ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងចំណាយថវិកាប្រមាណ ៦ លានដុល្លារអាម៉េរិក ដើម្បីដំឡើងអំពូលសូឡាប្រភេទ LED បំភ្លឺតាមដងផ្លូវសាធារណៈប្រវែង ១,២០០ គីឡូម៉ែត្រ នៅរាជធានី-ខេត្តចំនួន ១៣ ដើម្បីបង្កើនសុវត្ថិភាព និងភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរនៅពេលយប់។
ក្នុងឱកាសអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសគាំទ្រ និងបញ្ជាឱ្យក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធររាជធានី-ខេត្តគោលដៅទាំង ១៣ សហការគ្នាពន្លឿនការដំឡើងអំពូលសូឡានេះ។
សម្ដេចធិបតីមានប្រសាសន៍ថា បន្ទាប់ពីអនុវត្តនៅរាជធានី-ខេត្តទាំង ១៣ រួច រាជរដ្ឋាភិបាលនឹងពង្រីកការដំឡើងទៅកាន់ផ្លូវសំខាន់ៗ ជាពិសេសផ្លូវដែលត្រូវធ្វើដំណើរដោយល្បឿនលឿន នៅទូទាំងរាជធានី-ខេត្តទាំង ២៥។
សម្ដេចធិបតីបានចាត់ទុកការងារដែលបម្រើផលប្រយោជន៍សាធារណៈ និងប្រជាពលរដ្ឋជាការងារអាទិភាព។ លោកបន្តថា ការដំឡើងអំពូលសូឡាមិនត្រឹមតែជួយបង្កើនសោភណភាពតាមដងផ្លូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាសន្តិសុខ សុវត្ថិភាពសម្រាប់ការធ្វើដំណើរនៅពេលយប់ផងដែរ។
សម្ដេចធិបតីមានប្រសាសន៍ថា ការប្រើប្រាស់ប្រព័ន្ធសូឡាធ្វើឱ្យការដំឡើងអំពូលបំភ្លឺផ្លូវមានភាពងាយស្រួលជាងមុន ខណៈបង្គោលអំពូលក៏អាចផលិតបានក្នុងស្រុក ដែលអាចផ្តល់ឱកាសដល់សិប្បកម្មក្នុងស្រុកបង្កើនប្រាក់ចំណូល និងជួយកាត់បន្ថយថ្លៃចំណាយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «ពីមុនប្រើប្រាស់ភ្លើង តែ ១,០០០គីឡូម៉ែត្រ ក៏ពិបាករកលុយតដែរ តែឥឡូវយើងប្រើសូឡា យើងដំឡើងតែម្ដងទេ»។ សម្ដេចបន្ថែមថា ការផលិតបង្គោលក្នុងស្រុក គឺជាការគិតគូរគ្រប់ជ្រុងជ្រោយ ដែលអាចឱ្យសិប្បកម្មកូនខ្មែរមានលទ្ធភាពរកចំណូលបាន និងជួយកាត់បន្ថយថ្លៃចំណាយ។
ចំពោះការអនុវត្តជាក់ស្ដែង ខេត្តពោធិ៍សាត់បានចាប់ផ្ដើមដំឡើងអំពូលសូឡាមុនគេ ដោយបានបញ្ចប់ការដំឡើងលើចម្ងាយផ្លូវ ២៥គីឡូម៉ែត្រ តាមបណ្ដោយផ្លូវជាតិលេខ៥ ចាប់ពីចំណុចផ្លូវចូលទីគោរពសក្ការៈបូជាអ្នកតាឃ្លាំងមឿង នៃទីរួមខេត្ត រហូតដល់ស្រុកក្រគរ។
តាមគម្រោងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ការដំឡើងនឹងបន្តចាប់ពីព្រំប្រទល់ខេត្តបាត់ដំបង រហូតដល់ខេត្តកំពង់ឆ្នាំង ហើយគ្រោងនឹងបញ្ចប់ការដំឡើងបាន ១០០ភាគរយ យ៉ាងយូរត្រឹមឆ្នាំ២០២៨។
ជាមួយគ្នានេះ ការដំឡើងអំពូលបំភ្លឺផ្លូវសាធារណៈក៏ត្រូវបានពង្រីកទៅតាមស្រុក និងក្រុងមួយចំនួនផ្សេងទៀត ខណៈរាជរដ្ឋាភិបាលកំពុងផ្ដោតការយកចិត្តទុកដាក់លើការបំភ្លឺតាមដងផ្លូវសាធារណៈ។
រាជធានី-ខេត្តចំនួន ១៣ ដែលនឹងដំឡើងអំពូលសូឡាក្នុងដំណាក់កាលដំបូង រួមមាន រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម តាកែវ ព្រះសីហនុ កោះកុង កំពត និងខេត្តកែប៕