ភ្នំពេញ៖ ដូចការគ្រោងទុក ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានជួបពិភាក្សារកដំណោះស្រាយលើកង្វល់របស់កសិករចំពោះផលិតកម្មស៊ុត ឬពងមាន់ ដែលថាអាចនឹងចាល់ទីផ្សារនៅឆ្នាំ២០២៧ ជាមួយមន្ដ្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
យោងតាមគណនីបណ្តាញសង្គមផ្លូវការរបស់ CDC បានចុះផ្សាយថា អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា ឯកឧត្ដម ជា វុទ្ធី បានស្វាគមន៍ទទួលជួបពិភាក្សាជាមួយលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ហើយបានស្ដាប់នូវប្រវត្ដិនៃការបង្កើតសមាគម និងបានចែករំលែកពីវឌ្ឍនភាព សក្តានុពលវិស័យចិញ្ចឹមសត្វនៅកម្ពុជា ដែលជាផ្នែកដ៏សំខាន់មួយរបស់វិស័យកសិកម្ម និងមានតួនាទីចូលរួមបង្កើនផលិតកម្មក្នុងស្រុក បង្កើតការងារ បង្កើនប្រាក់ចំណូលជូនប្រជាកសិករ និងធានាបាននូវសន្តិសុខស្បៀង។
នៅក្នុងកិច្ចពិភាក្សា លោក ស៊្រុន ពៅ បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វឱ្យកាន់តែរីកចម្រើន និងប្រកបដោយចីរភាព។ ប៉ុន្ដែបញ្ហាប្រឈមជាក់លាក់ដែលបានលើកឡើងក្នុងជំនួបនេះ មិនត្រូវបានបញ្ចេញជាសាធារណៈនៅឡើយ។ ទោះជាយ៉ាងណា នៅមុនជំនួបនេះកើតឡើង ប្រធានសមាគមលោក ស៊្រុន ពៅ ធ្លាប់បានប្រាប់បណ្ដាញសារព័ត៌មាន AMS ថា កង្វល់មួយរបស់សមាគម ក៏ដូចជាកសិករក្នុងស្រុកដែរ គឺរឿងកសិដ្ឋានចិញ្ចឹមមាន់ពងខ្នាតធំរបស់ក្រុមហ៊ុនចិនជាច្រើន កំពុងពង្រីកការផលិតស៊ុតយ៉ាងឆាប់រហ័សក្នុងចំនួនដ៏ច្រើនដែលអាចប៉ះពាល់ដល់ទីផ្សារស៊ុតរបស់កសិករខ្មែរ។
ទន្ទឹមគ្នានឹងការលើកឡើងពីក្ដីបារម្ភរឿងប្រកួតប្រជែងមិនឈ្នះទីផ្សារពងមាន់ ឬស៊ុតដែលផលិតឡើងដោយកសិដ្ឋានទំនើបៗរបស់ក្រុមហ៊ុនចិននៅពេលនេះ ក៏មានអ្នកជំនាញកសិកម្ម និងមន្ដ្រីរាជរដ្ឋាភិបាលមួយចំនួនបានលើកទឹកចិត្ដកសិករ ឬកសិដ្ឋានទាំងតូច ទាំងធំ ឱ្យបន្ដផលិតភាពរបស់ខ្លួន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារដែលកំពុងខ្វះខាតជាក់ស្ដែង និងត្រៀមនាំចេញទៅក្រៅប្រទេស។
បើតាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បច្ចុប្បន្នកម្ពុជាមានតម្រូវការស៊ុត ឬពងមាន់ប្រមាណ ៤លានគ្រាប់ក្នុង១ថ្ងៃ ខណៈដែលកសិករខ្មែរចិញ្ចឹមមាន់ពងផលិតបានស៊ុតជាង ៣លានគ្រាប់ក្នុង១ថ្ងៃ ដែលស្ទើរតែបំពេញតម្រូវការគ្រប់គ្រាន់ទៅហើយ។ ដូច្នេះ និងបើតាមការលើកឡើងរបស់លោក ស៊្រុន ពៅ ក្នុងរយៈពេលដ៏ខ្លី ឬយ៉ាងយូរត្រឹមឆ្នាំ២០២៧ ស៊ុត ឬពងមាន់នឹងចាល់នៅលើទីផ្សារ ដោយសារកសិដ្ឋានធំៗរបស់ចិនចាប់ផ្តើមបញ្ចេញលក់នៅលើទីផ្សារ។
សូមជម្រាបដែរថា គិតត្រឹមល្ងាចថ្ងៃទី១២ ខែវិច្ឆិកា បណ្តាញសារព័ត៌មាន AMS មិនទាន់អាចសុំការអត្ថាធិប្បាយលម្អិតពីលោក ស៊្រុន ពៅ ជុំវិញជំនួបនេះនៅឡើយទេ ប៉ុន្ដែឯកឧត្ដម ជា វុទ្ធី បានលើកឡើងថា គណៈកម្មាធិការវិនិយោគកម្ពុជា បានត្រៀមខ្លួនជួយសមាគមជានិច្ចក្នុងការសម្របសម្រួលជាមួយក្រសួង-ស្ថាប័នជំនាញ ដើម្បីអភិវឌ្ឍវិស័យនេះឱ្យកាន់តែរីកចម្រើន មានលទ្ធភាពផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផង និងអាចនាំចេញទៅទីផ្សារក្រៅស្រុកផង៕