បរទេស៖ ចិនគ្រោងនឹងបញ្ចេញថវិកាប្រមាណ ៣៦០ ពាន់លានយន់ ឬស្មើប្រមាណ ៥៤ ពាន់លានដុល្លារ ដើម្បីចាក់បញ្ចូលទៅក្នុងវិស័យហិរញ្ញវត្ថុរបស់ខ្លួន ស្របពេលរដ្ឋាភិបាលក្រុងប៉េកាំងកំពុងព្យាយាមពង្រឹងស្ថិរភាពរបស់ធនាគារ និងក្រុមហ៊ុនធានារ៉ាប់រង ចំពេលកំណើនសេដ្ឋកិច្ចមានភាពមិនច្បាស់លាស់។ នេះបើយោងតាមការរាយការណ៍របស់ The Guardian។
ស្ថាប័នហិរញ្ញវត្ថុជាច្រើនបានបង្ហើបថា ពួកគេនឹងទទួលបានដើមទុនរាប់ពាន់លានយ័នពីស្ថាប័នរដ្ឋ ដូចជា ក្រសួងហិរញ្ញវត្ថុ និងក្រុមហ៊ុនរដ្ឋដែលប្រកបអាជីវកម្មលើផលិតផលថ្នាំជក់ផ្តាច់មុខ។
កញ្ចប់ថវិកានេះត្រូវបានរៀបចំឡើងដើម្បីបង្កើនសមត្ថភាពរបស់វិស័យហិរញ្ញវត្ថុចិន ក្នុងការវិនិយោគលើទីផ្សារភាគហ៊ុន និងផ្តល់កម្ចីដល់អាជីវកម្មនានា ខណៈមានសញ្ញាបង្ហាញពីភាពខ្សោយនៃកំណើនសេដ្ឋកិច្ច។
ក្រុមហ៊ុនធានារ៉ាប់រងជីវិតធំបំផុតរបស់ចិន China Life Insurance នឹងទទួលបានថវិកាចំនួន ៣៥ ពាន់លានយន់ ឬប្រមាណ ៤,៨៣ ពាន់លានដុល្លារ ខណៈ China Taiping Insurance Group នឹងទទួលបាន ៧ ពាន់លានយន់ ឬប្រមាណ ៩៧០ លានដុល្លារ។
ជាមួយគ្នានេះ គ្រឹះស្ថានផ្តល់កម្ចីរបស់រដ្ឋចំនួន ៣ ទៀត ក៏បានប្រកាសថា ពួកគេនឹងទទួលបានដើមទុនសរុបចំនួន ២៩០ ពាន់លានយន់ ឬប្រមាណ ៤០ ពាន់លានដុល្លារ។
ផែនការនេះត្រូវបានប្រកាសជាលើកដំបូងនៅក្នុងកិច្ចប្រជុំសភាប្រចាំឆ្នាំកាលពីខែមីនា ក្នុងគោលបំណងពង្រីកឧបករណ៍ហិរញ្ញវត្ថុ ដើម្បីជួយពង្រឹង និងទប់ទល់ភាពរឹងមាំរបស់ធនាគាររដ្ឋធំៗផ្សេងទៀត។
បច្ចុប្បន្ន វិស័យធានារ៉ាប់រងរបស់ចិនកំពុងប្រឈមនឹងការធ្លាក់ចុះនៃប្រាក់ចំណេញ ដោយសារអត្រាការប្រាក់បន្តស្ថិតក្នុងកម្រិតទាប។ ទុនដែលទទួលបាន នឹងត្រូវប្រើប្រាស់ដើម្បីបំពេញសាច់ប្រាក់បម្រុងឡើងវិញ ព្រមទាំងជួយរក្សាការពង្រីកឥណទានសម្រាប់អាជីវកម្មនានា។
China Life Insurance បានគូសបញ្ជាក់ថា ការចាក់បញ្ចូលថវិកានេះ គឺជាជំហានដ៏សំខាន់មួយរបស់ប្រទេសក្នុងការលើកកម្ពស់សមត្ថភាពវិស័យហិរញ្ញវត្ថុ ដើម្បីបម្រើសេដ្ឋកិច្ចពិតប្រាកដ និងជំរុញការអភិវឌ្ឍឧស្សាហកម្មហិរញ្ញវត្ថុ និងធានារ៉ាប់រងប្រកបដោយគុណភាពខ្ពស់ ព្រមទាំងពង្រឹងសមត្ថភាពក្នុងការទប់ទល់នឹងហានិភ័យផ្សេងៗ។
ការប្រកាសនេះធ្វើឡើងចំពេលទីក្រុងប៉េកាំងកំពុងមានគោលបំណងកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច ដើម្បីដោះស្រាយបញ្ហាប្រឈមជាច្រើន ដូចជា ការថយចុះនៃកម្លាំងពលកម្ម វិបត្តិអចលនទ្រព្យដែលអូសបន្លាយរាប់ឆ្នាំ និងការប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម និងបច្ចេកវិទ្យាជាមួយអាម៉េរិក។
កំណើនសេដ្ឋកិច្ចរបស់ចិនបានថយចុះយ៉ាងខ្លាំងនៅចន្លោះដើមខែមេសា និងចុងខែមិថុនា ដោយសារតម្រូវការក្នុងស្រុកមានកម្រិតទាប និងផលប៉ះពាល់ផ្សេងៗ។ សេដ្ឋកិច្ចចិនមានកំណើន ៤,៣ ភាគរយនៅក្នុងត្រីមាសទីពីរ ដែលទាបជាងគោលដៅប្រចាំឆ្នាំរបស់ទីក្រុងប៉េកាំង និងធ្លាក់ចុះពីកំណើន ៥ ភាគរយនៅក្នុងត្រីមាសទីមួយ៕