ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយដៃគូ មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) សហភាពអឺរ៉ុប (EU) និងធនាគារវិនិយោគអឺរ៉ុប (EIB) បានបើកកិច្ចប្រជុំបូកសរុបពិនិត្យលទ្ធផលទៅលើបេសកកម្ម សម្រាប់មើលថែ តម្រង់ទិសការគ្រប់គ្រង ការអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម ហៅកាត់ (ASPIRE-AT) នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ក្រោមវត្តមានតំណាងភាគីពាក់ព័ន្ធចូលរួមសរុបប្រមាណ ៧០នាក់។
ថ្លែងនៅក្នុងឱកាសអញ្ជើញជាប្រធានគណៈអធិបតីនៃកិច្ចប្រជុំខាងលើនេះ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកម្មវិធី ASPIRE-AT បានលើកឡើងថា ៖ បេសកកម្ម ដែលបានធ្វើឡើងរួមគ្នាដោយរាជរដ្ឋាភិបាលកម្ពុជា ជាមួយមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD), សហភាពអឺរ៉ុប (EU) និងធនាគារវិនិយោគអឺរ៉ុប (EIB) បានវាយតម្លៃពីវឌ្ឍនភាពនៃការអនុវត្តលើបញ្ហាហិរញ្ញប្បទាន និងការផ្តល់ជំនួយ ព្រមទាំងសកម្មភាពអាទិភាព ខណៈដែលការមើលថែ និងតម្រង់ទិសលើការគ្រប់គ្រង និងអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ឆ្ពោះទៅរកការពិនិត្យឡើងវិញត្រឹមពាក់កណ្តាលអាណត្តិរបស់ខ្លួន។ ទាំងនេះកើតឡើងដោយសារតែកម្មវិធីនេះមានសក្តានុពលក្នុងការគាំទ្រដល់ការឆ្លើយតបរបស់ប្រទេសកម្ពុជាចំពោះវិបត្តិសេដ្ឋកិច្ចតាមរយៈការពង្រឹងភាពធន់របស់កសិករខ្នាតតូច ការអភិវឌ្ឍសហគ្រាសជនបទ និងការចូលរួមក្នុងចំណែកទីផ្សារ។
ដោយឆ្លុះបញ្ចាំងពីអាទិភាពជាតិទាំងនេះ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ បានសង្កត់ធ្ងន់ថា ៖
«ការធ្វើពិពិធកម្មក្នុងវិស័យកសិកម្មរបស់យើង ត្រូវតែជួយកសិករឱ្យមានការផ្លាស់ប្តូរពីផលិតកម្មបែបប្រពៃណីទៅជាលក្ខណៈទ្រង់ទ្រាយធំជាងមុន ប្រកបដោយគុណភាពល្អជាងមុន និងមានតម្លៃខ្ពស់ជាងមុន។ នេះគឺជាចក្ខុវិស័យរបស់រដ្ឋាភិបាលសម្រាប់វិស័យកសិកម្មទំនើប និងមានការប្រកួតប្រជែង ខណៈដែលបេសកកម្មរបស់ ASPIRE-AT ក៏កំពុងមានភាពសកម្មក្នុងការជួយប្រែក្លាយចក្ខុវិស័យមួយនេះឱ្យមានលទ្ធផលល្អជាក់ស្តែងសម្រាប់កសិករ»។
ឯកឧត្តមបន្តឱ្យដឹងថា កិច្ចការអាទិភាពជាតិនេះ បច្ចុប្បន្ន កម្មវិធី ASPIRE-AT កំពុងស្ថិតក្រោមការគ្រប់គ្រង និងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយប្រើប្រាស់ការគាំទ្របច្ចេកទេស និងថវិកាដែលរាជរដ្ឋាភិបាលកម្ពុជាបានខ្ចី និងទទួលជាជំនួយពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) មានគោលដៅគ្របដណ្តប់លើគ្រួសារចំនួន ១៤០០០០ គ្រួសារ រួមទាំងគ្រួសារចំនួន ១៥០០០ តាមរយៈសហគមន៍កសិកម្មទំនើប (MACs) ចំនួន ៥០ (សហគមន៍ដំណាំមិនមែនស្រូវចំនួន ៤០ និងដំណាំស្រូវចំនួន ១០) ដោយគាំទ្រដល់របៀបវារៈសហគមន៍កសិកម្មទំនើបដ៏សំខាន់របស់រាជរដ្ឋាភិបាល តាមរយៈការពង្រឹងស្ថាប័ន ការវិនិយោគលើផលិតកម្ម ហេដ្ឋារចនាសម្ព័ន្ធទីផ្សារ និងការទទួលបានហិរញ្ញវត្ថុប្រកបដោយរចនាសម្ព័ន្ធតាមរយៈធនាគារ ARDB និងអគ្គនាយកដ្ឋាន CGCC។ កម្មវិធីនេះក៏កំពុងជំរុញគម្រោងគាំទ្រវិស័យកសិកម្មនាំចេញនៅកម្ពុជា (SELAS) ដែលផ្តល់ហិរញ្ញប្បទានដោយ SSTC ព្រមទាំងការងារសម្រួលពាណិជ្ជកម្មដែលបានបើកឱកាសទីផ្សារថ្មីៗជាមួយប្រទេសចិន តាមរយៈពិធីសារនាំចេញធុរេន មៀនប៉ៃលិនក្រៀម និងខ្នុរស្រស់។
លោក Frew Behabtu តំណាង IFAD និងជានាយកប្រចាំប្រទេសបានសង្កត់ធ្ងន់ថា ៖
«ក្នុងនាមជា IFAD យើងកំពុងសម្លឹងមើលទៅមុខដោយផ្តោតការយកចិត្តទុកដាក់យ៉ាងច្បាស់លាស់លើការពន្លឿនការអនុវត្ត និងធានាថាការវិនិយោគ ASPIRE-AT រួមទាំងការគាំទ្រដល់សហគមន៍កសិកម្មទំនើប នឹងប្រែក្លាយទៅជាការទទួលបានហិរញ្ញប្បទានកាន់តែរឹងមាំ សហគ្រាសជនបទដែលមានសក្តានុពលផ្នែកពាណិជ្ជកម្ម និងការទទួលបានទីផ្សារដែលអាចទុកចិត្តបាន រួមជាមួយប្រាក់ចំណេញបានកាន់តែប្រសើរឡើងសម្រាប់កសិករខ្នាតតូចរបស់កម្ពុជា»។
បេសកកម្មនេះកន្លងមកក៏បានចុះទៅដល់ខេត្តកំពង់ចាម កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ព្រះវិហារ និងសៀមរាប ដើម្បីពិនិត្យឡើងវិញលើខ្សែច្រវាក់តម្លៃមាន់ ធុរេន ស្វាយចន្ទី បន្លែ និងមៀន។ ការពិភាក្សាជាមួយ សហគមន៍កសិកម្មទំនើប កសិករ អ្នកទិញ សហគ្រាសធុនតូច និងមធ្យម (SMEs) និងដៃគូហិរញ្ញវត្ថុ រួមមាន ARDB, CGCC, ធនាគារ វីង, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំរើន និងធនាគារ SME បានផ្ដោតលើហិរញ្ញវត្ថុ ការអភិវឌ្ឍអាជីវកម្ម និងការភ្ជាប់ទំនាក់ទំនងទីផ្សារ។
សូមជម្រាបដែរថា បេសកកម្មនេះក៏បានពិនិត្យឡើងវិញនូវដំណើរការវាយតម្លៃ និងគាំទ្រប្រកបដោយរចនាសម្ព័ន្ធ ដែលជួយឱ្យសហគមន៍កសិកម្មរីកចម្រើនពីការពង្រឹងអង្គភាព ទៅជាការចូលរួមក្នុងទីផ្សារ និងភាពរួចរាល់សម្រាប់ការវិនិយោគ ដោយមានគោលបំណងកែលម្អប្រាក់ចំណូល និងអត្ថប្រយោជន៍អាជីវកម្មសម្រាប់កសិករចំនួន ៣៤៣៤២ នាក់ រួមទាំងស្ត្រី យុវជន ជនជាតិដើមភាគតិច និងក្រុមងាយរងគ្រោះ។
ជាមួយគ្នានេះ ខណៈពេលដែល IFAD ប្រារព្ធខួប ៣០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការដៃគូនៅកម្ពុជា កម្មវិធី ASPIRE-AT បានបង្ហាញយ៉ាងច្បាស់ពីតួនាទីរបស់ IFAD ក្នុងនាមជាដៃគូហិរញ្ញប្បទានដែលគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រែក្លាយការវិនិយោគកសិកម្ម ទៅជាការទទួលបានហិរញ្ញវត្ថុកាន់តែប្រសើរ ផលិតកម្មដែលមានភាពធន់នឹងអាកាសធាតុ និងការភ្ជាប់ទំនាក់ទំនងកាន់តែល្អរវាងកសិករខ្នាតតូចនៅជនបទ និងទីផ្សារ៕