សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការបោះពុម្ព និងដាក់ឱ្យចរាចរក្រដាសប្រាក់ថ្មីប្រភេទ ៥០,០០០រៀល និង ១០០,០០០រៀល មិនមែនដោយសាររាជរដ្ឋាភិបាលខ្វះខាតថវិកានោះទេ ប៉ុន្តែជាការរៀបចំឡើងដើម្បីពង្រឹងសុវត្ថិភាព សោភ័ណភាព និងជំនួសក្រដាសប្រាក់ចាស់ដែលមានអាយុកាលយូរ។
ថ្លែងក្នុងពិធី “សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ” នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតីបានលើកឡើងថា ក្រដាសប្រាក់ដែលមានតម្លៃធំងាយប្រឈមនឹងការក្លែងបន្លំជាងក្រដាសប្រាក់តម្លៃតូច ដូច្នេះការចេញក្រដាសប្រាក់ថ្មីទាំងពីរប្រភេទនេះ បានបន្ថែមបច្ចេកទេស និងចំណុចសុវត្ថិភាពពិសេសមួយចំនួន ដើម្បីធ្វើឱ្យការក្លែងបន្លំកាន់តែលំបាក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «មូលហេតុមួយទៀតនៃការចេញក្រដាសប្រាក់ថ្មី គឺដើម្បីជំនួសក្រដាសប្រាក់ចាស់ដែលខូច និងចាស់។ នៅពេលប្រមូលក្រដាសប្រាក់ចាស់ ធនាគារជាតិនៃកម្ពុជានឹងយកទៅកិនកម្ទេចចោល ហើយបញ្ចេញក្រដាសប្រាក់ថ្មីចូលទៅក្នុងចរាចរវិញ»។
សម្តេចធិបតីបានបង្ហាញថា ត្រឹមខែឧសភា ក្រដាសប្រាក់ចាស់ជិត ៧២,៦ លានសន្លឹកត្រូវបានប្រមូលយកទៅកិនកម្ទេចចោលក្នុងមួយខែ ខណៈខែសីហា មានចំនួនរហូតដល់ ១១៨,៩ លានសន្លឹក ដែលមានតម្លៃជិត ៨៨៨ ពាន់លានរៀល។ សម្រាប់ខែកញ្ញា ក្រដាសប្រាក់ចាស់ដែលប្រមូលយកទៅកិនចោលមានជិត ៩៣ លានសន្លឹក។
សរុបចាប់ពីខែឧសភាដល់ខែកញ្ញា មានក្រដាសប្រាក់ចាស់ប្រមាណ ៤៣៥ លានសន្លឹកត្រូវបានប្រមូលយកទៅកិនកម្ទេចចោល។ សម្តេចធិបតីបានពន្យល់ថា ដំណើរការនេះគឺជាសកម្មភាពបង្វិលចូល និងបង្វិលចេញ ដោយក្រដាសប្រាក់ចាស់ត្រូវបានដកចេញពីចរាចរ ខណៈក្រដាសប្រាក់ថ្មីត្រូវបានបញ្ចេញជំនួសវិញ។
សម្តេចធិបតីបានអះអាងថា ចរន្តសាច់ប្រាក់នៅកម្ពុជានៅតែដំណើរការជាធម្មតា និងបានអំពាវនាវឱ្យប្រជាពលរដ្ឋកុំមានការព្រួយបារម្ភចំពោះការចេញក្រដាសប្រាក់ថ្មី។
សម្តេចនាយករដ្ឋមន្ត្រីក៏បានបដិសេធចំពោះការលើកឡើងថា រាជរដ្ឋាភិបាលអស់លុយ ទើបត្រូវបោះពុម្ពក្រដាសប្រាក់ថ្មី ដោយចាត់ទុកការលើកឡើងបែបនេះថាអាចបង្កការភ័យខ្លាច និងជំរុញឱ្យប្រជាពលរដ្ឋប្រញាប់ដកប្រាក់ពីធនាគារ។ សម្តេចបានបញ្ជាក់ថា ប្រព័ន្ធធនាគារកម្ពុជាកំពុងដំណើរការ ហើយរដ្ឋមិនមានការខ្វះខាតថវិកានោះទេ។
ជាមួយគ្នានេះ សម្តេចធិបតីបានបញ្ជាក់ថា ក្រដាសប្រាក់ ១០០,០០០រៀល ត្រូវបានបោះពុម្ពតាំងពីឆ្នាំ២០១២ ខណៈក្រដាសប្រាក់ ៥០,០០០រៀល ត្រូវបានបោះពុម្ពតាំងពីឆ្នាំ២០១៣។ ដោយសារក្រដាសប្រាក់ទាំងពីរប្រភេទមានអាយុកាលជាង ១០ឆ្នាំ ការកែប្រែ និងកែលម្អចំណុចសុវត្ថិភាពត្រូវបានធ្វើឡើងដើម្បីឱ្យសមស្របនឹងបច្ចេកវិទ្យាបច្ចុប្បន្ន និងកាត់បន្ថយហានិភ័យនៃការក្លែងបន្លំ។
ជាឧទាហរណ៍ សម្តេចធិបតីបានលើកឡើងពីការបើកប្រាក់ខែឌុបជូនមន្ត្រីរាជការក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រួមទាំងប្រាក់ឧបត្ថម្ភបន្ថែម ៥០,០០០រៀល ដែលសម្តេចចាត់ទុកថាជាផ្នែកមួយបង្ហាញថា រាជរដ្ឋាភិបាលមិនមានការខ្វះខាតថវិកាដូចការលើកឡើងមួយចំនួននោះទេ។
ដោយឡែក ធនាគារជាតិនៃកម្ពុជាបានពន្យល់កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ តាមរយៈវីដេអូខ្លីមួយថា ក្រដាសប្រាក់ថ្មីប្រភេទ ៥០,០០០រៀល និង ១០០,០០០រៀល នៅរក្សាការរចនា និងរូបភាពដដែល ប៉ុន្តែបានបន្ថែមចំណុចសុវត្ថិភាព និងសោភ័ណភាពឱ្យកាន់តែប្រសើរ។
ធនាគារជាតិបានបញ្ជាក់ថា ចំណុចសុវត្ថិភាពមួយ គឺរូបព្រះរាជសង្ហាព្រះរាជាណាចក្រកម្ពុជា ត្រូវបានបោះពុម្ពលើបន្ទះហូឡូក្រាម ដើម្បីការពារការបកបន្ទះនេះយកទៅប្រើលើក្រដាសប្រាក់ប្រភេទផ្សេង។
លើសពីនេះ លេខតម្លៃជាអក្សរឡាតាំងត្រូវបានពង្រីកឱ្យធំជាងមុន ដើម្បីជួយឱ្យទេសចរបរទេសងាយស្រួលស្គាល់តម្លៃក្រដាសប្រាក់រៀល។ សម្រាប់ក្រដាសប្រាក់ ១០០,០០០រៀល រូបផ្កាចន្ទត្រូវបានបោះពុម្ពដោយទឹកថ្នាំពិសេស ដែលអាចផ្លាស់ប្តូរពណ៌ពីបៃតងទៅពណ៌ស្វាយខ្ចី នៅពេលអៀងក្រដាសប្រាក់ចុះឡើង។
ធនាគារជាតិបន្ថែមថា ក្រដាសប្រាក់ថ្មីទាំងពីរប្រភេទនៅមានចំណុចសុវត្ថិភាពជាច្រើនទៀត ដែលអាចពិនិត្យឃើញតាមរយៈឧបករណ៍បច្ចេកទេស ដូចជាការប្រើពន្លឺកាំរស្មីពណ៌ស្វាយ ដែលបង្ហាញលក្ខណៈពណ៌ចម្រុះនៅលើក្រដាសប្រាក់៕