ភ្នំពេញ៖ សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានបើកដំណើរការវេទិកាគាំទ្រផលិតផលខ្មែរ (Khmer Product Support Forum – Made in Cambodia) ស៊េរីឆ្នាំ២០២៦-២៧ ដោយផ្តោតលើការពង្រឹងសមត្ថភាពផលិតករក្នុងស្រុក លើកកម្ពស់គុណភាពផលិតផល និងពង្រីកឱកាសទីផ្សារទាំងក្នុងប្រទេស និងអន្តរជាតិ។
កម្មវិធីនេះរៀបចំឡើង កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី ក្រោមប្រធានបទ «យុទ្ធសាស្ត្ររៀបចំថ្លៃដើម និងការពង្រីកទីផ្សារតាមអនឡាញប្រកបដោយប្រសិទ្ធភាពខ្ពស់» ក្រោមអធិបតីភាពលោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដោយមានអ្នកចូលរួមប្រមាណ ១៥០នាក់។
លោកជំទាវ ឧកញ៉ាបណ្ឌិត កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានថ្លែងថា វេទិកានេះត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបនឹងតម្រូវការរបស់ផលិតករ សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ព្រមទាំងសិប្បករខ្មែរ ក្នុងការតភ្ជាប់ទៅកាន់ទីផ្សារ លើកកម្ពស់គុណភាព និងស្តង់ដាផលិតផល ព្រមទាំងពង្រីកឱកាសអាជីវកម្ម។
លោកជំទាវបានលើកឡើងថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានដាក់ចេញយុទ្ធនាការជាតិ #MadeInCambodia ដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក តភ្ជាប់ផលិតករទៅកាន់ទីផ្សារទំនើប និងពង្រឹងស្មារតីស្រឡាញ់ជាតិតាមរយៈការគាំទ្រផលិតផលខ្មែរ។ ទោះជាយុទ្ធនាការនេះទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីសាធារណជន និងវិស័យឯកជនក៏ដោយ ក៏នៅតែមានតម្រូវការបង្កើតវេទិកាអចិន្ត្រៃយ៍មួយ ដើម្បីពង្រឹងកិច្ចសហការរវាងផលិតករ អ្នកចែកចាយ និងអ្នកប្រើប្រាស់។
លោកជំទាវបានបន្តថា វេទិកាគាំទ្រផលិតផលខ្មែរមានចក្ខុវិស័យធ្វើឱ្យផលិតផលក្នុងស្រុកទទួលបានការគាំទ្រ ការទទួលស្គាល់ និងការប្រើប្រាស់កាន់តែទូលំទូលាយ ទាំងក្នុងប្រទេស និងអន្តរជាតិ ដោយផ្តោតលើការលើកកម្ពស់គុណភាព និងសមត្ថភាពប្រកួតប្រជែង ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
វេទិកានេះនឹងដំណើរការលើសសរស្តម្ភសំខាន់ៗចំនួន៥ រួមមាន ការតភ្ជាប់ទីផ្សារ ការលើកកម្ពស់គុណភាព និងស្តង់ដារ ការផ្សព្វផ្សាយ និងបង្កើនការយល់ដឹង ការគាំទ្រសមត្ថភាព និងធនធាន ព្រមទាំងការជំរុញពាណិជ្ជកម្មឌីជីថល និងការនាំចេញ។
តាមរយៈសសរស្តម្ភទាំងនេះ វេទិកានឹងជំរុញការរៀបចំពិព័រណ៍ និងព្រឹត្តិការណ៍ផលិតផលខ្មែរជាប្រចាំ ការតភ្ជាប់ផលិតករទៅកាន់ផ្សារទំនើប ម៉ាត និងបណ្តាញចែកចាយ ការរៀបចំជំនួបផ្គូផ្គងអាជីវកម្មរវាងផលិតករ និងអ្នកទិញ ព្រមទាំងការបង្កើតឱកាសលក់តាមប្រព័ន្ធឌីជីថល និងវេទិកាពាណិជ្ជកម្មអនឡាញ។
បន្ថែមពីនេះ វេទិកានឹងផ្តល់ការណែនាំ និងបណ្តុះបណ្តាលអំពីស្តង់ដាគុណភាព ការវេចខ្ចប់ អនាម័យ និងសុវត្ថិភាពផលិតផល ព្រមទាំងគាំទ្រការចុះបញ្ជី និងការទទួលស្គាល់ផលិតផលខ្មែរ ដើម្បីបង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងពង្រឹងសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារ។
ចំពោះការគាំទ្រសហគ្រាស វេទិកានឹងផ្តោតលើការបណ្តុះបណ្តាលជំនាញគ្រប់គ្រងអាជីវកម្ម និងទីផ្សារ ការផ្តល់ព័ត៌មានអំពីឱកាសហិរញ្ញប្បទាន និងការសម្របសម្រួលការទទួលបានសេវាគាំទ្រអាជីវកម្ម។ ជាពិសេស គម្រោងនេះផ្តោតជាអាទិភាពលើការពង្រឹងសមត្ថភាពសហគ្រិនភាពស្ត្រី និងសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមនៅកម្ពុជា។
តាមឯកសារទស្សនាទាន វេទិកាគាំទ្រផលិតផលខ្មែរនេះជាកម្មវិធីបំពេញបន្ថែមយុទ្ធនាការជាតិ #MadeInCambodia របស់ក្រសួងពាណិជ្ជកម្ម និងស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ព្រមទាំងគោលនយោបាយអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម។
លទ្ធផលរំពឹងទុកនៃការអនុវត្តវេទិកានេះ រួមមាន ការបង្កើនការប្រើប្រាស់ និងការទទួលស្គាល់ផលិតផលខ្មែរ ការពង្រីកទីផ្សារសម្រាប់ផលិតករ និងសហគ្រាសក្នុងស្រុក ការលើកកម្ពស់គុណភាព និងស្តង់ដាផលិតផល ព្រមទាំងការបង្កើនចំណូល និងឱកាសការងារសម្រាប់ផលិតករ និងសហគមន៍។
លោកជំទាវ ឧកញ៉ាបណ្ឌិត កែវ មុំ បានសង្កត់ធ្ងន់ថា វេទិកានេះជាសកម្មភាពយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការប្រែក្លាយចក្ខុវិស័យ «ខ្មែរធ្វើ-ខ្មែរប្រើ-ខ្មែររីកចម្រើន» ឱ្យក្លាយជាការពិត តាមរយៈការលើកកម្ពស់ស្តង់ដាផលិតផលក្នុងស្រុក និងការកសាងខ្សែច្រវាក់ផលិតកម្មឱ្យកាន់តែមានភាពច្បាស់លាស់ និងរឹងមាំ។
គម្រោងនេះមានគោលដៅរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចជាតិឱ្យមានចីរភាព បរិយាបន្ន និងភាពរឹងមាំ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕