ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា ខេត្តទាំងអស់នៅទូទាំងប្រទេសសុទ្ធតែមានសក្ដានុពលសេដ្ឋកិច្ចខុសៗគ្នា ដូច្នេះការរៀបចំ និងតភ្ជាប់តំបន់សេដ្ឋកិច្ចពីមួយទៅមួយ មានសារៈសំខាន់ក្នុងការទាក់ទាញការវិនិយោគ និងទេសចរណ៍។
ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា តំបន់សមុទ្រមានសក្ដានុពលលើវិស័យទេសចរណ៍ ឧស្សាហកម្ម និងពាណិជ្ជកម្ម ខណៈតំបន់ភ្នំមានសក្ដានុពលលើវិស័យទេសចរណ៍ កសិកម្ម និងកសិ-ឧស្សាហកម្ម។ ដូច្នេះ ការគិតគូរពីសក្ដានុពលរបស់ខេត្តនីមួយៗ និងការភ្ជាប់តំបន់សេដ្ឋកិច្ចទាំងនោះ គឺជាចំណុចសំខាន់សម្រាប់ទាក់ទាញវិនិយោគិន និងទេសចរ។
ឯកឧត្តម បានលើកឧទាហរណ៍ថា នៅតំបន់សមុទ្រ ដែលមានខេត្តកំពត កែប ព្រះសីហនុ និងកោះកុង រាជរដ្ឋាភិបាលបានសាងសង់ផ្លូវតភ្ជាប់ពីខេត្តមួយទៅខេត្តមួយ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់វិនិយោគិន និងទេសចរ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងតំបន់។
ឯកឧត្តម បន្តថា ក្រៅពីការតភ្ជាប់រវាងខេត្ត ក៏ត្រូវបន្តសាងសង់ផ្លូវតភ្ជាប់ពីស្រុកមួយទៅស្រុកមួយទៀតនៅក្នុងខេត្តនីមួយៗផងដែរ ព្រោះនៅពេលទេសចរទៅលេងខេត្តមួយ ពួកគេអាចធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ជាច្រើនកន្លែង។ ប្រសិនបើការតភ្ជាប់ផ្លូវមិនល្អ នោះការធ្វើដំណើររបស់ទេសចរក៏នឹងជួបការលំបាក។
ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា ការតភ្ជាប់ផ្លូវនេះមិនគួរផ្តោតតែលើតំបន់សមុទ្រនោះទេ ប៉ុន្តែតំបន់ភូមិភាគឦសាន និងតំបន់ជុំវិញទន្លេសាប ក៏ត្រូវការផ្លូវតភ្ជាប់បន្ថែម ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ទេសចរជាតិ និងអន្តរជាតិផងដែរ។
ឯកឧត្តម បានបញ្ជាក់ថា រាល់ពេលមានបុណ្យជាតិធំៗ ផ្លូវនានាមានការកកស្ទះខ្លាំង និងត្រូវចំណាយពេលធ្វើដំណើរយូរជាងថ្ងៃធម្មតា។ ដូច្នេះ ប្រសិនបើមិនគិតគូរពីការសាងសង់ផ្លូវថ្មីៗ និងពង្រឹងការតភ្ជាប់ផ្លូវទេ នោះនឹងប៉ះពាល់ដល់ការធ្វើដំណើររបស់ទេសចរ។
ឯកឧត្តម សាយ សំអាល់ បានបន្ថែមថា ដើម្បីឱ្យវិស័យទេសចរណ៍កម្ពុជារីកចម្រើន មិនមែនគ្រាន់តែទាក់ទាញទេសចរឱ្យមកកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែត្រូវអភិវឌ្ឍវិស័យដឹកជញ្ជូនឱ្យកាន់តែប្រសើរ។ ឯកឧត្តម ថា ការនិយាយពីការដឹកជញ្ជូន គឺមិនអាចដាច់ពីការអភិវឌ្ឍផ្លូវបានឡើយ។
បច្ចុប្បន្ន រាជរដ្ឋាភិបាលបានសាងសង់ និងពង្រីកផ្លូវជាបន្តបន្ទាប់ ទាំងផ្លូវជាតិដែលមានស្រាប់ និងផ្លូវល្បឿនលឿន។ ជាក់ស្ដែង កម្ពុជាបានដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងកំពុងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ខណៈអនាគតនឹងមានការសាងសង់ផ្លូវល្បឿនលឿនមួយខ្សែទៀតពីភ្នំពេញទៅសៀមរាប និងបន្តទៅប៉ោយប៉ែត។
គួររម្លឹកថា ក្នុងផែនការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាជាច្រើនពាន់លានដុល្លារ បន្ថែមទៀត ដើម្បីអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស រួមមានផ្លូវជាតិ ផ្លូវល្បឿនលឿន និងផ្លូវដែក។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានកៀរគរវិនិយោគិនក្នុង និងក្រៅប្រទេស ឱ្យចូលរួមវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅកម្ពុជា ហើយទទួលបានលទ្ធផលជាបន្តបន្ទាប់ ដូចជាគម្រោងស្ពានឆ្លងកាត់ទន្លេ ផ្លូវថ្នល់ ផ្លូវជាតិ និងផ្លូវល្បឿនលឿន ជាពិសេសគម្រោងព្រែកជីកហ្វូណនតេជោ៕