បរទេស៖ យោងតាមប្រភពពី East Asia Forum បានលើកឡើងថា ការកើនឡើងនៃរថយន្តអគ្គិសនី EV នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកកំពុងផ្លាស់ប្តូរសេដ្ឋកិច្ចក្នុងតំបន់ និងសក្ដានុពលថាមពល ដោយចិននាំមុខគេក្នុងការផលិត និងការលក់ ខណៈដែលរោងចក្រ EV ថ្មីៗកំពុងរីកដុះដាលនៅទូទាំងអាស៊ី។
បដិវត្តន៍បច្ចេកវិទ្យា AI និងបៃតងធ្វើឲ្យមានការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ ហើយអាស៊ីកំពុងក្លាយជាវេទិកាប្រកួតប្រជែងដ៏គួរឱ្យទាក់ទាញបំផុត ខណៈដែលវាសម្បូរទៅដោយសារធាតុរ៉ែសំខាន់ៗ។ ក្នុងចំណោមវិស័យបច្ចេកវិទ្យាបៃតង មានវិស័យបីកំពុងនាំមុខគេ គឺសូឡាស្រូបពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និងយាន្តជំនិះអគ្គិសនី EVs ហើយរថយន្ត EV កំពុងក្លាយជាចំណុចតានតឹងនៃបទប្បញ្ញត្តិឧស្សាហកម្ម និងបរិស្ថាន។
នៅទូទាំងអាស៊ី រោងចក្រ EV ថ្មីៗកំពុងត្រូវបានសាងសង់ជាមួយនឹងការលើកទឹកចិត្តឲ្យផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលអគ្គិសនី និងថាមពលកកើតឡើងវិញ។ ការកើនឡើងរថយន្តអគ្គិសនី EV នៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី អាចធ្វើឲ្យពួកគេទទួលយកបច្ចេកវិទ្យាផ្នែកដឹកជញ្ជូនថ្មីៗបានលឿនជាងប្រទេសអភិវឌ្ឍ។
ទន្ទឹមនឹងនេះ ចិនគឺជាអ្នកត្រួសត្រាយផ្លូវសម្រាប់ថាមពលអគ្គិសនី EV នៅអាស៊ី។ កាលពីឆ្នាំ ២០២៣ ៣៦ ភាគរយនៃរថយន្តថ្មីដែលបានលក់នៅចិន គឺជារថយន្តអគិ្គសនី EV ខណៈដែលចិនមានចំណែក ៥៧ ភាគរយនៃការលក់រថយន្តអគ្គិសនី EV ទូទាំងពិភពលោក។ នៅឆ្នាំ ២០២៥ ចិនអាចនឹងផលិតរថយន្តអគ្គិសនី EV ដល់ទៅ ៣៦ លានគ្រឿងក្នុងមួយឆ្នាំ។ យ៉ាងណាមិញ ទីផ្សារចិនក៏កំពុងបង្កការរំខាននៅក្នុងវិស័យបច្ចេកវិទ្យាផងដែរ។ ស្របពេលដែលរថយន្តអគ្គិសនី EVs ក្នុងស្រុកកើនឡើង នោះទីផ្សារនៃម៉ាកបរទេសដែលកំពុងងាកទៅរករថយន្តអគ្គិសនី EV បានធ្លាក់ចុះ។ នៅឆ្នាំ ២០២១ និង ២០២២ ការលក់របស់ Ford នៅចិនបានធ្លាក់ចុះ ៣៤ ភាគរយ, ក្រុមហ៊ុន Nissan ធ្លាក់ចុះ ២៥ ភាគរយ, ក្រុមហ៊ុន Hyundai និង General Motors ធ្លាក់ចុះ ២១ ភាគរយ, ក្រុមហ៊ុន Honda ធ្លាក់ចុះ ១២ ភាគរយ, និង ក្រុមហ៊ុន Volkswagen ធ្លាក់ចុះ ៦ ភាគរយ។ ទន្ទឹមនឹងនោះ ការលក់រថយន្តរបស់ក្រុមហ៊ុន Tesla បានកើនឡើង ៣៧ ភាគរយ ហើយការលក់របស់ BYD កើនឡើង ៨៤ ភាគរយ។