ភ្នំពេញ ៖ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតី អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមប្រធានាធិបតីបានកោតសរសើរការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី និងអបអរសាទរកម្ពុជាចំពោះជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាពេលនេះ។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមនៅពេលនេះ នឹងបើកទំព័រប្រវត្ដិសាស្ត្រថ្មីនៃទំនាក់ទំនងបារាំង-កម្ពុជា។ ជាមួយគ្នានេះ, ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងសង្កត់ធ្ងន់ពីការបន្តពង្រឹង និងពង្រីកភាពជាដៃគូ រវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត។
ជាការឆ្លើយតប, សម្ដេចធិបតី បានចាត់ទុកវត្តមានរបស់ឯកឧត្ដមប្រធានាធិបតីបារាំង ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា ជាដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រ ក្នុងរយៈពេល ៦០ឆ្នាំ ក្រោយពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ្សារល៍ ដឺហ្គោល មកកាន់កម្ពុជា កាលពីឆ្នាំ១៩៦៦ និងទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតី ហ្វ្រង់ស្វ័រ មីទែរ៉ង់ នៅឆ្នាំ១៩៩៣។ សម្ដេចធិបតីបានបន្ថែមថា វត្តមានជាប្រវត្តិសាស្ត្ររបស់ឯកឧត្ដមប្រធានាធិបតីនាពេលនេះ បានផ្តល់សន្ទុះថ្មីដល់ទំនាក់ទំនងកម្ពុជា-បារាំង និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។ សម្ដេចធិបតីក៏បានគូសរំលេចពីសារៈសំខាន់នៃការពង្រឹង និងពង្រីកភាពជាដៃគូ ឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេស ការការអភិវឌ្ឍសេដ្ឋកិច្ច, ការកសាងសមត្ថភាព, ការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន និងការតភ្ជាប់រវាងធុរកិច្ចនិងធុរកិច្ចនៃប្រទេសទាំងពីរ។ សម្តេចធិបតីថ្លែងអំណរគុណចំពោះតួនាទីរបស់បារាំង ក្នុងដំណើរការស្វែងរកសន្តិភាពសម្រាប់កម្ពុជា និងការបន្តគាំទ្រការអភិវឌ្ឍនៅកម្ពុជា។
សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតីបារាំង ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា អំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ, សន្តិសុខនិងការពារជាតិ, ថាមពល, សុខាភិបាល, អប់រំ, វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, បញ្ញាសិប្បនិម្មិត, វប្បធម៌, និងកសិកម្ម។ ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់អំពីការប្តេជ្ញាចិត្តរួម ចំពោះពហុភាគីនិយម, ធម្មនុញ្ញអង្គការសហប្រជាជាតិ, ច្បាប់អន្តរជាតិ និងការដោះស្រាយវិវាទដោយសន្តិវិធី។
ពាក់ព័ន្ធស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ, សម្ដេចធិបតីបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី, ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។ សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតីបារាំង ចំពោះការខិតខំសម្របសម្រួល និងការប្តេជ្ញាចិត្តរបស់ឯកឧត្តម ក្នុងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និងគោលការណ៍គ្រឹះនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសការគោរពអធិបតេយ្យ និងបូរណភាពទឹកដីរបស់រដ្ឋ។
សូមជម្រាបដែរថា ក្នុងឱកាសនៃទស្សនកិច្ចផ្លូវរដ្ឋនេះ, ឯកសារកិច្ចសហប្រតិបត្តិការសរុបចំនួន ២៩ ត្រូវបានចុះហត្ថលេខា បន្ថែមលើសេចក្តីប្រកាសនយោបាយរួម៕