បរទេស៖ ឥណ្ឌាកំពុងបារម្ភថា ការធូរស្រាលនៃភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិន អាចធ្វើឱ្យខ្លួនខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងខកខានឱកាសវិនិយោគសំខាន់ៗ ពិសេសក៏ព្រួយបារម្ភពីផលប៉ះពាល់ផ្នែកសន្តិសុខ ប្រសិនបើទំនាក់ទំនងរវាងមហាអំណាចទាំងពីរកាន់តែជិតស្និទ្ធ។ នេះបើយោងតាមអត្ថបទចេញផ្សាយដោយកាសែត RT នៅសប្តាហ៍នេះ។
ក្តីបារម្ភនេះកើតឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាម៉េរិក Donald Trump និងប្រធានាធិបតីចិន Xi Jinping ដែលបានបញ្ចប់ដោយការយល់ព្រមផ្អាកការដំឡើងពន្ធដាក់គ្នារយៈពេល ២ ខែបន្ថែមទៀត រហូតដល់ពាក់កណ្តាលខែមករា ឆ្នាំ២០២៧។ ទោះអាម៉េរិក និងចិនចាត់ទុកជំនួបនេះថាជាសញ្ញាវិជ្ជមានក៏ដោយ អ្នកវិភាគនៅឥណ្ឌាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការវិវត្តនេះ។
ក្នុងជំនួបចុងក្រោយ មេដឹកនាំទាំងពីរបានពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម រ៉ែសំខាន់ៗ និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ ការចរចាត្រូវបានមើលឃើញថា ចិនមានប្រៀបជាងអាម៉េរិក ដោយសារចិននាំចេញទំនិញបានច្រើន និងកាន់កាប់សមត្ថភាពផលិតរ៉ែកម្រជិត ៧០ភាគរយនៅលើពិភពលោក និងការកែច្នៃរហូតដល់ ៨៥ភាគរយ។
ចំណែកលោក Trump កំពុងប្រឈមនឹងសម្ពាធក្នុងស្រុកពីការធ្លាក់ចុះប្រជាប្រិយភាព និងបញ្ហាសេដ្ឋកិច្ចដែលបណ្តាលមកពីសង្គ្រាមនៅអ៊ីរ៉ង់ ដែលជំរុញឱ្យលោកបន្ធូរបន្ថយការដំឡើងពន្ធលើទំនិញចិន ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាជនអាម៉េរិក។
ការធូរស្រាលនៃទំនាក់ទំនងរវាងអាម៉េរិក និងចិន បានបង្កការព្រួយបារម្ភដល់ឥណ្ឌាថា មហាអំណាចទាំងពីរអាចចាប់ផ្តើមចែកដែនឥទ្ធិពល និងដោះស្រាយបញ្ហាពិភពលោកត្រឹមតែពីរប្រទេស ដោយមើលរំលងប្រទេសផ្សេងៗ រួមទាំងឥណ្ឌា។
បញ្ហាមួយទៀតដែលធ្វើឱ្យឥណ្ឌាមិនពេញចិត្ត គឺការអនុវត្តពន្ធរបស់អាម៉េរិក។ មុនជំនួបរវាងមេដឹកនាំអាម៉េរិក និងចិន លោក Trump បានចុះហត្ថលេខាលើច្បាប់ដំឡើងពន្ធ ១០០ភាគរយលើប្រទេសដែលទិញប្រេងពីរុស្ស៊ី ដែលជាសម្ពាធមួយលើឥណ្ឌា ដោយសារឥណ្ឌានៅតែបន្តទិញប្រេងពីរុស្ស៊ី។
ផ្ទុយទៅវិញ អាម៉េរិកបានយល់ព្រមពន្យារពេលការដំឡើងពន្ធលើទំនិញចិន ទោះចិនមានការទិញទំនិញ និងទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ីដូចគ្នាក៏ដោយ។ អ្នកវិភាគឥណ្ឌាមើលឃើញថា អាម៉េរិកកំពុងប្រើយុទ្ធសាស្ត្រអាជីវកម្ម ដែលដាក់សម្ពាធលើមិត្តភក្តិប្រជាធិបតេយ្យដូចជាឥណ្ឌា ប៉ុន្តែបែរជាបន្ធូរជំហរចំពោះចិន ដោយសារឥទ្ធិពលសេដ្ឋកិច្ចរបស់ចិន។
ក្រៅពីនេះ ទំនាក់ទំនងល្អប្រសើរឡើងរវាងអាម៉េរិក និងចិន អាចប៉ះពាល់ដល់ផែនការរបស់ឥណ្ឌាក្នុងការទាក់ទាញវិនិយោគិនបរទេស។ កន្លងមក ក្រុមហ៊ុនបរទេសជាច្រើនបានផ្លាស់ប្តូរការវិនិយោគពីចិនមកឥណ្ឌា ដោយបោះទុនរាប់ពាន់លានដុល្លារក្នុងការផលិតទូរស័ព្ទ គ្រឿងបន្លាស់រថយន្ត និងផ្ទាំងសូឡា។
ប៉ុន្តែ ប្រសិនបើអាម៉េរិក និងចិនមានទំនាក់ទំនងកាន់តែប្រសើរ ការផ្លាស់ប្តូររោងចក្រពីចិនមកឥណ្ឌាអាចនឹងថយចុះ។ ជាមួយគ្នានេះ លោក Trump អាចនឹងដាក់សម្ពាធលើឥណ្ឌាឱ្យបើកចំហទីផ្សារកសិកម្ម និងបច្ចេកវិទ្យា ដើម្បីឱ្យក្រុមហ៊ុនអាម៉េរិកចូលទៅធ្វើអាជីវកម្មកាន់តែច្រើន។
ចំពោះបញ្ហាសន្តិសុខវិញ ឥណ្ឌាបារម្ភថា លោក Trump ដែលចូលចិត្តការចរចា និងការដោះដូរទ្វេភាគី អាចនឹងបន្ធូរបន្ថយជំហររបស់អាម៉េរិកលើបញ្ហាដែនសមុទ្រ ឬកោះតៃវ៉ាន់ ដើម្បីដោះដូរយកផលប្រយោជន៍សេដ្ឋកិច្ចពីចិន។
ប្រសិនបើអាម៉េរិកបន្ធូរជំហរចំពោះចិន នោះកងទ័ពចិនអាចកាន់តែមានអំណាច ដែលអាចធ្វើឱ្យឥណ្ឌាកាន់តែពិបាកក្នុងការចរចាបញ្ហាព្រំដែនដីគោកជាមួយចិន។
ទោះជាយ៉ាងណា អ្នកតាមដានស្ថានការណ៍យល់ថា ការពន្យារពេលសង្គ្រាមពាណិជ្ជកម្មរវាងអាម៉េរិក និងចិន គ្រាន់តែជាការធូរស្រាលនៅផ្ទៃក្រៅ ខណៈការប្រកួតប្រជែងរវាងមហាអំណាចទាំងពីរនៅតែមានភាពស៊ីជម្រៅ។
ក្នុងបរិបទដែលអាម៉េរិកកំពុងជាប់ដៃនឹងសង្គ្រាម និងវិបត្តិផ្សេងៗ ឥណ្ឌាកំពុងប្រញាប់រៀបចំយុទ្ធសាស្ត្រការបរទេសរបស់ខ្លួនឡើងវិញ ដើម្បីការពារផលប្រយោជន៍ និងជំហររបស់ខ្លួននៅក្នុងតំបន់៕