បរទេស ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមសមាជិកអាស៊ានរួមមាន សិង្ហបុរី ប៊្រុយណេ ម៉ាឡេស៊ី និងថៃ នេះបើយោងតាមសេចក្ដីរាយការណ៍ពី VN Express។
IMF បានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (GDP per capita) របស់វៀតណាមនឹងឡើងដល់ ៥ ២៥៩ ដុល្លារនៅក្នុងឆ្នាំ២០២៦ កើន ៨,៩ ភាគរយធៀបនឹងឆ្នាំមុន ខណៈដែលផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់ឥណ្ឌូណេស៊ីកើនឡើង ១,៥ ភាគរយប៉ុណ្ណោះ ពោលគឺប្រមាណ ៥ ១៥៣ ដុល្លារ។ ការព្យាករណ៍ថ្មីនេះ ជំរុញឲ្យវៀតណាមអាចឡើងមកឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមប្រទេសសមាជិកអាស៊ាន ដោយស្ថិតនៅពីក្រោយតែសិង្ហបុរី ប៊្រុយណេ ម៉ាឡេស៊ី និង ថៃប៉ុណ្ណោះ។ IMF រំពឹងថា វៀតណាមនឹងបន្តនាំមុខនៅឆ្នាំ២០២៧ ខាងមុខទៀត ដោយអាចសម្រេចបាន ៥ ៦៥៩ ដុល្លារសម្រាប់មនុស្សម្នាក់ ធៀបនឹង ៥ ៥៥០ ដុល្លារសម្រាប់មនុស្សម្នាក់របស់ឥណ្ឌូណេស៊ី។ កត្តាចម្បងដែលជំរុញឱ្យ GDP សម្រាប់មនុស្សម្នាក់របស់វៀតណាមកើនឡើងលើសឥណ្ឌូណេស៊ីរួមមានដូចជា ៖
ការស្ទុះងើបឡើងយ៉ាងខ្លាំងនៃការផលិត និងការនាំចេញបច្ចេកវិទ្យាជឿនលឿន៖ វៀតណាមបានបង្កើតខ្លួនជាមជ្ឈមណ្ឌលផលិតកម្មជំនួសចិនដ៏សំខាន់មួយ ដោយទាក់ទាញការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Foxconn របស់កោះតៃវ៉ាន់ និង Samsung Electronics របស់កូរ៉េខាងត្បូង សម្រាប់ការផលិតទូរស័ព្ទស្មាតហ្វូន គ្រឿងអេឡិចត្រូនិក និងឈីបពាក់កណ្តាលចម្លង។ នៅក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ ទំហំនាំចេញរបស់វៀតណាម បានកើនឡើង ២៤,៥ ភាគរយធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន ដោយសម្រេចបានរហូតដល់ ៤៣៤,៣ ពាន់លានដុល្លារ។
អត្រាកំណើនសេដ្ឋកិច្ចខ្ពស់៖ កំណើនសេដ្ឋកិច្ចសរុបរបស់វៀតណាមកើនឡើងលឿនជាងឥណ្ឌូណេស៊ី ដោយវៀតណាមសម្រេចបានជិត ១០ ភាគរយក្នុងត្រីមាសទី៣ ឆ្នាំនេះ ខណៈដែលកំណើនសេដ្ឋកិច្ចសរុបរបស់ឥណ្ឌូណេស៊ីនៅទ្រឹងជុំវិញ ៥ ភាគរយ។
ការវិនិយោគយ៉ាងសន្ធឹកសន្ធាប់លើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ៖ រដ្ឋាភិបាលវៀតណាម បន្តការវិនិយោគសាធារណៈយ៉ាងសកម្ម ដោយទម្លាក់ថវិកាជិត ៣៩,៣ ពាន់លានដុល្លារក្នុងឆ្នាំនេះ ដើម្បីពន្លឿនគម្រោងផ្លូវល្បឿនលឿន ព្រលានយន្តហោះ និងការដឹកជញ្ជូនឧស្សាហកម្មនៅទូទាំងប្រទេស។
លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI)៖ ទុនវិនិយោគ (FDI) ដែលបានអនុវត្ត និងចុះបញ្ជីនៅវៀតណាមស្ទុះងើបឡើងខ្លាំង ដោយការវិនិយោគបរទេសចុះបញ្ជីសរុបសម្រេចបាន ៥០,៣៦ ពាន់លានដុល្លារក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ កើនឡើង ៧៦,៤ ភាគរយធៀបនឹងឆ្នាំ ២០២៥។ យ៉ាងណាក៏ដោយ បើទោះបីជាឥណ្ឌូណេស៊ីទាក់ទាញការវិនិយោគលើវិស័យឧស្សាហកម្មធុនធ្ងន់ ដូចជា រថយន្តអគ្គិសនីក៏ដោយ ប៉ុន្តែវាមិនទាន់បានបង្កើតការងារ ឬបង្កើនប្រាក់ចំណូលគ្រួសារក្នុងល្បឿនលឿនដូចវៀតណាមនោះទេ។
សម្ពាធអត្រាប្តូរប្រាក់៖ តម្លៃប្រាក់រូពៀរបស់ឥណ្ឌូណេស៊ីចុះខ្សោយធៀបនឹងប្រាក់ដុល្លារ ដែលធ្វើឲ្យ GDP គិតជាប្រាក់ដុល្លារអាម៉េរិកមានកម្រិត។ ផ្ទុយទៅវិញ រូបិយវត្ថុ និងកំណើនផលទុនរបស់វៀតណាមរក្សាបានស្ថិរភាពល្អជាង ដែលធ្វើឲ្យផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់កើនឡើងលឿនដល់ទៅ ៨,៩ ភាគរយ ខណៈដែលឥណ្ឌូណេស៊ីកើនឡើងត្រឹម ១,៥ ភាគរយ។ កត្តានេះធ្វើឱ្យគម្លាតសេដ្ឋកិច្ចរវាងប្រទេសទាំងពីររួមតូច និងធ្វើឲ្យវៀតណាមនាំមុខវិញ។
ទោះបីជាយ៉ាងណាក្តី ឥណ្ឌូណេស៊ីនៅតែជាសេដ្ឋកិច្ចធំបំផុតនៅក្នុងអាស៊ានដដែល ដោយសារមានចំនួនប្រជាជនជិត ៣០០ លាននាក់ ធៀបនឹងប្រជាជនវៀតណាមជាង ១០០ លាននាក់ (ច្រើនជាង ៣ ដង) ។ នៅក្នុងឆ្នាំ ២០២៦ នេះ ទំហំសេដ្ឋកិច្ចសរុបរបស់ឥណ្ឌូណេស៊ីត្រូវព្យាករណ៍ថានឹងសម្រេចបាន ១,៤៨ ទ្រីលានដុល្លារ ខណៈដែលវៀតណាមនឹងសម្រេចបាន ៥៤២ ពាន់លានដុល្លារ។