ភ្នំពេញ៖ ក្នុងរយៈពេល ១០ ខែដំបូងឆ្នាំ ២០២៦ កម្ពុជាបានទាក់ទាញគម្រោងវិនិយោគចំនួន ៤១៩ ដែលមានទុនវិនិយោគសរុបចំនួន ៦,១៦ ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារប្រមាណ ២៣៦.០០០កន្លែង។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
ទោះជាយ៉ាងណា អ្នកជំនាញសេដ្ឋកិច្ចជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធដាក់ចេញសូចនាករជាក់លាក់ ដើម្បីវាស់វែងប្រសិទ្ធភាពនៃការអនុវត្តគម្រោងវិនិយោគនីមួយៗ និងធានាថាកម្ពុជាទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចជាក់ស្តែង។
អ្នកជំនាញសេដ្ឋកិច្ចសាទរចំពោះលទ្ធផលនៃការទាក់ទាញវិនិយោគិនបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននាំមកនូវទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើន និងបង្កើតឱកាសការងាររាប់ម៉ឺនកន្លែង។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពី CDC បានចេញរបាយការណ៍បង្ហាញពីលទ្ធផលនៃការវិនិយោគក្នុងរយៈពេល ១០ ខែដំបូងឆ្នាំ២០២៦។
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច មានប្រសាសន៍ថា ក្រោយពីគម្រោងវិនិយោគទាំងនេះទទួលបានការអនុម័ត និងដាក់ឱ្យអនុវត្តជាផ្លូវការ ក្រសួង-ស្ថាប័នជំនាញដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល គួរដាក់ចេញសូចនាករមួយចំនួន ដើម្បីតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃដំណើរការអនុវត្តគម្រោង។
សូចនាករដែលគួរតាមដានរួមមាន ការផ្តល់ប្រាក់បៀវត្សសមរម្យ ស្ថិរភាពការងារ សុវត្ថិភាពការងារ និងការជ្រើសរើសកម្លាំងពលកម្មខ្មែរឱ្យបានគ្រប់ចំនួនតាមការកំណត់ក្នុងកិច្ចសន្យា មុនពេលក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគ។
លោកបណ្ឌិតក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្ទេរចំណេះដឹង ជំនាញ និងបច្ចេកវិទ្យាដល់បុគ្គលិកខ្មែរ ដើម្បីឱ្យពួកគេអាចដំណើរការខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គំរថយន្ត ផលិតសម្ភារៈអគ្គិសនី និងបញ្ជាម៉ាស៊ីនធំៗក្នុងវិស័យឧស្សាហកម្មដោយខ្លួនឯងបាន។
លោកបណ្ឌិតពន្យល់ថា វិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតសម្ភារៈធ្វើដំណើរ មានលក្ខណៈខុសពីវិស័យបច្ចេកវិទ្យា និងឧស្សាហកម្មដែលត្រូវការជំនាញខ្ពស់។ ដូច្នេះ ការផ្ទេរជំនាញដល់មន្ត្រី និងបុគ្គលិកខ្មែរក្នុងវិស័យបច្ចេកវិទ្យា និងឧស្សាហកម្ម គឺជាកត្តាចាំបាច់ ដើម្បីឱ្យកម្លាំងពលកម្មក្នុងស្រុកអាចបំពេញការងារបច្ចេកទេសដោយខ្លួនឯង។
ដោយឡែក ចំពោះគម្រោងវិនិយោគដែលមានភាពលេចធ្លោក្នុងខែតុលា ឆ្នាំ២០២៦ CDC បានរំលេចវិស័យសំខាន់ៗចំនួន ៣ រួមមាន វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម វិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យឧស្សាហកម្ម។
ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មានគម្រោងសាងសង់រោងចក្រផលិតចំណីសត្វខ្នាតធំមួយនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយប្រើទុនវិនិយោគចំនួន ២០លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារចំនួន ៨០៩កន្លែង។
ចំណែកវិស័យហេដ្ឋារចនាសម្ព័ន្ធ មានគម្រោងវិនិយោគលើការផលិតអគ្គិសនីដោយប្រើថាមពលពន្លឺព្រះអាទិត្យមួយ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ គម្រោងនេះមានទុនវិនិយោគចំនួន ៤២លានដុល្លារអាម៉េរិក និងអនុភាពផលិតអគ្គិសនី ១០០មេហ្គាវ៉ាត់ ព្រមទាំងអាចបង្កើតការងារជំនាញចំនួន ៩១កន្លែង។
ដោយឡែក ក្នុងវិស័យឧស្សាហកម្ម CDC បានលើកឡើងពីគម្រោងរោងចក្រផលិតផលិតផលវាយនភណ្ឌមួយ ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស ជីន ឆឹង ខេត្តកំពង់ស្ពឺ។ គម្រោងនេះប្រើទុនវិនិយោគចំនួន ២២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៨១កន្លែង។
ជុំវិញការកើនឡើងនៃការវិនិយោគបរទេស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានលើកឡើងថា ភាពជោគជ័យនៃសកម្មភាពសេដ្ឋកិច្ច មិនអាចវាស់វែងត្រឹមតែតួលេខ ឬចំនួនក្រុមហ៊ុនដែលបានបង្កើតឡើងក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែត្រូវបង្កើតបរិយាកាសអំណោយផល និងសម្រួលដល់វិនិយោគិន ព្រមទាំងជួយជ្រោមជ្រែងឱ្យរោងចក្រ និងសហគ្រាសអាចដំណើរការបានដោយរលូន។
សម្តេចធិបតីបានមានប្រសាសន៍ថា៖ «ថ្ងៃនេះយើងបង្កើតមួយនៅទីនេះ ប៉ុន្មានឆ្នាំក្រោយក្រុមហ៊ុនដដែលនេះ នឹងរីកទៅមួយកន្លែងទៀត យើងចង់ឃើញបែបនេះ»។
ក្រៅពីការបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋ និងចំណូលពន្ធជូនជាតិ អ្នកជំនាញក៏បានមើលឃើញអត្ថប្រយោជន៍សំខាន់ៗចំនួន ៤ទៀត ដែលគម្រោងវិនិយោគអាចរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។ អត្ថប្រយោជន៍ទាំងនោះរួមមាន ការផ្ទេរបច្ចេកវិទ្យា និងជំនាញ ការបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងក្រៅស្រុក ការធ្វើពិពិធកម្មសេដ្ឋកិច្ច ព្រមទាំងការលើកកម្ពស់ការគោរពស្ដង់ដាបរិស្ថាន និងសង្គម៕