ភ្នំពេញ ៖ ក្នុងឆ្នាំ២០២៦នេះ តម្លៃនៅកណ្ដាលក្រុងភ្នំពេញដែលសំដៅលើតំបន់បឹងកេងកង និងតំបន់មួយចំនួនក្នុងខណ្ឌដូនពេញ បន្តធ្លាក់ចុះមួយកម្រិតទៀតបន្ទាប់ពីបានធ្លាក់ចុះជាបន្តបន្ទាប់តាំងពីឆ្នាំ២០២០ ។ នេះ បើតាមរបាយការណ៍តម្លៃដីធ្លីចេញផ្សាយដោយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ។
បើតាមរបាយការណ៍របស់សមាគមអចលនវត្ថុមួយនេះ បានបង្ហាញឱ្យឃើញថា កាលពីឆ្នាំ២០២៥ កន្លងទៅ ដីធ្លីនៅក្នុងតំបន់មួយចំនួនក្នុងខណ្ឌបឹងកេងកងអាចមានតម្លៃដល់ ៨ ៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយទាបបំផុតក៏ត្រឹម ២ ៣០០ដុល្លារអាម៉េរិក។ ជាក់ស្ដែង កាលឆ្នាំ២០២៥ ដីនៅក្នុងសង្កាត់បឹងកេងកង១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវធំ អាចមានតម្លៃចន្លោះពី ៤ ៤០០ដុល្លារដល់ ៨ ៣០០ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េ និងផ្លូវតូចមានតម្លៃចន្លោះពី ៣៩០០ដុល្លារដល់ ៤៥០០ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េ ។ សម្រាប់សង្កាត់ទួលស្វាយព្រៃទី២ ចាត់ទុកជាតំបន់ដែលមានតម្លៃដីទាបជាងគេក្នុងខណ្ឌបឹងកេងកង ក៏មានតម្លៃចន្លោះពី ៣៥០០ដុល្លារ ដល់ ៦២០០ដុល្លារអាម៉េរិក សម្រាប់ដីជាប់ផ្លូវធំ ហើយចន្លោះពី ២៣០០ដុល្លារដល់ ៣៥០០ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េ សម្រាប់ទីតាំងនៅជាប់ផ្លូវតូច ។
ដោយឡែក មកដល់ឆ្នាំ២០២៦នេះ តម្លៃដីនៅតំបន់ដដែលទាំងនេះ បានធ្លាក់ចុះមួយកម្រិតទៀត ដូចជាតំបន់បឹងកេងកង១ បានធ្លាក់ចុះមកនៅត្រឹមចន្លោះពី ៤១០០ដុល្លារដល់ ៧៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់ទីតាំងនៅជាប់ផ្លូវធំ និងចន្លោះពី ៣៧០០ដុល្លារដល់ ៤៥០០ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េសម្រាប់ទីតាំងនៅជាប់ផ្លូវតូច ។
ក្នុងពេលជាមួយគ្នានេះដែរ បើក្រឡេកទៅមើលដីធ្លីនៅតំបន់កណ្ដាលក្រុងភ្នំពេញមួយទៀត គឺខណ្ឌដូនពេញ ក៏ឃើញថាបានធ្លាក់ចុះមួយកម្រិតទៀតដែរធៀបនឹងឆ្នាំ ២០២៥ កន្លងទៅនេះ ជាក់ស្ដែង កាលពីអំឡុងឆមាសទី២ ឆ្នាំ២០២៥ តម្លៃដីនៅក្នុងសង្កាត់ផ្សារថ្មី១, ផ្សារថ្មី២ និងផ្សារថ្មី៣ អាចមានតម្លៃខ្ពស់ដល់ ១០ ៤០០ដុល្លារអាម៉េរិកក្នុងមួយការ៉េ តែដល់ឆ្នាំ២០២៦ ក្នុងអំឡុងឆមាសទី១ តម្លៃនៅក្នុងសង្កាត់ទាំង ៣ នោះ បានធ្លាក់នៅត្រឹមតែ ៨ ៨០០ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េ ។
បើតាមអ្នកស្រី អាន សុធីតា នាយិកាក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានមានប្រសាសន៍ថា មិនថាតម្លៃដីធ្លី និងតម្លៃលំនៅឋាន ឬក៏អចលនទ្រព្យផ្សេងទៀត បើធៀបនឹងឆ្នាំ២០១៩ ឃើញថា តម្លៃអចលនទ្រព្យក្នុងឆ្នាំ២០២៦នេះ ធ្លាក់ចុះច្រើន ដោយតំបន់ខ្លះ ធ្លាក់ចុះ ១៥ភាគរយ ខ្លះ ២០ភាគរយ និងមានទ្រព្យខ្លះទៀតធ្លាក់ចុះរហូតដល់ ៤០ភាគរយ ។
អ្នកស្រីបន្តថា ការធ្លាក់ចុះនៃតម្លៃអចលនទ្រព្យនាពេលបច្ចុប្បន្ននេះ វាជាឱកាសសម្រាប់អ្នកដែលមានតម្រូវការអចលនទ្រព្យប្រើប្រាស់ពិតប្រាកដ ដោយអាចជ្រើសរើសរកទីតាំងល្អ និងមានអំណាចក្នុងការចរចាជាមួយម្ចាស់អចលនទ្រព្យទាំងនោះ ។
អ្នកឧកញ៉ា សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN Group នៅថ្ងៃទី២ ខែវិច្ឆិកា នេះ បានឱ្យដឹងថា ការទិញដីទុកចំណេញនៅកម្ពុជានាពេលបច្ចុប្បន្ននេះ នៅតែជាឱកាសសម្រាប់អ្នកដែលឆ្លាត និងអត់ធ្មត់ ហើយបើសិនជាជ្រើសរើសទីតាំងត្រូវនឹងក្លាយជាឱកាស ប៉ុន្តែបើសិនជាជ្រើសរើសខុស វានឹងក្លាយជាបន្ទុក ។
អ្នកឧកញ៉ាបន្តថា ការទិញដីទុកចំណេញរយៈពេលវែង (Land Banking) នៅកម្ពុជា នៅតែមានឱកាសចំណេញ ប៉ុន្តែវាលែងជា ការទិញដីហើយរង់ចាំតម្លៃឡើងដូចមុនទៀតហើយ។ ទីផ្សារឥឡូវផ្លាស់ប្តូរទៅរកការវាយតម្លៃតាមហេដ្ឋារចនាសម្ព័ន្ធពិត តម្រូវការពិត និងកំណើនប្រជាជន ជាជាងការរំពឹងទុក ៕