លាក់ក្រោម ១ លានដុល្លារនោះទេ ហើយថ្ងៃខ្លះអាចកើនឡើងជិត ២ លានដុល្លារ ឬឈានដល់ ៤ លានដុល្លារ។
ឯកឧត្តមបានទទួលស្គាល់ថា ទីផ្សារមូលបត្រកម្ពុជានៅមានទំហំតូច បើធៀបនឹងទីផ្សារមួយចំនួនក្នុងតំបន់ និងទីផ្សារសកល។ លោកបានលើកឡើងថា ការដឹកនាំតាមក្របខ័ណ្ឌយុទ្ធសាស្ត្រច្បាស់លាស់ ការចូលរួមពីគ្រប់តួអង្គក្នុងវិស័យមូលបត្រ និងការគាំទ្រពីដៃគូអភិវឌ្ឍ បានជួយឱ្យទីផ្សារនេះឈានដល់ដំណាក់កាលថ្មីមួយនៃការអភិវឌ្ឍ។
លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងនាពេលថ្មីៗនេះថា នៅដើមខែកញ្ញា ទំហំជួញដូរនៅផ្សារមូលបត្រមិនទាន់មានការថមថយនោះទេ ប៉ុន្តែនៅតែបន្តកើនឡើង។ លោកបានបន្ថែមថា ការចាប់អារម្មណ៍របស់សាធារណជនក៏កើនឡើង ស្របពេលតម្លៃភាគហ៊ុនមានកំណើនល្អ និងមានវត្តមានក្រុមហ៊ុនថ្មីៗកំពុងសម្រុកចូលមកបន្ថែមក្នុងទីផ្សារ៕