ភ្នំពេញ ៖ នៅទីបំផុត ប្រមុខរាជរដ្ឋាភិបាលបានប្រកាសអនុញ្ញាតឱ្យអាជ្ញាធររាជធានីភ្នំពេញ រៀបចំទីតាំងអតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ ជាសួនច្បារសម្រាប់ពលរដ្ឋលំហែ ខណៈអស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណជាង៤លានដុល្លារអាម៉េរិកលើការថែទាំ ។
យោងតាមប្រសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់មន្ទីរពេទ្យហ្លួងម៉ែ កាលពីព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា អតីតព្រលានយន្តអន្តរជាតិ-ភ្នំពេញ អនុញ្ញាតឱ្យរដ្ឋបាលរាជធានីភ្នំពេញ បង្កើតសកម្មភាពផ្សេងៗនៅទីនោះ ដើម្បីអាចរកចំណូលមកផ្គត់ផ្គង់ការចំណាយលើការថែទាំទីតាំង ពីព្រោះក្នុងមួយឆ្នាំ រដ្ឋបានចំណាយប្រមាណ៤លានដុល្លារអាម៉េរិកលើការថែទាំអគារ និងទីលានផ្សេងៗ។
សម្ដេចមានប្រសាសន៍បញ្ជាក់ថា ទីតាំងនេះ អាចអនុញ្ញាតឱ្យរៀបចំ និងប្រើប្រាស់ជាកន្លែងកម្សាន្ត តាំងពិព័រណ៍ផ្សេងៗ ក៏ដូចជាជួលឱ្យក្រុមហ៊ុនឯកជនក្នុងរយៈពេលខ្លី ប៉ុន្តែហាមមិនឱ្យលក់ទីតាំងនោះជាដាច់ខាត ។
សម្ដេចក៏បន្តថា ក្រៅពីអតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ ដែលនឹងត្រូវរៀបចំជាទីតាំងសួរច្បារសម្រាប់ពលរដ្ឋលំហែហើយនោះ នៅតំបន់បឹកតាមោក ក៏ត្រូវរៀបចំជាសួនមួយកន្លែងទៀតសម្រាប់ពលរដ្ឋលំហែផងដែរ ដោយបច្ចុប្បន្ននេះ ទីតាំងបឹងតាមោក បានចាក់បំពេញដីអស់ជាច្រើនលានម៉ែត្រគូបហើយ និងកំពុងដាំដើមឈើដើម្បីត្រៀមរៀបចំជាសួន ប៉ុន្តែជាអាទិភាពសម្ដេចបានឱ្យរៀបចំទីតាំងអតីតព្រលានយន្តហោះភ្នំពេញជាមុន បន្ទាប់មកនឹងរៀបចំនៅតំបន់បឹងតាមោក ។
អ្នកជំនាញនៃវិស័យអចលនទ្រព្យបានលើកឡើងថា ទីតាំងអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ គួរតែរៀបចំជាអ្វីមួយដែលធ្វើឱ្យតំបន់ជុំវិញនៅមានសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម ។ កាលពីមុន តំបន់ជុំវិញព្រលានយន្តហោះ ជាពិសេសនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ជាតំបន់ដែលមានសកម្មភាពមមាញឹកលើការធ្វើពាណិជ្ជកម្ម ប៉ុន្តែក្រោយពេលព្រលានយន្តហោះនេះបិទទ្វារបានធ្វើឱ្យសកម្មភាពពាណិជ្ជកម្មនៅតំបន់នោះថមថយជាខ្លាំង និងបង្កើនសកម្មភាពពាណិជ្ជកម្មនៅបណ្តោយមងាវិថី ៦០ម៉ែត្រវិញ។
លោក ប៉ូ អ៊ាវគង់ បានមានប្រសាសន៍ថា ការរៀបចំទីតាំងអតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញឱ្យមានសកម្មភាពឡើងវិញ នឹងរក្សាបាននូវសកម្មភាពពាណិជ្ជកម្មនៅតំបន់ជុំវិញ ហើយនឹងអាចធ្វើឱ្យពលរដ្ឋនៅក្រុងភ្នំពេញ ជាពិសេសពលរដ្ឋរស់នៅជុំវិញទីតាំងអតីតព្រលានយន្តហោះភ្នំពេញ មានកន្លែងលំហែពេលសម្រាកពីការងារផងដែរ ។ អ្វីដែលពិសេស នៅពេលដែលតំបន់អតីតព្រលានយន្តហោះភ្នំពេញ ត្រូវបានរៀបចំឱ្យមានសកម្មភាពឡើងវិញ វានឹងជួយរក្សាតម្លៃដីនៅជុំវិញនោះស្ថិតនៅកម្រិតប្រសើរ ។
អ្នកស្រី អាន សុធីតា នាយិកាប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានលើកឡើងផងដែរថា ថ្វីត្បិតតែព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវបានបិទទ្វារមិនដំណើរការទៀតក៏ដោយ ក៏តំបន់នេះមិនស្ងាត់ដែរ ។ ជាក់ស្ដែង តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី មុខព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ នៅតែមានពលរដ្ឋធ្វើដំណើរការឆ្លងកាត់ជាហូរហែ ។ បើសិនជាតំបន់មានការរៀបចំឱ្យមានសកម្មភាពទាក់ទាញអ្វីមួយនោះ នឹងធ្វើឱ្យសកម្មភាពពាណិជ្ជកម្មជុំវិញនោះកាន់តែកក្រើកឡើងវិញ ។
គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងថា តម្លៃដីនៅតំបន់ជុំវិញអតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ ស្ថិតនៅចន្លោះពី ៨៧០ដុល្លារ ដល់ ១ ៨៣០ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េ សម្រាប់ទីតាំងដីដែលស្ថិតនៅតាមបណ្ដោយផ្លូវធំៗ ហើយសម្រាប់ទីតាំងដែលស្ថិតនៅជាប់ផ្លូវតូចៗ មានតម្លៃចន្លោះពី ១៧០ដុល្លារ ដល់ ៩៦០ដុល្លារក្នុងមួយម៉ែត្រការ៉េ ៕