ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្រជែងអំណាចរវាងមហាអំណាចក្នុងសតវត្សរ៍ទី២១ ខណៈបម្រែបម្រួលអាកាសធាតុបានធ្វើឱ្យទឹកកកនៅតំបន់អាកទិករលាយលឿនជាងមុន។
ការផ្លាស់ប្តូរនេះបានធ្វើឱ្យ NSR លែងជាផ្លូវកាត់សម្រាប់កប៉ាល់ដឹកទំនិញធម្មតាប៉ុណ្ណោះ ប៉ុន្តែកំពុងក្លាយជាខ្សែជីវិតសេដ្ឋកិច្ចរបស់រុស្ស៊ី និងជាចំណុចពង្រឹងសម្ព័ន្ធភាពរវាងរុស្ស៊ី និងចិន ក្នុងការកាត់បន្ថយការពឹងផ្អែកលើផ្លូវសមុទ្រដែលស្ថិតក្រោមឥទ្ធិពលរបស់លោកខាងលិច។
ចំណុចសំខាន់មួយនៃការប្រែប្រួលនេះ គឺសន្តិសុខនៃការដឹកជញ្ជូនពាណិជ្ជកម្មពិភពលោក។ ផ្លូវដឹកជញ្ជូនតាមសមុទ្រធំៗជាច្រើន ត្រូវឆ្លងកាត់ចំណុចយុទ្ធសាស្ត្រសំខាន់ៗ ដូចជា ព្រែកជីកស៊ុយអេ និងច្រកសមុទ្រម៉ាឡាកា ដែលត្រូវបានមើលឃើញថាស្ថិតក្រោមឥទ្ធិពលរបស់អាម៉េរិក និងសម្ព័ន្ធមិត្តលោកខាងលិច។
ផ្ទុយទៅវិញ NSR ស្ថិតនៅក្នុងដែនសេដ្ឋកិច្ចរបស់រុស្ស៊ី ដែលធ្វើឱ្យវាត្រូវបានចាត់ទុកថាជាជម្រើសមួយសម្រាប់បណ្តាប្រទេសនានា ក្នុងការកាត់បន្ថយហានិភ័យពីការរំខាន ឬការបិទផ្លូវដឹកជញ្ជូនតាមសមុទ្រដែលមានសារៈសំខាន់ចំពោះពាណិជ្ជកម្មពិភពលោក។
សម្រាប់ប្រទេសនៅអាស៊ីខាងកើត ផ្លូវនេះក៏មានសារៈសំខាន់ក្នុងការធានាការដឹកជញ្ជូន និងប្រភពថាមពល ដោយមិនចាំបាច់ពឹងផ្អែកខ្លាំងលើតំបន់ដែលអាចប្រឈមនឹងទណ្ឌកម្មសេដ្ឋកិច្ច ឬជម្លោះ។ ដោយសារហេតុនេះ ចិនបានលើកកម្ពស់គំនិត Polar Silk Road ដោយមានកិច្ចសហការជាមួយរុស្ស៊ី។
រុស្ស៊ីដែលកំពុងប្រឈមនឹងទណ្ឌកម្មសេដ្ឋកិច្ចពីអឺរ៉ុប និងអាម៉េរិក បានប្រើប្រាស់ NSR ដើម្បីដឹកជញ្ជូនហ្គាស និងប្រេងឆៅទៅកាន់ប្រទេសចិន។ ចំណែកចិន ការចូលរួមវិនិយោគលើផ្លូវនេះ ត្រូវបានមើលឃើញថាមានគោលដៅធានាប្រភពថាមពល និងពង្រីកវត្តមានរបស់ខ្លួននៅតំបន់ប៉ូលខាងជើង។
ទន្ទឹមនឹងនេះ ការទាមទាររបស់រុស្ស៊ីក្នុងការគ្រប់គ្រង NSR ក៏បានបង្កើតភាពតានតឹងជាមួយសហគមន៍អន្តរជាតិ។ រុស្ស៊ីចាត់ទុកផ្លូវនេះជាផ្លូវទឹកក្នុងស្រុករបស់ខ្លួន ដោយតម្រូវឱ្យកប៉ាល់បរទេសសុំការអនុញ្ញាត បង់ថ្លៃឆ្លងកាត់ និងប្រើប្រាស់កប៉ាល់បំបែកទឹកកករបស់រុស្ស៊ីសម្រាប់ជួយនាំផ្លូវ។
ប៉ុន្តែ អាម៉េរិក និងណាតូ មិនយល់ស្របនឹងការទាមទារនេះទេ ដោយចាត់ទុក NSR ជាច្រកសមុទ្រអន្តរជាតិ ដែលគ្រប់ប្រទេសមានសិទ្ធិបើកបរដោយសេរី។ ភាពខុសគ្នានៃទស្សនៈនេះ បានធ្វើឱ្យតំបន់អាកទិកកាន់តែមានសារៈសំខាន់ផ្នែកយុទ្ធសាស្ត្រ និងសន្តិសុខ។
ជាមួយគ្នានេះ ក៏មានការពង្រឹងវត្តមានយោធា និងការសាងសង់ ឬស្តារមូលដ្ឋានយោធាឡើងវិញនៅតំបន់អាកទិកផងដែរ ដែលបន្ថែមស្រទាប់ថ្មីនៃការប្រជែងភូមិសាស្ត្រនយោបាយជុំវិញផ្លូវសមុទ្រនេះ។
នៅទីបំផុត NSR កំពុងបង្ហាញឱ្យឃើញពីការបែងចែកចំណាប់អារម្មណ៍របស់មហាអំណាចជាពីរផ្លូវ។ ក្រុមហ៊ុនរដ្ឋមកពីប្រទេសអាស៊ីកំពុងសាកល្បងប្រើប្រាស់ និងបណ្តាក់ទុនលើផ្លូវនេះ ខណៈក្រុមហ៊ុនដឹកជញ្ជូនធំៗរបស់លោកខាងលិចនៅតែមានការប្រុងប្រយ័ត្ន ដោយសារក្តីបារម្ភអំពីផលប៉ះពាល់បរិស្ថាន ជាពិសេសហានិភ័យនៃការធ្លាយប្រេងនៅក្នុងតំបន់ទឹកកក។
ដូច្នេះ NSR កំពុងលែងជាផ្លូវកាត់ធម្មតា ប៉ុន្តែកំពុងក្លាយជាព្រំដែនថ្មីមួយនៃការប្រជែងអំណាច ដែលមហាអំណាចកំពុងប្រកួតប្រជែងគ្នាលើធនធាន ផ្លូវពាណិជ្ជកម្ម និងឥទ្ធិពលនៅតំបន់ប៉ូលខាងជើង៕