ភ្នំពេញ៖ វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក្រៅប្រទេស ស្របពេលគម្រោងវិនិយោគក្នុងវិស័យទាំងនេះបន្តមានការដាក់ស្នើសុំចុះបញ្ជី និងទទួលបានការអនុម័តជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៦។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចេញផ្សាយជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៦ គម្រោងវិនិយោគដែលបានដាក់ស្នើ និងទទួលការអនុម័ត ភាគច្រើនស្ថិតក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងកសិ-ឧស្សាហកម្ម ដោយផ្តោតលើតំបន់ដែលរាជរដ្ឋាភិបាលផ្តល់ការលើកទឹកចិត្ត ជាពិសេសខេត្តព្រះសីហនុ និងបណ្តាខេត្តនៅភូមិភាគឦសាន។
លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA មានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គម្រោងវិនិយោគភាគច្រើនបានផ្តោតលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្ម។ ក្នុងនោះ តំបន់ដែលទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដូចជាភូមិភាគឦសាន និងខេត្តព្រះសីហនុ កំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិន។
លោកបានថ្លែងថា៖« ការវិនិយោគក្នុងវិស័យទាំងនេះត្រូវការដើមទុនច្រើន និងរយៈពេលយូរដើម្បីទទួលបានផលចំណេញ។ ដូច្នេះ វិនិយោគិនភាគច្រើនមានប្រភពទុនគ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងរបស់ខ្លួន ហើយអាចសម្រេចចិត្តវិនិយោគដោយមិនចាំបាច់រង់ចាំស្ថានភាពសេដ្ឋកិច្ចជាក់លាក់នោះទេ ដោយផ្តោតលើការទទួលផលចំណេញនៅពេលគម្រោងចាប់ផ្តើមដំណើរការ»។
ដោយឡែក អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge Group មានប្រសាសន៍ថា ក្នុងពេលដែលវិស័យអចលនទ្រព្យកំពុងមាននិន្នាការធ្លាក់ចុះ និងជួបប្រទះបញ្ហាប្រឈម ការវិនិយោគក្នុងវិស័យកសិកម្មគឺជាឱកាសមួយសម្រាប់វិនិយោគិនទាំងក្នុងនិងក្រៅប្រទេស។
អ្នកឧកញ៉ាបញ្ជាក់ថា៖« ការអភិវឌ្ឍវិស័យកសិកម្មមិនអាចពឹងផ្អែកតែលើវិនិយោគិនមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែត្រូវការការចូលរួមពីគ្រប់ផ្នែកក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ចាប់ពីការដាំដុះ ការដឹកជញ្ជូនផលិតផលពីកសិដ្ឋានទៅឃ្លាំងស្តុក រហូតដល់ការចែកចាយទៅកាន់ទីផ្សារ»។
សម្រាប់ WorldBridge Group បច្ចុប្បន្នក្រុមហ៊ុនមានក្រុមហ៊ុនដឹកជញ្ជូនរួចជាស្រេច ដើម្បីបម្រើការដឹកជញ្ជូនផលិតផលកសិកម្មពីកសិដ្ឋានទៅឃ្លាំង និងពីឃ្លាំងទៅកាន់ទីផ្សារ។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏កំពុងសហការជាមួយក្រុមហ៊ុនមកពីប្រទេសបារាំង ដើម្បីសាងសង់ឃ្លាំងស្តុកបន្លែ និងផ្លែឈើ សម្រាប់ចែកចាយទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅប្រទេសផងដែរ។
ចំណែកលោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance Real Estate មានប្រសាសន៍ថា ដីធ្លីសម្រាប់បម្រើវិស័យឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការ និងមានសកម្មភាពទិញលក់ជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការរបស់អ្នកវិនិយោគ។
លោកបញ្ជាក់ថា៖« វិនិយោគិនដែលស្វែងរកដីសម្រាប់ឧស្សាហកម្មមិនចាំបាច់ផ្តោតលើទីតាំងកណ្តាលក្រុង ឬតំបន់ដែលមានតម្លៃដីខ្ពស់នោះទេ ប៉ុន្តែពួកគេផ្តោតលើទីតាំងដែលមានតម្លៃសមរម្យ និងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជាផ្លូវថ្នល់ និងអគ្គិសនី ជាពិសេសដីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ កត្តានេះបានជំរុញឱ្យតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មនៅកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់»។
ជាការកត់សម្គាល់ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបជិត ៤០០ គម្រោង។ ជាក់ស្ដែង ក្នុងខែកញ្ញា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៣៦ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៤៧០ លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារបានប្រមាណ ១៧.០០០ កន្លែង។
ក្នុងនោះ គម្រោងចំនួន ២៣ ដែលចុះបញ្ជីដោយ CDC មានទុនវិនិយោគប្រមាណ ៤៣៥ លានដុល្លារអាម៉េរិក ខណៈគម្រោងចំនួន ១៣ ផ្សេងទៀត ដែលចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត មានទុនវិនិយោគប្រមាណ ៣៥ លានដុល្លារអាម៉េរិក៕