បរទេស ៖ យោងតាមប្រភពព័ត៌មានពី Radio Free Europe បានរាយការណ៍ថា ចិន មានបំណងចង់សាងសង់បំពង់បង្ហូរហ្គាសធម្មជាតិថ្មីមួយដែលតភ្ជាប់ពីរុស្ស៊ីតាមរយៈម៉ុងហ្គោលី បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធកន្លងទៅនេះ។
បច្ចុប្បន្ននេះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានទៅបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនសម្រាប់វេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (BRF)។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតីចិន Xi Jinping បាននិយាយថា កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយរុស្ស៊ីនឹងធានាបាននូវសន្តិសុខគ្រាប់ធញ្ញជាតិ និងថាមពល ហើយការពង្រឹងទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង គឺជាគោលដៅរយៈពេលវែង។
ស្របពេលនេះដែរ គម្រោងសាងសង់បំពង់បង្ហូរហ្គាសនេះមានឈ្មោះថា Power of Siberia 2 ដោយនឹងនាំយកហ្គាសធម្មជាតិពីឧបទ្វីប Yamal របស់រុស្ស៊ី។ មុនមានជម្លោះអ៊ុយក្រែន ឧបទ្វីប Yamal គឺជាទីផ្សារសហភាពអឺរ៉ុប EU ដែលមានបំពង់បង្ហូរប្រេងជាច្រើនដូចជា Nord Stream ជាដើម។ ទន្ទឹមនឹងនោះ រុស្ស៊ីគ្រោងនឹងបង្កើនការផ្គត់ផ្គង់ហ្គាសតាមបំពង់ទៅចិនចំនួន ៥០ ពាន់លានម៉ែត្រគូប (bcm) ជារៀងរាល់ឆ្នាំតាមរយៈ Power of Siberia 2 ខណៈដែលបំពង់បង្ហូរថាមពលស៊ីបេរីដែលមានស្រាប់នឹងផ្គត់ផ្គង់ ៣៨ ពាន់លានម៉ែត្រគូប (bcm) ក្នុងមួយឆ្នាំត្រឹមឆ្នាំ២០២៥ ។
លើសពីនេះ លោកប្រធានាធិបតីចិន Xi Jinping មានបំណងជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ឆ្លងព្រំដែនរវាងប្រទេសនានាតាមរយៈគម្រោង Great Tea Road រួមទាំងច្រករបៀងសេដ្ឋកិច្ចចិន-ម៉ុងហ្គោលី-រុស្ស៊ីដែលនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងដឹកជញ្ជូនប្រកបដោយគុណភាពខ្ពស់ផងដែរ។