រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដើមឆ្នាំ២០២៧ តាមរយៈយន្តការ «ថវិកាដោះដូរនឹងការងារ» (Cash-for-Work) ដើម្បីបង្កើតការងាររយៈពេលខ្លី បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងជំរុញសកម្មភាពសេដ្ឋកិច្ចនៅតាមសហគមន៍មូលដ្ឋាន។
ថ្លែងក្នុងឱកាសជួបសំណេះសំណាល និងចែកពូជស្រូវ ព្រមទាំងស្បៀងជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គម្រោងនេះនឹងអនុវត្តក្នុងរយៈពេល ១៨ខែ ដោយសហការជាមួយធនាគារពិភពលោក និងផ្តោតលើការអភិវឌ្ឍផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធជនបទ។
សម្តេចធិបតីបានបញ្ជាក់ថា ជំនួសឱ្យការពឹងផ្អែកទាំងស្រុងលើការប្រើប្រាស់គ្រឿងចក្រសម្រាប់អនុវត្តគម្រោងសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ អ្នកអនុវត្តគម្រោងនឹងត្រូវជំរុញឱ្យចុះកិច្ចសន្យាជាមួយសហគមន៍ ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋក្នុងតំបន់ចូលរួមធ្វើការងារ និងទទួលបានប្រាក់ចំណូល។
សម្តេចធិបតីបានមានប្រសាសន៍ថា៖ «ម្សិលមិញ ខ្ញុំទើបតែបានឯកភាពលើគម្រោងដែលមានទឹកប្រាក់ជាង ២០០លានដុល្លារ ដែលនឹងអនុវត្តក្នុងរយៈពេល ១៨ខែ។ គម្រោងនេះយើងធ្វើជាមួយធនាគារពិភពលោក ដើម្បីបង្វិលថវិកាក្នុងគម្រោងដែលយើងធ្វើផ្លូវ និងគម្រោងអភិវឌ្ឍន៍ដោយក្រសួងកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ»។
សម្តេចធិបតីបានលើកឡើងថា តាមរយៈយន្តការនេះ ថវិកាគម្រោងនឹងមិនត្រឹមតែទៅដល់ក្រុមហ៊ុនដែលទទួលកិច្ចសន្យាសាងសង់ផ្លូវប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងចាក់ចូលទៅក្នុងសហគមន៍តាមរយៈការផ្តល់ការងារ និងប្រាក់ឈ្នួលដល់ប្រជាពលរដ្ឋផ្ទាល់ ជាពិសេសពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋដែលត្រូវការឱកាសរកប្រាក់ចំណូល។
សម្តេចធិបតីបានជំរុញឱ្យគម្រោងនេះចាប់ផ្តើមអនុវត្តឱ្យបានឆាប់ ចាប់ពីដើមឆ្នាំ២០២៧ តទៅ ដើម្បីបង្កើតឱកាសការងាររយៈពេលខ្លីដល់ប្រជាពលរដ្ឋ ក្នុងពេលដែលកម្ពុជាកំពុងទទួលរងផលប៉ះពាល់ពីអតិផរណា។
ជុំវិញគម្រោងនេះ លោកបណ្ឌិត ជ័យ តិច អ្នកវិភាគសេដ្ឋកិច្ច និងសង្គម បានមើលឃើញថា គោលនយោបាយ «Cash-for-Work» គឺជាយន្តការមួយដែលអាចប្រើប្រាស់ថវិកាកម្ចី ឬជំនួយពីធនាគារពិភពលោក ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ និងបង្កើតប្រាក់ចំណូលជូនប្រជាពលរដ្ឋក្នុងពេលតែមួយ។
លោកបណ្ឌិតបានចាត់ទុកថា គម្រោងនេះជាយុទ្ធសាស្ត្រដែលផ្តល់ផលប្រយោជន៍ទាំងសងខាង (Win-win Strategy) ដោយអាចជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទឱ្យបានឆាប់រហ័ស ខណៈពេលជាមួយគ្នាក៏ផ្តល់ការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលបានវិលត្រឡប់មកពីប្រទេសថៃ។
លោកបណ្ឌិត ជ័យ តិច បានបន្ថែមថា ការចូលរួមដោយផ្ទាល់របស់ប្រជាពលរដ្ឋក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ជួយបង្កើនភាពជាម្ចាស់លើសមិទ្ធផលនៅក្នុងសហគមន៍ផងដែរ ព្រោះប្រជាពលរដ្ឋនឹងមានការស្រឡាញ់ និងចូលរួមថែទាំហេដ្ឋារចនាសម្ព័ន្ធដែលពួកគេបានចូលរួមសាងសង់។
លោកបានបន្តថា នៅពេលប្រជាពលរដ្ឋមានការងារធ្វើ និងទទួលបានប្រាក់ចំណូល ការចំណាយក្នុងសេដ្ឋកិច្ចក៏អាចកើនឡើងដែរ។ ទោះបីជាគម្រោងនេះមានរយៈពេលខ្លីក៏ដោយ ប៉ុន្តែវាអាចក្លាយជាគំរូសម្រាប់គម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត ដែលអាចជំរុញឱ្យមានការអនុវត្តគម្រោងស្រដៀងគ្នានេះនៅតាមសហគមន៍ផ្សេងៗបន្ថែមទៀត៕