បរទេស៖ ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox របស់ Microsoft បានប្រកាសដំឡើងថ្លៃផលិតផលរបស់ពួកគេជាសកល ដោយសារតែតម្លៃបន្ទះឈីបនៃអង្គចងចាំ (Memory) បន្តឡើងថ្លៃយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ហើយមិនទាន់អាចសន្មត់ពីការធ្លាក់ចុះវិញនៅពេលណានោះទេ។
Apple បានលើកឡើងថា ក្រុមហ៊ុនមិនដែលឃើញតម្លៃគ្រឿងបន្លាស់ឡើងថ្លៃខ្លាំង និងលឿនរហ័សបែបនេះនោះទេ ហើយខ្លួនក៏កំពុងតែស្វែងរកដំណោះស្រាយចំពោះបញ្ហានេះ។
Apple បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ៖ «យើងជួយការពារអតិថិជនពីការឡើងថ្លៃទាំងនេះនាពេលកន្លងមក ប៉ុន្តែឥឡូវនេះយើងបានឈានដល់ដែនកំណត់មួយដែលចាំបាច់ត្រូវតែដំឡើងថ្លៃលើផលិតផលមួយចំនួន ដូចជា iPad និង Mac ជាដើម»។
ជាមួយគ្នានេះ Xbox ក៏បានបង្ហាញពីក្តីបារម្ភដែរថា ពួកគេបង្ខំចិត្តដំឡើងថ្លៃដែលជាការទម្លាក់បន្ទុកទៅលើអ្នកប្រើប្រាស់ ប៉ុន្តែដោយសារតែការកើនឡើងនៃថ្លៃដើមឧបករណ៍ផ្ទុកទិន្នន័យ និងឈីបអង្គចងចាំរបស់ម៉ាស៊ីនហ្គេម។ Xbox ក៏បានលើកឡើងស្រដៀងនឹង Apple ដែរថា ឧស្សាហកម្មគ្រឿងអេឡិចត្រូនិកទាំងមូលកំពុងទប់ទល់នឹងវិបត្តិគ្រឿងបន្លាស់នាពេលបច្ចុប្បន្ន ប៉ុន្តែផលប៉ះពាល់នេះមានភាពធ្ងន់ធ្ងរខ្លាំង ជាពិសេសទៅលើម៉ាស៊ីនហ្គេម។
លោក Paolo Pescatore អ្នកវិភាគផ្នែកបច្ចេកវិទ្យា បានលើកឡើងថា ការដំឡើងថ្លៃរបស់ Apple បានបង្ហាញឱ្យឃើញពីការផ្ទុះឡើងនៃបច្ចេកវិទ្យា AI ដែលកំពុងជះឥទ្ធិពលដល់អ្នកប្រើប្រាស់គ្រឿងអេឡិចត្រូនិក។ សកម្មភាពរបស់ Apple បានបង្ហាញថា សូម្បីតែចំពោះក្រុមហ៊ុនបច្ចេកវិទ្យាធំជាងគេបំផុតនៅលើពិភពលោកក៏ពិបាកនឹងទប់ទល់ចំពោះការកើនឡើងនៃថ្លៃដើមគ្រឿងបន្លាស់សំខាន់ៗដែរ។ ការឡើងថ្លៃនៃតម្លៃឈីបអង្គចងចាំ និងឧបករណ៍ផ្ទុកទិន្នន័យបណ្តាលមកពីការរីកដុះដាលនៃមជ្ឈមណ្ឌលទិន្នន័យដែលត្រូវការជាចាំបាច់ដើម្បីផ្គត់ផ្គង់ដល់បច្ចេកវិទ្យា AI។ បញ្ហានេះបានបង្កឱ្យមានអតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការ មានន័យថា គ្រប់គ្នាចាំបាច់ត្រូវតែចំណាយប្រាក់ច្រើនជាងមុន។