ភ្នំពេញ ៖ ចាប់តាំងពីពេលផ្ទុះសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បានធ្វើឱ្យកម្ពុជាត្រូវខាតបង់ចំណូលប្រមាណ ៥០លានដុល្លារអាម៉េរិកក្នុងមួយខែ ដើម្បីទប់ស្កាត់តម្លៃប្រេងឥន្ធនៈ និងឧស្ម័នមិនឱ្យឡើងថ្លៃខ្ពស់នៅលើទីផ្សារ ដូច្នេះ បើគិតចាប់ពីពាក់កណ្ដាលខែមីនា រហូតដល់ដំណាច់ខែសីហា ឆ្នាំ២០២៦នេះ កម្ពុជាបាត់បង់ចំណូលមិនក្រោម ៣០០លានដុល្លារអាម៉េរិកនោះទេ ។
យោងតាមប្រសាសន៍ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិកាលពីចុងសប្ដាហ៍មុននេះថា ក្នុងឆ្នាំ២០២៦នេះ សេដ្ឋកិច្ចកម្ពុជាបានប្រឈមមុខនឹងពហុវិបត្តិ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យច្បាស់លាស់ ទាំងសម្រាប់រយៈពេលខ្លី មធ្យម និងវែងទៅមុខ ព្រមទាំងមានភាពប្រយ័ត្នប្រយ៉ែង និងភាពបុរេសកម្ម ក្នុងការកំណត់វិធានការដាក់ចេញ ជំរុញឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាព រួមទាំងការអន្តរាគមន៍នានាជាបន្តបន្ទាប់ឱ្យបានទាន់ពេលវេលា ចំគោលដៅ ដែលមានភាពបត់បែន មានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់ ។
ឯកឧត្តមបានបញ្ជាក់ថា ៖
«នៅពេលប្រេងឥន្ធនៈ និងឧស្ម័នឡើងថ្លៃ រាជរដ្ឋាភិបាលក៏បានចាត់វិធានការភ្លាមៗ ដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ជាក់ស្ដែង ចាប់ពីពាក់កណ្ដាលខែមីនា ឆ្នាំ២០២៦ ដើម្បីបន្ធូរបន្ថយការឡើងថ្លៃប្រេងឥន្ធនៈ និងឧស្ម័ន ក៏ដូចជាធានានិរន្តរភាពនៃការផ្គត់ផ្គង់ រាជរដ្ឋាភិបាលបានលះបង់ចំណូលប្រមាណជាង ៥០លានដុល្លារអាម៉េរិក ក្នុង១ខែ សម្រាប់ការអនុវត្តវិធានការនេះ»។
បើតាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ការលះបង់ចំណូល ឬបាត់បង់ចំណូលប្រមាណ៥០លានដុល្លារអាម៉េរិកក្នុងមួយខែតាមរយៈការចាត់ជាបន្ទុករបស់រដ្ឋនូវអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូត ការបញ្ចុះអាករពិសេស និងអាករលើតម្លៃបន្ថែមលើប្រេងសាំង, ប្រេងម៉ាស៊ូត ព្រមទាំងការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមទាំងស្រុង ចំពោះការផ្គត់ផ្គង់ឧស្ម័ន ( LPG )ជាដើម ។
ឯកឧត្តមបានបន្តឱ្យដឹងថា ការសម្រេចបន្តអនុវត្តវិធានការចំណាយលើសារពើពន្ធនេះ ត្រូវបានថ្លឹងថ្លែងយ៉ាងហ្មត់ចត់រវាងប្រសិទ្ធភាព និងភាពរហ័សក្នុងការកាត់បន្ថយសម្ពាធអតិផរណា និងការបាត់បង់ចំណូលពន្ធរបស់រាជរដ្ឋាភិបាល ។ ជាក់ស្ដែង ការកើនឡើងថ្លៃប្រេងឥន្ធនៈយ៉ាងគំហុក នឹងនាំឱ្យថ្លៃដឹកជញ្ជូន ថ្លៃដើម ផលិតកម្ម និងថ្លៃទំនិញប្រើប្រាស់ទូទៅ កើនថ្លៃយ៉ាងរហ័សដុចគ្នា ដែលនឹងដាក់សម្ពាធខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារដែលមានចំណូលទាប និងមធ្យម អ្នកប្រកបរបរក្រៅប្រព័ន្ធ និងសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលសមត្ថភាពស្រូបយកការកើនឡើងនៃថ្លៃដើមនៅមានកម្រិត ។
លោកបណ្ឌិត ញិល រដ្ឋា អ្នកវិភាគសេដ្ឋកិច្ចកម្ពុជា បានមានប្រសាសន៍ថា ការលះបង់ចំណូលប្រមាណ ៥០លានដុល្លារអាម៉េរិកក្នុងមួយខែពីសំណាក់រដ្ឋាភិបាលកម្ពុជា គឺជាការចូលរួមទប់ស្កាត់វិបត្តិថាមពល ដោយសារតែសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាតាមរយៈការកាត់បន្ថយការយកពន្ធអាករមួយចំនួន និងធ្វើឱ្យតម្លៃប្រេង និងឧស្ម័នមនៅកម្ពុជាឡើងតិចតួច ។
លោកបណ្ឌិតបន្តថា ៖
«នៅពេលតម្លៃប្រេងឥន្ធនៈ និងឧស្ម័ន នៅតែស្ថិតក្នុងតម្លៃទាប ប្រជាពលរដ្ឋកម្ពុជានៅតែមានលទ្ធភាពទិញរបស់របរប្រើប្រាស់សម្រាប់តម្រូវការប្រចាំថ្ងៃ ដែលជាការជំរុញឱ្យចរន្តសេដ្ឋកិច្ចបន្តវិលទៅមុខដោយរលូន ។ មិនតែប៉ុណ្ណោះ នៅពេលដែលរាជរដ្ឋាភិបាលទប់ស្កាត់មិនឱ្យថាមពលឡើងថ្លៃខ្ពស់ ក៏អាចទប់ស្កាត់ថ្លៃទំនិញនានាមិនឱ្យឡើងថ្លៃដែរ»។
យ៉ាងណាក៏ដោយ លោកបណ្ឌិតក៏បានឱ្យដឹងដែរថា បើទោះបីជាការលះបង់ចំណូលដ៏ច្រើនរបស់រាជរដ្ឋាភិបាលអាចផ្ដល់ផលវិជ្ជមានច្រើនដល់ពលរដ្ឋក្ដី ប៉ុន្តែរាជរដ្ឋាភិបាលក៏ត្រូវប្រឈមនឹងការបាត់បង់ចំណូលជាតិប្រមាណ ៦០០ ទៅ ៧០០លានដុល្លារអាម៉េរិក បើសិនជាស្ថានភាពនេះអូសបន្លាយរយៈពេល១ឆ្នាំ ដូច្នេះ វានឹងក្លាយជាបន្ទុកថវិកាធ្ងន់ធ្ងរមួយដែលអាចប៉ះពាល់ដល់ការវិនិយោគរយៈពេលវែងរបស់រដ្ឋាភិបាល ដូចជា វិស័យអប់រំ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធ ផងដែរ ៕