ភ្នំពេញ៖ ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ មិនត្រឹមតែជាព្រឹត្តិការណ៍ការទូតដ៏សំខាន់សម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកឱកាសទាក់ទាញការវិនិយោគ ពង្រីកពាណិជ្ជកម្មអន្តរជាតិ ស្តារវិស័យទេសចរណ៍ និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកអប់រំជាមួយប្រទេសនិយាយភាសាបារាំងផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ Cambodgemag។
ក្រៅពីកិច្ចប្រជុំកំពូល កម្ពុជាក៏នឹងរៀបចំព្រឹត្តិការណ៍អមជាច្រើនទៀត រួមមាន មហាសន្និបាតសភាប្រើភាសាបារាំង (APF) ពិព័រណ៍ FrancoTech ភូមិហ្វ្រង់កូហ្វូនី ជំនួបសហគ្រិន REFranco បេសកកម្មពាណិជ្ជកម្មប៊ែលហ្ស៊ិក វេទិកាពាណិជ្ជកម្មស្វាយចន្ទី-ម្រេច និងវេទិកាធុរកិច្ចបារាំង-កម្ពុជា (FAFC)។ ព្រឹត្តិការណ៍ទាំងនេះត្រូវបានរំពឹងថានឹងបង្កើតឱកាសសម្រាប់ធុរជន អ្នកវិនិយោគ និងស្ថាប័ននានាក្នុងការបង្កើតទំនាក់ទំនង និងស្វែងរកដៃគូសហប្រតិបត្តិការថ្មីៗ។
ផលប្រយោជន៍សេដ្ឋកិច្ចសំខាន់មួយ គឺការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងបច្ចេកវិទ្យា តាមរយៈព្រឹត្តិការណ៍ធុរកិច្ចដូចជា FrancoTech, REFranco និង FAFC ដែលអាចភ្ជាប់ក្រុមហ៊ុនបច្ចេកវិទ្យាទើបបង្កើតថ្មី សហគ្រិន និងស្ថាប័នរដ្ឋកម្ពុជា ជាមួយអ្នកវិនិយោគអន្តរជាតិមកពីប្រទេសនិយាយភាសាបារាំង។
កិច្ចសហប្រតិបត្តិការទាំងនេះផ្តោតលើវិស័យមានសក្តានុពល ដូចជា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) បច្ចេកវិទ្យាកសិកម្ម (AgriTech) ភស្តុភារកម្ម សុខាភិបាល និងអភិបាលកិច្ចឌីជីថល ដែលអាចរួមចំណែកដល់ការជំរុញសកម្មភាពសេដ្ឋកិច្ច និងការអភិវឌ្ឍក្នុងស្រុក។
ជាក់ស្តែង ជំនួបសហគ្រិន REFranco លើកទី៦ នឹងត្រូវរៀបចំដោយសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូនី និងសម្របសម្រួលដោយសភាពាណិជ្ជកម្មកម្ពុជា ក្រោមអធិបតីភាពអ្នកឧកញ៉ា គិត ម៉េង ដោយរំពឹងថានឹងទាក់ទាញនាយកប្រតិបត្តិ និងអ្នកវិនិយោគជាង ៣,០០០ នាក់។ ចំណែកវេទិកាធុរកិច្ចបារាំង-កម្ពុជា (FAFC) ដែលរៀបចំដោយសភាពាណិជ្ជកម្មបារាំងប្រចាំកម្ពុជា ទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសបារាំង ក្រសួងពាណិជ្ជកម្មកម្ពុជា និង Business France នឹងមានការចូលរួមពីក្រុមហ៊ុន និងអ្នកវិនិយោគជាង ៤០០ ក្រុមហ៊ុន។
ជាមួយនឹងទំហំសេដ្ឋកិច្ចរបស់តំបន់ហ្វ្រង់កូហ្វូនី ដែលស្មើនឹង ១៦.៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) សកល និង ២០ ភាគរយនៃពាណិជ្ជកម្មទំនិញពិភពលោក ការជួបជុំធុរកិច្ចទាំងនេះត្រូវបានចាត់ទុកថាជាឱកាសសម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជាក្នុងការស្វែងរកទីផ្សារ ដៃគូពាណិជ្ជកម្ម និងប្រភពទុនវិនិយោគថ្មីៗ។
ក្រៅពីផលប្រយោជន៍សេដ្ឋកិច្ច កិច្ចប្រជុំកំពូលនេះក៏ជាឱកាសសម្រាប់កម្ពុជាក្នុងការពង្រឹងតួនាទីការទូត និងលើកកម្ពស់មុខមាត់ជាតិលើឆាកអន្តរជាតិ តាមរយៈការទទួលស្វាគមន៍ប្រមុខរដ្ឋាភិបាល និងប្រតិភូជាន់ខ្ពស់មកពីប្រទេសសមាជិកនានា។
ព្រឹត្តិការណ៍នេះក៏មានអត្ថន័យជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជាផងដែរ ដោយរំលឹកដល់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលជាព្រះបិតាស្ថាបនិកមួយអង្គនៃអង្គការហ្វ្រង់កូហ្វូនី។ ទោះបីកម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានចំនួន ៣ លើក និងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ក្នុងឆ្នាំ២០២១ ក៏ដោយ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីមានលក្ខណៈពិសេសដោយជាកិច្ចប្រជុំកំពូលលើកទី២ ដែលរៀបចំឡើងនៅទ្វីបអាស៊ី បន្ទាប់ពីទីក្រុងហាណូយ ប្រទេសវៀតណាម ក្នុងឆ្នាំ១៩៩៧។
ក្រោមប្រធានបទ «ការស្តារសន្តិភាព ដើម្បីបរិយាបន្ន និងស្ថិរភាពប្រកបដោយចីរភាព» កិច្ចប្រជុំនេះក៏ផ្តល់ឱកាសឱ្យកម្ពុជាបង្ហាញបទពិសោធន៍ប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងការស្តារសន្តិភាព និងការកសាងប្រទេសឡើងវិញ ព្រមទាំងពង្រីកទំនាក់ទំនងការទូតជាមួយបណ្តាប្រទេសអឺរ៉ុប និងប្រទេសលោកខាងលិច បន្ថែមលើកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងតំបន់ និងដៃគូអន្តរជាតិផ្សេងទៀត។
ចំណែកវិស័យទេសចរណ៍ និងវប្បធម៌ ក៏ត្រូវបានរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ពីព្រឹត្តិការណ៍នេះដែរ។ ភូមិហ្វ្រង់កូហ្វូនី និងព្រឹត្តិការណ៍អមនានា នឹងក្លាយជាវេទិកាសម្រាប់បង្ហាញសិល្បៈ បេតិកភណ្ឌ វប្បធម៌ ម្ហូបអាហារ និងសក្ដានុពលទេសចរណ៍កម្ពុជាទៅកាន់ភ្ញៀវអន្តរជាតិ។ ការផ្សព្វផ្សាយនេះអាចជួយពង្រឹងទំនុកចិត្តភ្ញៀវទេសចរបរទេស និងបង្ហាញកម្ពុជាថាជាគោលដៅសម្រាប់ការធ្វើដំណើរ និងការធ្វើធុរកិច្ច។
លោកស្រី Catherine Germier-Hamel ស្ថាបនិកក្រុមហ៊ុន Millennium Destinations បានអំពាវនាវឱ្យកម្ពុជាកុំមើលឃើញព្រឹត្តិការណ៍នេះត្រឹមតែជាការតាំងបង្ហាញក្នុងរយៈពេលខ្លី ប៉ុន្តែគួរប្រើប្រាស់ឱកាសនេះដើម្បីប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលធុរកិច្ច ជំនាញ និងការវិនិយោគ។
ស្រដៀងគ្នានេះ លោក Marc Emmanuel អ្នកគ្រប់គ្រងទូទៅសណ្ឋាគារ Sofitel បានលើកឡើងថា ប្រសិនបើកម្ពុជាមិនប្រើប្រាស់ព្រឹត្តិការណ៍នេះដើម្បីបង្ហាញវប្បធម៌ ប្រវត្តិសាស្ត្រ និងការអប់រំឱ្យបានស៊ីជម្រៅ និងមានចក្ខុវិស័យវែងឆ្ងាយទេ នោះកម្ពុជានឹងបាត់បង់ឱកាសដ៏សំខាន់មួយ។
ទន្ទឹមនឹងនេះ កិច្ចប្រជុំកំពូលក៏ត្រូវបានរំពឹងថានឹងជួយជំរុញការអភិវឌ្ឍធនធានមនុស្ស និងវិស័យអប់រំ តាមរយៈការពង្រឹងទំនាក់ទំនងរវាងគ្រឹះស្ថានឧត្តមសិក្សា ការបង្កើតភាពជាដៃគូជាមួយសាកលវិទ្យាល័យ និងស្ថាប័នអប់រំដូចជា AUF វិទ្យាស្ថានបារាំង និង Université Senghor ព្រមទាំងការកែសម្រួលកម្មវិធីសិក្សាភាសាបារាំង-ខ្មែរ។
តាមប្រភពដដែល ស្ថានទូតបារាំងបានបង្កើតមូលនិធិប្រមាណ ១.១ លានដុល្លារអាម៉េរិក ដើម្បីលើកកម្ពស់ការបង្រៀនភាសាបារាំងនៅកម្ពុជា បន្ទាប់ពីបានបណ្តុះបណ្តាលគ្រូបង្រៀនមធ្យមសិក្សាជិត ៣៥០ នាក់ ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយ។ បច្ចុប្បន្ន សិស្សជាង ២២,០០០ នាក់កំពុងសិក្សាភាសាបារាំងនៅកម្ពុជា។
មួយវិញទៀត កិច្ចប្រជុំនេះក៏ផ្តល់វេទិកាសម្រាប់កម្ពុជាចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី និងពិភាក្សាលើបញ្ហាសកលសំខាន់ៗ រួមមាន ការថែរក្សាសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការលើកកម្ពស់តួនាទីស្ត្រីក្នុងវិស័យនវានុវត្តន៍។
ជារួម ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី មិនមែនគ្រាន់តែជាការរៀបចំព្រឹត្តិការណ៍ការទូតមួយលើកនោះទេ ប៉ុន្តែជាឱកាសសម្រាប់កម្ពុជាពង្រីកបណ្តាញសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ ជំរុញទេសចរណ៍ និងអភិវឌ្ឍធនធានមនុស្ស ព្រមទាំងពង្រឹងទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិឱ្យកាន់តែទូលំទូលាយ៕