ភ្នំពេញ៖ កម្ពុជាមានផ្ទៃដីដាំដូងសរុប ២០,១៦៩ ហិកតា និងទទួលបានទិន្នផលប្រចាំឆ្នាំជាង ៣៥០,០០០តោន ប៉ុន្តែការផ្គត់ផ្គង់ដូងខ្ចីទៅកាន់សិប្បកម្មកែច្នៃក្នុងស្រុកនៅមិនទាន់គ្រប់គ្រាន់ ស្របពេលតម្រូវការផលិតផលដូងកែច្នៃកំពុងកើនឡើង។
ម្ចាស់សិប្បកម្ម និងកសិករដាំដូងមួយចំនួន កំពុងបង្កើនការកែច្នៃផ្លែដូងខ្ចីសម្រាប់លក់ទឹក និងផលិតជាបង្អែមជាច្រើនមុខ ប៉ុន្តែការពង្រីកបរិមាណផលិតនៅតែជួបបញ្ហាក្នុងការរកវត្ថុធាតុដើម ដោយការផ្គត់ផ្គង់ដូងខ្ចីមិនទាន់អាចឆ្លើយតបតម្រូវការទីផ្សារបានពេញលេញ។
ដើម្បីឆ្លើយតបនឹងបញ្ហានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងពិនិត្យលទ្ធភាពជំរុញឱ្យកសិករប្រែក្លាយផ្ទៃដីដែលធ្លាប់បង្កបង្កើនផលស្រូវ ឬដំណាំរួមផ្សំទៅជាចម្ការដូង ជាពិសេសនៅតាមខេត្តជាប់មាត់សមុទ្រ និងខេត្តដែលមានដីអំណោយផលសម្រាប់ដំណាំដូង។
កសិករនៅស្រុកជុំគិរី ខេត្តកំពត និងម្ចាស់សិប្បកម្មដូងក្រអូបនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្រាប់ AMS ស្រដៀងគ្នាថា បច្ចុប្បន្នពួកគេកំពុងកែច្នៃដូងទុំទៅជាប្រេងដូងត្រជាក់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងផលិតជាពូជដូងក្រអូបសុទ្ធដែលមានគុណភាពសម្រាប់កសិករយកទៅដាំបន្ត ដែលមានតម្លៃខ្ពស់ជាងដូងខ្ចី។
ទន្ទឹមនឹងនេះ ម្ចាស់ចម្ការដូងនៅតំបន់ទាំងពីរ ក៏បន្តផ្គត់ផ្គង់ដូងខ្ចីទៅតាមម៉ូយរបស់ខ្លួននៅខេត្តកំពត ព្រះសីហនុ កោះកុង និងរាជធានីភ្នំពេញ រាប់លានផ្លែក្នុងមួយខែៗ។
សម្រាប់ម្ចាស់ចម្ការដូងក្រអូប Daling Farm ស្ថិតនៅស្រុកសំពៅលូន ខេត្តបាត់ដំបង កញ្ញា កេង សុចិន្តា បានប្រាប់ AMS នៅថ្ងៃទី៣០ ខែកញ្ញា ថា ចម្ការដូងក្រអូបចំនួន ២,០០០ដើម អាចផ្ដល់ទិន្នផលប្រមាណ ១៥០,០០០ផ្លែក្នុងមួយរដូវ ប៉ុន្តែបរិមាណនេះនៅមិនទាន់គ្រប់សម្រាប់ការកែច្នៃលក់ដោយខ្លួនឯង។
នៅរដូវប្រាំងចាប់ពីខែមីនា ដល់ខែសីហា ដូងផ្តល់ផលតិចជាងធម្មតា ដោយសារខ្វះទឹកស្រោចស្រព។ ទោះជាយ៉ាងណា ម្ដាយ និងប្អូនស្រីរបស់កញ្ញា កេង សុចិន្តា នៅតែព្យាយាមរក្សាម៉ូយ ដោយប្រមូលដូងខ្ចីពីចម្ការផ្សេងៗយកមកកែច្នៃបានប្រមាណ ៦,០០០ ទៅ ៨,០០០ផ្លែក្នុងមួយខែ។
កញ្ញា កេង សុចិន្តា បានឱ្យដឹងថា បច្ចុប្បន្នការលក់មានភាពល្អប្រសើរ ដោយមានការកុម្ម៉ង់ពីជិត ២៥ខេត្ត-ក្រុង។ ក្រៅពីធ្វើដូងអុក និងដូងរំលីងស្រស់ Daling Farm ក៏កែច្នៃបន្ថែមទៅជាក្រឡានដូងក្រអូប និងសារាយដូងក្រអូប ដែលមានការលក់ដាច់ ហើយអាចកែច្នៃបានយ៉ាងតិច ១០,០០០គ្រាប់ក្នុងមួយខែ។
នៅពេលអនាគត Daling Farm អាចនឹងពង្រីកផ្ទៃដីដាំដុះ ឬប្រមូលទិញដូងបន្ថែមពីកសិករផ្សេងទៀតក្នុងស្រុក ដើម្បីកែច្នៃផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងឈានទៅរកការនាំចេញ។ ប៉ុន្តែដោយសារទិន្នផលដូងខ្ចីនៅមិនទាន់អាចផ្គត់ផ្គង់បានគ្រប់គ្រាន់ និងទៀងទាត់ពេញមួយឆ្នាំ កញ្ញា កេង សុចិន្តា មិនទាន់ហ៊ានចាប់យកផែនការពង្រីកក្នុងទំហំធំនៅឡើយ។
កាលពីឆ្នាំ២០២៣ Daling Farm ក៏ធ្លាប់ផ្គត់ផ្គង់ដូងអុក និងដូងរំលីងស្រស់ចូលផ្សារទំនើបម៉ាក្រូនៅរាជធានីភ្នំពេញផងដែរ ប៉ុន្តែបានផ្អាកវិញក្រោយដំណើរការមួយរយៈខ្លី ដោយសារមធ្យោបាយដឹកជញ្ជូនដែលផ្សារតម្រូវឱ្យដឹកតាមរថយន្តត្រជាក់ និងការផ្គត់ផ្គង់នៅពេលនោះមិនទៀងទាត់។
ទោះបីផលិតផលដូងក្រអូបកែច្នៃរបស់ Daling Farm មិនទាន់មានវត្តមាននៅផ្សារទំនើបនេះជាថ្មីក្តី ការលក់ដុំ និងលក់រាយជូនអតិថិជនខាងក្រៅកាន់តែប្រសើរ។ កញ្ញា កេង សុចិន្តា បានស្នើឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធ ជួយទប់ស្កាត់ការនាំចូលដូងខ្ចី និងដូងកែច្នៃរួចពីក្រៅប្រទេស ដើម្បីឱ្យតម្លៃដូងរបស់កសិករខ្មែរអាចប្រកួតប្រជែង និងជំរុញឱ្យកសិករបន្តពង្រីកការដាំដុះ និងកែច្នៃសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
ជុំវិញបញ្ហានេះ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្គាល់ថា ការផ្គត់ផ្គង់ដូងខ្ចីទៅកាន់សិប្បកម្មកែច្នៃក្នុងស្រុកពិតជានៅមានការខ្វះខាត។ ក្រសួងកំពុងពិនិត្យលទ្ធភាពជំរុញឱ្យកសិករនៅតាមខេត្តជាប់មាត់សមុទ្រ និងខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ស្ពឺ ព្រមទាំងខេត្តដែលមានដីអំណោយផលដល់ដំណាំដូងផ្សេងទៀត ប្រែក្លាយផ្ទៃដីដែលធ្លាប់បង្កបង្កើនផលស្រូវ ឬដំណាំរួមផ្សំផ្សេងទៀតទៅជាចម្ការដូងកាន់តែច្រើន ដើម្បីបំពេញតម្រូវការក្នុងស្រុក និងឈានដល់ការនាំចេញ។
តម្លៃដូងមូលជាប់ធ្លាយ ប្រភេទដូងក្រអូបខ្ចី ដែលមិនទាន់កែច្នៃសម្រាប់លក់ទឹក ឬកែច្នៃជាបង្អែមផ្សេងៗ មានតម្លៃចន្លោះពី ១,៥០០រៀល ទៅ ១,៨០០រៀលក្នុងមួយផ្លែ។ ប៉ុន្តែពេលកែច្នៃទៅជាដូងអុក ដូងរំលីងសំបក សារាយដូងក្រអូប ឬក្រឡានដូងក្រអូប អាចលក់បានក្នុងតម្លៃចន្លោះពី ៥,០០០រៀល ទៅ ៨,០០០រៀលក្នុងមួយផ្លែ។
តម្លៃបន្ថែមនេះ បានធ្វើឱ្យម្ចាស់សិប្បកម្មមួយចំនួនបង្កើនបរិមាណផលិត និងពង្រីកការកែច្នៃទៅកាន់ទីផ្សារកាន់តែច្រើន ទោះបីនៅរដូវកាលខ្លះប្រឈមនឹងការខ្វះដូងខ្ចីសម្រាប់កែច្នៃក៏ដោយ។
ក្រៅពីតម្រូវការទីផ្សារក្នុងស្រុក ដូងក្រអូបខ្មែរក៏មានច្រកនាំចេញទៅកាន់ទីផ្សារប្រទេសចិនផងដែរ។ កាលពីចុងខែកញ្ញា ឆ្នាំ២០២៣ ក្រសួងកសិកម្មបានប្រកាសឱ្យម្ចាស់កសិដ្ឋាន និងម្ចាស់សិប្បកម្មកែច្នៃដូងខ្មែរ ស្នើសុំចុះបញ្ជីចម្ការ និងឈ្មោះសិប្បកម្មកែច្នៃរបស់ខ្លួន ប្រសិនបើមានបំណងផលិត និងវេចខ្ចប់សម្រាប់នាំចេញទៅចិន។
ក្រោយមក រដ្ឋបាលគយចិនបានអនុម័តទទួលស្គាល់ជាផ្លូវការនូវចម្ការដូងចំនួន ១៣ និងទីតាំងវេចខ្ចប់ចំនួន ៥ ដែលបានចុះបញ្ជីសម្រាប់នាំចេញ។ ប៉ុន្តែសកម្មភាពផលិត និងវេចខ្ចប់នាំចេញទៅចិនមិនទាន់ដំណើរការពេញលេញនៅឡើយ ដោយអ្នកជំនាញសេដ្ឋកិច្ច និងកសិកម្មកម្ពុជា មើលឃើញថា បញ្ហាអាចស្ថិតនៅត្រង់កម្ពុជាមិនទាន់មានដូងខ្ចីគ្រប់គ្រាន់ និងមិនអាចផ្គត់ផ្គង់បានទៀងទាត់ចូលទៅក្នុងខ្សែចង្វាក់ផលិតកម្មកែច្នៃ ជាពិសេសនៅរដូវប្រាំង៕