ភ្នំពេញ ៖ នៅទីបំផុតផ្លូវជាតិលេខ១០ ដែលតភ្ជាប់ពីខេត្តបាត់ដំបង ដល់ខេត្តកោះកុង ត្រូវបានដាក់សម្ពោធឱ្យដំណើរការជាផ្លូវការនាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២៦នេះ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ផ្លូវជាតិមួយខ្សែនេះ ត្រូវបានសាងសង់ឡើងដើម្បីតភ្ជាប់ប៉ូលសេដ្ឋកិច្ចភាគពាយព្យ និងភាគនិរតីនៃប្រទេសកម្ពុជា ។
ផ្លូវជាតិលេខ១០ ត្រូវបានបើកការដ្ឋានសាងសង់នៅឆ្នាំ២០២០ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ។ ផ្លូវជាតិលេខ១០ មានប្រវែងសរុប១៩៨គីឡូម៉ែត្រកាត់តាម ៣ខេត្ត ចាប់ពីស្រុកសំឡូតខេត្តបាត់ដំបង កាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់ ភ្ជាប់ទៅផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង ដោយប្រើប្រាស់ថវិកាជាង ២៥២លានដុល្លារអាម៉េរិក ដែលក្នុងនោះមានមួយផ្នែកធំបានមកពីឥណទានរបស់រដ្ឋាភិបាលចិន និងមួយផ្នែកទៀតជាថវិការបស់រដ្ឋាភិបាលកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ដើមឡើយ ខេត្តពោធិ៍សាត់ គឺជាតំបន់ដែលមានសង្គ្រាមស៊ីវិល ប៉ុន្តែក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ខេត្តនេះក៏មានភាពរីកចម្រើនឆាប់រហ័ស ជាមួយនឹងសក្ដានុពលខ្ពស់សម្រាប់ទាក់ទាញការវិនិយោគនិងការអភិវឌ្ឍធម្មជាតិ ។ ដោយឡែក ផ្លូវ៥៥ អតីតផ្លូវ៥៦ ជាតំបន់ដែលមានប្រវត្តិប្រយុទ្ធគ្នាខ្លាំងចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ ១៩៩០ ហើយក៏បានប្រែក្លាយទៅជាតំបន់ដែលមានការអភិវឌ្ឍ។
សម្ដេចធិបតីបានបន្ថែមថា សម្រាប់ការសាងសង់ផ្លូវជាតិលេខ១០នេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ដែលជំរុញការតភ្ជាប់តំបន់ភាគពាយព្យ និងតំបន់ឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា ។
ផ្លូវជាតិលេខ១០ ត្រូវបានសាងសង់ជាប្រភេទផ្លូវ DBST High Way Grade 3 និងជាប្រភេទផ្លូវចាក់បេតុង សរសៃដែក ដែលមានគន្លងធ្វើចរាចរណ៍ ២គន្លងទៅមក ។ ជាមួយនឹងការសាងសង់ផ្លូវជាតិលេខ១០នេះ ក៏មានរួមបញ្ចូលការសាងសង់ស្ពានខ្ពស់ជាងគេនៅកម្ពុជា ដែលមានកម្ពស់៩០ម៉ែត្រដោយបានប្រើប្រាស់ថវិកាជាតិជាង២៥លានដុល្លារអាម៉េរិក និងត្រូវបានប្រសិទ្ធនាមថា ស្ពានតេជោសន្តិភាពឫស្សីជ្រុំ ដើម្បីគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតដល់វិរភាពរបស់សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចំពោះការបង្រួបបង្រួមជាតិ និងការដឹកនាំប្រទេសពីបាតដៃទទេរហូតដល់មានការអភិវឌ្ឍលើគ្រប់វិស័យ និងបន្តមានភាពរីកចម្រើនឥតឈប់ឈរទោះក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ ។
សម្ដេចធិបតីបានបញ្ជាក់បន្ថែមថា គម្រោងផ្លូវជាតិលេខ១០ នឹងផ្ដល់ផលចំណេញផ្នែកសេដ្ឋកិច្ចខ្ពស់ តាមរយៈការកាត់បន្ថយពេលវេលា ថ្លៃដឹកជញ្ជូនតាមទិសពាយព្យ និងបង្កើនទេសចរណ៍ និងកាលានុវត្តភាពផ្សេងទៀត ជាក់ស្ដែង គម្រោងផ្លូវជាតិលេខ១០នេះ កាត់បន្ថយការដឹកជញ្ជូនប្រមាណ៣០៦គីឡូម៉ែត្រ បើសិនជាគិតពីខេត្តបាត់ដំបង ទៅខេត្តកោះកុង និងប្រមាណ ២៣០ គីឡូម៉ែត្រ បើសិនគិតពីខេត្តពោធិ៍សាត់ទៅខេត្តកោះកុង និងប្រមាណ៣៧២គីឡូម៉ែត្រ គិតពីខេត្តប៉ៃលិនទៅខេត្តកោះកុង ។
លោកឧកញ៉ា ស៊ិន ចន្ធី អនុប្រធានសមាគមភស្តុភារកម្មកម្ពុជាបានលើកឡើងថា រាល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជាបានជួយសម្រួលដល់ការដឹកជញ្ជូនច្រើន ហើយបានកាត់បន្ថយពេលវេលា និងថ្លៃដើម ។
លោកឧញ៉ាបន្តថា នៅពេលណាដែលថ្លៃដើមក្នុងការដឹកជញ្ជូនចំណាយអស់តិច រាល់ផលិតផលដាក់លក់នៅលើទីផ្សារនឹងត្រូវធ្លាក់ចុះថោកជាងមុន ដែលធ្វើឱ្យអ្នកប្រើប្រាស់ទទួលបានផលចំណេញ ដោយសារតែចំណាយតិចជាងមុន ហើយអាចសន្សំសំថៃថវិកាបានមួយចំនួន។ ដូច្នេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមិនថាផ្លូវថ្នល់ ស្ពាន ឬគម្រោងផ្លូវទឹក នឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាបានមួយចំណែកធំ ៕