ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ចណែនាំឱ្យប្រជាពលរដ្ឋរៀបចំផែនការថវិកាច្បាស់លាស់ និងប្រកាន់ខ្ជាប់នូវស្មារតីសន្សំសំចៃតាមលទ្ធភាពជាក់ស្តែង ក្នុងការចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីជៀសវាងវិបត្តិបំណុល ឬសម្ពាធហិរញ្ញវត្ថុក្រោយរដូវកាលបុណ្យ។
បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន AMS ថា ការចំណាយរបស់ប្រជាពលរដ្ឋក្នុងអំឡុងពេលភ្ជុំបិណ្ឌ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្កើតចរន្តសេដ្ឋកិច្ចជាតិ។ ទោះជាយ៉ាងណា លោកបានលើកឡើងថា ចរន្តសេដ្ឋកិច្ចនេះគួរតែដំណើរការទៅដោយរលូន ដោយមិនបង្កជាវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួន ឬគ្រួសារឡើយ។
លោកបណ្ឌិតបានណែនាំឱ្យប្រជាពលរដ្ឋគ្រប់គ្រងចំណាយជាក់ស្ដែង ដោយអាចរៀបចំចង្ហាន់ និងទេយ្យទានដោយខ្លួនឯង ដើម្បីកាត់បន្ថយចំណាយជាងការទិញម្ហូបកញ្ចប់ស្រាប់ពីផ្សារ ព្រមទាំងធានាបាននូវអនាម័យខ្ពស់។
ជាមួយគ្នានេះ ការទិញទំនិញរួមគ្នា រៀបចំកន្ត្រកទេយ្យទាន ឬទិញសម្ភារជាដុំ អាចជួយឱ្យតម្លៃទំនិញសម្រាប់ម្នាក់ៗចំណាយតិចជាងមុន។ លោកបានណែនាំឱ្យជ្រើសរើសទេយ្យវត្ថុឱ្យស្របតាមតម្រូវការ និងផ្តោតលើសម្ភារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃសម្រាប់ព្រះសង្ឃ និងសិស្សលោក ដូចជា ថ្នាំសង្កូវ ទឹកស្អាត អង្ករ ឬសម្ភារសិក្សា ជាជាងទិញសម្ភារដែលមានតម្លៃថ្លៃ ប៉ុន្តែខ្វះប្រយោជន៍ប្រើប្រាស់ជាក់ស្តែង។
បណ្ឌិត ហុង វណ្ណៈ ក៏បានណែនាំឱ្យប្រជាពលរដ្ឋរៀបចំមុនពេលធ្វើដំណើរ ដោយពិនិត្យ និងថែទាំយានយន្តឱ្យបានត្រឹមត្រូវ មុនពេលចេញដំណើរ ដើម្បីចៀសវាងការខូចខាតតាមផ្លូវ ដែលអាចនាំឱ្យចំណាយលើសេវាជួសជុលបន្ទាន់ក្នុងតម្លៃខ្ពស់។
លោកបណ្ឌិតបន្តថា ប្រជាពលរដ្ឋអាចទាញប្រយោជន៍ពីសេវារថយន្តក្រុងសាធារណៈជិះឥតគិតថ្លៃរបស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយបន្ទុកថ្លៃសំបុត្រធ្វើដំណើរ។ លោកបានបញ្ជាក់ថា រៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់លើការធ្វើដំណើររបស់ប្រជាពលរដ្ឋតាមបណ្តាខេត្ត ដោយផ្តល់សេវារថយន្តក្រុងជិះឥតគិតថ្លៃផងដែរ។
ដោយឡែក លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋគួរកំណត់កញ្ចប់ថវិកាឱ្យបានច្បាស់លាស់ មុននឹងចាប់ផ្តើមចូលរួមពិធីកាន់បិណ្ឌនៅតាមបណ្តាវត្ត ហើយបែងចែកថវិកាជាចំណែកៗ ដូចជា ថ្លៃធ្វើដំណើរ ថ្លៃអាហារ បច្ច័យបូជា និងប្រាក់ជូនអ្នកមានគុណជាដើម។
សម្រាប់ដំណោះស្រាយរយៈពេលវែងក្នុងការគ្រប់គ្រងប្រាក់កាស លោក កាំង តុងងី បានណែនាំឱ្យអនុវត្តរូបមន្តគ្រប់គ្រងហិរញ្ញវត្ថុ ៥០/៣០/២០ ដែលអាចអនុវត្តបានចំពោះគ្រប់មុខរបរ។
លោកបានពន្យល់ថា រូបមន្តនេះបែងចែកកញ្ចប់ថវិកាជាបីផ្នែកធំៗ។ ៥០% នៃចំណូលត្រូវប្រើសម្រាប់តម្រូវការចាំបាច់ដែលមិនអាចខ្វះបាន (Needs) ខណៈ ៣០% ប្រើសម្រាប់ចំណាយលើចំណង់ផ្សេងៗ (Wants) ដូចជា ការដើរលេង ទិញសម្ភារប្រើប្រាស់ទំនើបៗ និងការកម្សាន្តផ្សេងៗ។ រីឯ ២០% ទៀត ទុកសម្រាប់វិនិយោគ ឬសន្សំទុកសម្រាប់ដោះស្រាយបំណុល ឬតម្រូវការផ្សេងៗ។
លោក កាំង តុងងី បានបញ្ជាក់ថា វិធីសាស្ត្រនេះសមស្របសម្រាប់ប្រជាពលរដ្ឋដែលមានតម្រូវការចាំបាច់យកទៅប្រើប្រាស់ក្នុងពិធីបុណ្យកាន់បិណ្ឌ។ ទោះបីការគ្រប់គ្រងហិរញ្ញវត្ថុទាមទារការថែរក្សាវិន័យ និងពេលវេលាក្នុងការសម្របខ្លួនក៏ដោយ ក៏វាជាការរួមចំណែកផ្នែកហិរញ្ញវត្ថុដ៏សំខាន់សម្រាប់ការរស់នៅ។
លោកបន្តថា ការរៀនគ្រប់គ្រងប្រាក់កាសឱ្យមានប្រសិទ្ធភាព គឺជាកត្តាកំណត់សុខុមាលភាពហិរញ្ញវត្ថុរបស់គ្រួសារ ទាំងក្នុង និងក្រោយរដូវកាលបុណ្យទាន។
ដូច្នេះ ការចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌឱ្យបានសមរម្យតាមគន្លងប្រពៃណីផង និងរក្សាបាននូវការសន្សំសំចៃថវិកាផង គឺជារឿងសមស្រប តាមរយៈការរៀបចំផែនការ និងការចាត់ចែងថវិកាឱ្យបានច្បាស់លាស់៕