ផ្លែដូងមានសារៈប្រយោជន៍ជាច្រើនសម្រាប់សុខភាព ដោយអាចជួយផ្គត់ផ្គង់ជាតិទឹកដល់រាងកាយ ពង្រឹងប្រព័ន្ធភាពស៊ាំ និងគាំទ្រដល់សុខភាពបេះដូង។ ជាមួយគ្នានេះ វាក៏មានផ្នែកពាក់ព័ន្ធនឹងការរំលាយអាហារ ការថែរក្សាស្បែក និងការគ្រប់គ្រងទម្ងន់ផងដែរ។
ក្រៅពីទាញយកអត្ថប្រយោជន៍សម្រាប់សុខភាព ផ្លែដូងទុំ ត្រូវបានគេញែកស្រកី លលាដ៍ និងខ្ទិះដូង ច្នៃទៅជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ក្នុងវិស័យចំណីអាហារ និងគ្រឿងសម្អាងបានជាច្រើនប្រភេទ។ សម្រាប់កម្ពុជា ស្ថានភាពទីផ្សារដូងនៅល្អ ប៉ុន្ដែមានបញ្ហាប្រឈមក្នុងការដាំដុះ ហើយពិបាកសម្រាប់កសិករដែលកំពុងស្វែងរកឱកាសកែច្នៃ និងបង្កើនតម្លៃផលិតផលដូងរបស់ខ្លួន។
កសិករដាំដូងម្នាក់នៅស្រុកឈូក ខេត្ដកំពត លោក អ៊ូច សុខន បានប្រាប់បណ្ដាញសារព័ត៌មាន AMS ថា ដោយក្ដីស្រលាញ់ និងចង់ប្រែក្លាយជីវភាពគ្រួសារឱ្យកាន់តែប្រសើរ រូបលោកបានដាំដូងក្រអូប ដូងកប៉ាល់ និងដូងតុកកែចំនួន ៤,០០០ដើម លើផ្ទៃដីជាង ១៥ហិកតា។ ចាប់តាំងពីឆ្នាំ២០២១ ដែលដូងចាប់ផ្ដើមហុចផលឆ្នាំដំបូងមក លោកទទួលបានដូងប្រមាណ ១០,០០០ផ្លែ ក្នុង១ឆ្នាំៗ ប៉ុន្ដែមិនដែលបានលក់ចេញអស់ៗទេ ព្រោះឈ្មួញដែលចូលមកទិញភាគច្រើនសម្រាំងយកតែផ្លែល្អៗដើម្បីទៅលក់បន្ដ។
កសិកររូបនេះ បង្ហើបថា កត្ដាជ្រើសរើសពូជខុស បានធ្វើឱ្យលោកខកចិត្ដម្ដងហើយ។ លោកខំថែតាំងពីតូច រហូតបានផល តែបែរជាផ្លែមកតូច លក់មិនសូវបានថ្លៃ ដោយក្នុង ១ផ្លែ លោកលក់បានតែ ១,០០០រៀលប៉ុណ្ណោះ។ តម្លៃនេះ បានធ្វើឱ្យលោកអល់អែក ក្នុងការពង្រីកផ្ទៃដីដាំដុះដូងបន្ថែមឱ្យគ្រប់ ២៥ហិកតា តាមគម្រោងដែលធ្លាប់គិតជាមួយគ្រួសារកន្លងមក។
លោកបន្ដថា បញ្ហាប្រឈមចំនួន ៣ ដែលលោកកំពុងជួបប្រទះ គឺទី១ ពិបាកបែងចែកពូជដូងសុទ្ធ និងពូជដូងក្លាយ ធ្វើឱ្យលោកខាតពេលថែទាំ ទទួលផលទាប ផ្លែតូច ហើយក្ដៀបច្រើន។ ទី២ តម្លៃដូងទិញដល់ចម្ការ តម្លៃគឺស្ថិតនៅលើមាត់ឈ្មួញ ដែលភាគច្រើនគេទិញថោក ហើយយកតែផ្លែល្អៗ។ ទី៣ ថ្លៃដើមលើការដាក់ជី និងជួលកម្លាំងពលកម្មថែទាំថ្លៃ មិនសមតុល្យនឹងការចំណាយទុន។
លោក អ៊ូច សុខន បញ្ជាក់ថា បើទោះបីជាជួបបញ្ហាជិត ៥ឆ្នាំមកហើយក្ដី លោកមិនដែលបោះបង់ការតាំងចិត្ដដាំដូងឱ្យបានជោគជ័យនោះទេ ដោយបច្ចុបន្ន្នលោកនៅរក្សាការថែទាំដូងដែលកំពុងប្រមូលស្រាប់នេះឱ្យបានល្អ ហើយផ្ទៃដីដែលសល់គ្រោងដាំដូងបន្ថែមនោះ ត្រូវកែច្នៃទៅដាំដំណាំអ្វីផ្សេងវិញ ដើម្បីទប់គ្នា។
លោក អ៊ូច សុខន៖ “ខ្ញុំមើលឃើញថា យើងមានតែទិន្នផលមិនគ្រប់គ្រាន់ទេ ត្រូវច្នៃវាឱ្យទៅជារបស់មានតម្លៃ…ដូចដូងខ្ចីយើងលក់ឱ្យគេ ១ផ្លែ បានតែ ១,០០០រៀលទេ តែដល់គេយកទៅឡៅ ឬធ្វើជាចាហួយដូងអីវិញ គេលក់បានរហូតដល់ ១ដុល្លារ។ ខ្ញុំស្នើឱ្យក្រសួងកសិកម្មជួយចងក្រងបណ្ដាញកសិករដាំដូង ដូចអ្នកដាំដំណាំសក្ដានុពលផ្សេងទៀតដែរ ហើយលើកទឹកចិត្ដកសិករកែច្នៃដូងឱ្យបានច្រើន”។
លោក អ៊ូច សុខន មានមហិច្ឆតា បង្កើតសិប្បកម្មលក្ខណៈគ្រួសារ ហើយឈានដល់ដំណើរការសិប្បកម្មខ្នាតមធ្យមមួយទៅថ្ងៃអនាគត ដើម្បីផលិតប្រេងដូងត្រជាក់ ដោយចម្រាញ់ពីដូងទុំរបស់លោកជ្រុះច្រើននៅក្រោមដើម ជាជាងចោល ឬប្រើមិនអស់។ បច្ចុប្បន្នលោកចម្រាញ់បានប្រេងដូងត្រជាក់សម្រាប់ទុកហូបប្រចាំគ្រួសារបានហើយ ដោយមើលមេរៀនតាមបណ្ដាញសង្គម YOUTUBE ។ លោកនឹងទៅរៀនបច្ចេកទេសបន្ថែមពីមន្ត្រីជំនាញ មុនសុំលិខិតអនុញ្ញាតពីក្រសួងពាក់ព័ន្ធ ដើម្បីបើកដំណើរសិប្បកម្មពេញលេញ ខណៈដែលលោកក៏ខ្នះខ្នែងណាស់ដែរលើការថែទាំដំណាំដូង ដើម្បីឱ្យទទួលបានផ្លែខ្ចី ទឹកឆ្ងាញ់ផ្គត់ផ្គង់ឱ្យឈ្មួញយកទៅលក់បន្ដ។
ចំណែកម្ចាស់កសិដ្ឋានដូងក្រអូបខ្មែរ នៅស្រុកព្រៃនប់ ខេត្ដព្រះសីហនុ លោក ប៊ុត គឹមឆាយ បានប្រាប់បណ្ដាញសារព័ត៌មាន AMS ថា ដូងក្រអូប និងប្រភេទដូងដូនតាមួយចំនួនទៀតកំពុងមានទីផ្សារខ្ពស់ ក្រោយបិទការនាំចូលពីប្រទេសថៃ ដោយជំនួសមកវិញនូវការប្រកួតប្រជែងគ្នានៅលើទីផ្សាររវាងដូងខ្ចីនាំចូលពីប្រទេសវៀតណាម និងដូងខ្ចីរបស់ខ្មែរ។
លោកបន្ដថា បើទោះបីជា ដូងខ្ចីកំពុងមានទីផ្សារល្អ តែលោកបានបន្ថយការផ្គត់ផ្គង់ដូងខ្ចីឱ្យម៉ូយពី ៣ម៉ឺនផ្លែ ក្នុង១ខែ មកនៅត្រឹម ៥,០០០ផ្លែ ក្នុង១ខែ សម្រាប់តែម៉ូយនៅស្រុកស្រែអំបិល ខេត្ដកោះកុង និងនៅរាជធានីភ្នំពេញប៉ុណ្ណោះ។ ព្រោះដូងជាង ៤៧ហិកតារបស់លោកដាំយូរ លូតកាន់តែខ្ពស់ ពិបាកប្រមូលផល ទើបលោកប្រែយុទ្ធសាស្ដ្រប្រមូលផល ដោយទុកឱ្យវាទុំ សម្រាប់បណ្ដុះលក់វិញម្ដង។
លោក ប៊ុត គឹមឆាយ៖ “ខ្ញុំសង្កេតឃើញថា ការផ្គត់ផ្គង់មិនទាន់គ្រប់ទេបង! ទាំងដូងខ្ចី និងដូងពូជសម្រាប់ហូប និងកែច្នៃលក់ក្នុងស្រុក ឬទៅក្រៅ ជាពិសេសសម្រាប់សិប្បកម្មធំៗ គេត្រូវការទិញជាទៀងទាត់ ហើយក្នុងបរិមាណច្រើនៗ។ តែដូចខ្ញុំឥឡូវនេះ ងាកមកផ្ដោតលើការផ្ដល់ពូជសុទ្ធ និងមានគុណភាពដល់កសិករវិញ ហើយដូងពូជ ខ្ញុំលក់បាន ៨,០០០រៀល/ដើម ថ្លៃជាងលក់ផ្លែខ្ចីឆ្ងាយ”។
ដោយមើលឃើញទំនោរដាំដូងនៅកម្ពុជា ជាពិសេសនៅខេត្ដកំពង់ស្ពឺ កំពត កោះកុង និងខេត្ដព្រះសីហនុ កសិដ្ឋានដូងក្រអូបខ្មែររបស់លោក ប៊ុត គឹមឆាយ បានពង្រីកទីផ្សារកូនដូងក្រអូបទៅកាន់ខេត្ដទាំងនេះរាប់ម៉ឺនដើមក្នុង១ខែៗ។ ជាក់ស្ដែងរយៈពេល ៤ខែ ដើមឆ្នាំ២០២៦ លោកបានបញ្ចេញពូជដូងក្រអូបចំនួន ៦៥,០០០ដើម ហើយលោកប្ដេជ្ញារក្សាការបណ្ដុះ និងលក់ចេញឱ្យបានទៀងទាត់ ក្នុង១ខែ ឱ្យបាន១ម៉ឺនដើម។
សម្រាប់អ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត គី សេរីវឌ្ឍន៍ មើលឃើញថា ការកែច្នៃកសិផលកសិកម្មនៅកម្ពុជា ជាពិសេសដូងនៅមានកម្រិតដែលទាមទារឱ្យមានការផ្គត់ផ្គង់ផង ផ្ដល់បច្ចេកទេសផង និងគាំទ្រផ្នែកទីផ្សារផង។ ដូងដាំបានត្រូវផ្គត់ផ្គង់ទៅឱ្យឧស្សាហកម្មកែច្នៃ ប៉ុន្ដែនៅពេលដែលកសិករ ឬម្ចាស់សិប្បកម្មដំឡើងកម្រិតកែច្នៃទៅខ្នាតធំៗ អាចប្រឈមនឹងបញ្ហាមួយចំនួន។ ដូចជា ប្រទេសជិតខាងកម្ពុជា តែងតែប្រើយុទ្ធសាស្ដ្រប្រមូលទិញដូងពីកម្ពុជាក្នុងតម្លៃថ្លៃ នោះកសិករនឹងលក់ឱ្យគេ ធ្វើឱ្យកម្ពុជាខ្វះដូងកែច្នៃរហូតសិប្បកម្មក្នុងស្រុកដួលរលំ ពេលនោះ គេនឹងទម្លាក់តម្លៃផ្លែដូងខ្មែរវិញម្ដង ដែលធ្វើឱ្យកសិករ និងម្ចាស់សិប្បកម្មរងគ្រោះដូចគ្នា។
លោកបណ្ឌិត បានផ្ដល់អនុសាសន៍ថា ទន្ទឹមនឹងការពង្រីកការដាំដុះ បង្កើនទិន្នផលដូង ឬកសិករត្រូវកែច្នៃអ្វីបន្ថែម ដើម្បីបង្កើនតម្លៃលក់ឱ្យត្រូវនឹងទីផ្សារ ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម ត្រូវដោះស្រាយបញ្ហាទីផ្សារ បច្ចេកទេសផលិត និងការផ្គត់ផ្គង់ជាក់លាក់ដល់កសិករ ឬម្ចាស់សិប្បកម្មជាមុនសិន ទើបធ្វើឱ្យផលិតកម្មចេញពីដំណាំដូងនេះ មានចីរភាព។
ពីដំណាំដែលមានសក្ដានុពលជួបការលំបាក ឆ្ពោះទៅរកឱកាសមាសលើទីផ្សារ។ មន្ដ្រីជំនាញកសិកម្ម និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម យ៉ង សាំងកុមារ ទទួលស្គាល់ថា លទ្ធភាពកែច្នៃផ្លែដូងខ្ចី និងដូងទុំរបស់កសិករខ្មែរនៅមិនទាន់ឆ្លើយតបនឹងតម្រូវការទីផ្សារនៅឡើយ ហើយអ្នកមានលទ្ធភាពបង្កើតសិប្បកម្មកែច្នៃដូងនាំចូលផ្សារទំនើប និងនាំចេញទៅក្រៅប្រទេសក៏មិនទាន់មានច្រើន។ ប៉ុន្ដែឯកឧត្ដមសង្កត់ធ្ងន់ថា កសិករតាមបណ្ដាខេត្ដ ជាពិសេសខេត្ដព្រះសីហនុ កំពត កោះកុង គួរបង្កើនការដាំដុះ។
ឯកឧត្ដម យ៉ង សាំងកុមារ៖ “វាពិបាក បើនិយាយដល់រឿងបច្ចេកទេសកែច្នៃ! សំខាន់យើងកំពុងពិនិត្យមើលលទ្ធភាព ជំរុញឱ្យកសិករងាកពីដាំស្រូវមកដាំដូងនៅតាមស្រែក្នុងខេត្ដដែលមានសក្ដានុពលហ្នឹង! ឥឡូវនេះ ការផ្គត់ផ្គង់ដូងទុំក៏ខ្វះច្រើនដែរ…ដូច្នេះដូងនៅមានទីផ្សារល្អ ជាងស្រូវឆ្ងាយ”។
គិតត្រឹមឆ្នាំ២០២៥ កម្ពុជា មានផ្ទៃដីដាំដុះដំណាំដូងសរុប ២០,១៦៩ ហិកតា ក្នុងនោះផ្ទៃដីកំពុងប្រមូលផលមានចំនួន ១៤,៥១១ ហិកតា ដែលបរិមាណផលសរុបប្រចាំឆ្នាំមាន ៣៥៧,២៨៧ តោន។ ទិន្នផលនេះ មិនទាន់ឆ្លើយតបទីផ្សារ ឬផ្គត់ផ្គង់គ្រប់សម្រាប់ទីផ្សារក្នុងស្រុកនៅឡើយទេ។ ក្រសួងកសិកម្ម កំពុងជំរុញកសិករនៅតាមខេត្ដជាប់មាត់សមុទ្រ និងខេត្ដដែលមានដីអំណោយផលដល់ដំណាំដូង ឱ្យប្រែក្លាយពីផ្ទៃដីស្រែធ្លាប់ធ្វើស្រូវ មកជាចម្ការដូងជំនួសវិញ ដើម្បីបំពេញតម្រូវការដូងខ្ចី និងដូងទុំសម្រាប់កែច្នៃ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដចំនួន៣ គឺព្រះសីហនុ កំពត និងខេត្ដកំពង់ស្ពឺ គឺជាខេត្ដដែលមានដំណាំដូងច្រើនជាងគេ ហើយបច្ចុប្បន្នបានពង្រីកទៅកាន់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង ដោយសារកម្រិតទឹកភ្លៀងខ្ពស់ចន្លោះពី១,៥០០ ទៅ ២,៥០០ ម.ម/ឆ្នាំ សីតុណ្ហភាពសមស្របចន្លោះពី២៥ ទៅ៣៥°C និងប្រភេទដីសមស្របសម្រាប់ដំណាំដូង។
របាយការណ៍ដដែលបញ្ជាក់ថា ក្រសួងបានជួយបើកច្រកទីផ្សារអន្តរជាតិសម្រាប់ការនាំចេញផ្លែដូងស្រស់ទៅកាន់ទីផ្សារចិន និងបានចុះហត្ថលេខាលើលក្ខខណ្ឌតម្រូវភូតគាមអនាម័យជាមួយភាគីចិន ដើម្បីជំរុញការនាំចេញផ្លែដូងស្រស់។ ក្រសួងក៏បានពង្រឹងស្ដង់ដាគុណភាព តាមរយៈយុទ្ធនាការចុះបញ្ជីចម្ការតាមស្ដង់ដារកសិកម្មល្អ (GAP) និងចុះបញ្ជីរោងចក្រវិចខ្ចប់។ ទន្ទឹមគ្នានេះ ក៏គាំទ្រការបង្កើតសហគមន៍កសិកម្មដូង ដើម្បីកាត់បន្ថយថ្លៃដើមផលិត និងជំរុញការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា និងគាំទ្របច្ចេកទេសផលិតកម្មដូងឱ្យមានប្រសិទ្ធភាព៕