បរទេស ៖ យោងតាមប្រភពព័ត៌មានពី Business Korea រាយការណ៍ថា ក្រុមហ៊ុនផលិតអាគុយ EV សម្រាប់់រថយន្តអគ្គិសនីរបស់កូរ៉េខាងត្បូងកំពុងព្រួយបារម្ភចំពោះការរឹតបន្តឹងរបស់រដ្ឋាភិបាលចិនលើការនាំចេញសារធាតុក្រាហ្វិច (graphite) ដែលជាសារធាតុរ៉ែដ៏សំខាន់ត្រូវប្រើនៅក្នុងការផលិតថ្ម EV ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនផលិតគ្រឿងបន្លាស់ថ្ម EV របស់កូរ៉េជាច្រើនកំពុងព្រួយបារម្ភពីផលប៉ះពាល់ដល់ឧស្សាហកម្ម EV ក្នុងស្រុករបស់ខ្លួន ខណៈដែលកូរ៉េខាងត្បូងមានក្រុមហ៊ុនផលិតអាគុយ EV លំដាប់កំពូលចំនួន ៣ ដែលផ្គត់ផ្គង់អាគុយ និង ថ្មរបស់ពួកគេដល់ក្រុមហ៊ុនផលិត EV ធំៗនៅលើពិភពលោកដូចជា Hyundai Motor Group, General Motors Co. Stellantis NV និង Volkswagen Group ។
ស្របពេលនេះដែរ ក្រុមហ៊ុនផលិតថ្ម EV មួយរបស់កូរ៉េបាននិយាយថា វាពិតជាពិបាកខ្លាំងណាស់ក្នុងការស្វែងរកជម្រើសមកជំនួសសារធាតុក្រាហ្វិចរបស់ចិន។ យ៉ាងណាមិញ រដ្ឋាភិបាលកូរ៉េកំពុងបន្តពិភាក្សាជាមួយរដ្ឋាភិបាលចិន ដើម្បីធានាថាក្រុមហ៊ុនកូរ៉េអាចទទួលបានការអនុញ្ញាតសម្រាប់ការនាំចេញក្រាហ្វិចដោយគ្មានការពន្យាពេល ឬ ការរឹតបន្តឹងពីចិន។