ភ្នំពេញ៖ ក្រសួងចំនួន ៣ រួមមាន ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម និងក្រសួងឧស្សាហកម្ម បានបង្ហាញសកម្មភាពដូចជាមុំជើងក្រានដ៏រឹងមាំ សហការជាមួយ GIZ រៀបចំវេទិការពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ អមដោយការតាំងពិព័រណ៍ផលិតផលខ្មែរដ៏មានសក្ដានុពលជាច្រើនមុខ។
តាមរយៈព្រឹត្តិការណ៍ ២ថ្ងៃដែលទើបបញ្ចប់ទៅដោយរលូន កាលពីល្ងាចថ្ងៃទី១១ ខែតុលា បានទាញចំណាប់អារម្មណ៍មហាជន ដៃគូអភិវឌ្ឍន៍ និងអ្នកផលិតក្នុងស្រុក ឱ្យងាកមកចាប់អារម្មណ៍កាន់តែខ្លាំងក្នុងការពង្រីកទីផ្សារអន្ដរជាតិ។ ត្រង់ចំណុចនេះ តំណាងរបស់ក្រសួងពាណិជ្ជកម្ម បានស្នើឱ្យមានការប្ដេជ្ញាចិត្តកាន់តែខ្លាំងពីដៃគូអភិវឌ្ឍន៍ ដើម្បីបង្កើតព្រឹត្តិការណ៍ដូចគ្នានេះទៅជាកម្រិតពិភពលោក។
ថ្លែងនៅក្នុងវគ្គបិទបញ្ចប់នៃវេទិការពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ ឯកឧត្តម សំហេង បូរ៉ា តំណាងឱ្យក្រសួងពាណិជ្ជកម្ម បានសង្កត់ធ្ងន់ថា នៅឆ្នាំក្រោយៗ វេទិកាអមដោយការដាក់តាំងបង្ហាញផលិតផលខ្មែរបែបនេះ នឹងរំកិលទៅជាលក្ខណៈអន្ដរជាតិ ដោយមានការចូលរួមពីក្រសួង ឬអន្តរសភាពាណិជ្ជកម្មជុំវិញពិភពលោក ដើម្បីជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអន្ដរជាតិ ជាពិសេសឆ្ពោះទៅកាន់ទីផ្សារអាម៉េរិក និងអឺរ៉ុប។
ជាមួយគ្នានេះ ដើម្បីឱ្យវត្ថុបំណងនៃការបង្កើតវេទិកា និងពិព័រណ៍កម្រិតអន្ដរជាតិកើតឡើងនៅលើទឹកដីកម្ពុជា ឯកឧត្ដមបានទាញចំណាប់អារម្មណ៍ថា សកម្មភាពរបស់សហគមន៍ អ្នកផលិត តំណាងពីក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍អន្តរជាតិដូចដែលបានចូលរួមនៅពេលនេះ គឺជាបទពិសោធន៍ដ៏ល្អឆ្ពោះទៅកាន់កម្រិតវេទិកា និងពិព័រណ៍ដែលមានលក្ខណៈអន្ដរជាតិ ងាយបង្ហាញពិភពលោកឱ្យស្គាល់ច្បាស់ពីគុណភាព និងសក្ដានុពលផលិតផលខ្មែរក្នុងវិស័យកសិកម្ម ដូចជា គ្រាប់ស្វាយចន្ទី ម្រេចកំពត និងស្រូវ-អង្ករជាដើម។
ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា លោកស្រី សួន ជូឡា បានគាំទ្រនូវការផ្ដួចផ្ដើមឱ្យមានវេទិកា និងពិព័រណ៍ពាណិជ្ជកម្មលក្ខណៈអន្តរជាតិដើម្បីបង្ហាញពីសក្ដានុពលផលិតផលខ្មែររបស់ក្រសួងពាណិជ្ជកម្មនៅពេលនេះ។ ក្នុងនាមសហព័ន្ធលោកស្រីថា នឹងបង្កើនកិច្ចសហការជាមួយកសិករដែលជាអ្នកផលិត អ្នកនាំចេញ មន្ត្រីរដ្ឋាភិបាល ដើម្បីកែលម្អការធ្វើទីផ្សារម្រេចកម្ពុជាឱ្យកាន់តែទូលំទូលាយ។
យោងតាមក្រសួងពាណិជ្ជកម្ម វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ បានផ្តោតលើការប្រែក្លាយចំណេះដឹងផ្នែកបច្ចេកទេសទៅជាលទ្ធផលជាក់ស្តែងក្នុងវិស័យពាណិជ្ជកម្មចំនួន ៤
គឺទី១ ស្វែងយល់ពីការគ្រប់គ្រងផលិតផលផលក្រោយពេលប្រមូលផល និងការធានាគុណភាព។ ទី២ យល់ដឹងកាន់តែច្បាស់ពីលក្ខខណ្ឌ និងតម្រូវការសម្រាប់ការចូលទៅកាន់ទីផ្សារអឺរ៉ុប តាមរយៈការផ្លាស់ប្តូរយោបល់ដោយផ្ទាល់។ ទី៣ ជំរុញការផ្លាស់ប្តូរពីការនាំចេញផលិតផលផលកសិកម្មជាវត្ថុធាតុដើម ទៅរកការកែច្នៃក្នុងស្រុកដែលអាចបង្កើតតម្លៃបន្ថែម និងប្រាក់ចំណេញខ្ពស់ជាងមុន។ និងទី៤ គឺការតភ្ជាប់ទំនាក់ទំនងអ្នកផលិតផលកម្ពុជាដោយផ្ទាល់ជាមួយអ្នកទិញអន្តរជាតិ។
សូមរំលឹកជូនថា វេទិកានេះរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ក្រោមភាពជាដៃគូជាមួយសហភាពអឺរ៉ុប និងសហព័ន្ធអាល្លឺម៉ង់ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។ ក្នុងព្រឹត្តិការណ៍នេះ ក៏មានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយដៃគូអភិវឌ្ឍន៍ ឡើងបង្ហាញពីចំណាប់អារម្មណ៍ និងផ្ដល់អនុសាសន៍គន្លឹះ ដើម្បីជំរុញការផលិត ការកែច្នៃ និងនាំចេញផលិតផលស្វាយចន្ទី ក៏ដូចជាម្រេចកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេស ទីផ្សារអាម៉េរិក និងទីផ្សារអឺរ៉ុប៕