ភ្នំពេញ៖ គម្រោងអចលនទ្រព្យប្រភេទបុរីនៅកម្ពុជាត្រូវបានរំពឹងថានឹងកើនដល់ ៥៦៥ គម្រោងដែលបានសាងសង់រួច ស្មើនឹង ១៨៤,២៤៣ ខ្នង នៅត្រឹមដំណាច់ឆ្នាំ ២០២៦ ខណៈលំនៅឋានដែលមានតម្លៃក្រោម ១០០,០០០ ដុល្លារ នៅតែមានតម្រូវការខ្លាំងពីអ្នកទិញ។
លោក ជា គឹមស៊ា នាយករងនៃនាយកដ្ឋានស្រាវជ្រាវ និងប្រឹក្សាយោបល់របស់ក្រុមហ៊ុន APS Cambodia បានប្រាប់ AMS នារសៀលថ្ងៃទី២១ ខែកញ្ញា ថា វិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជានៅតែបន្តមានការអភិវឌ្ឍ ហើយចំនួនគម្រោងបុរីដែលបានសាងសង់រួចត្រូវបានរំពឹងថានឹងឈានដល់ ៥៦៥ គម្រោងនៅចុងឆ្នាំនេះ។
លោកបានឱ្យដឹងថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៦ APS Cambodia បានកត់សម្គាល់ឃើញគម្រោងបុរីចំនួន ២៤ ត្រូវបានដាក់ឱ្យដំណើរការ។ ក្នុងចំណោមនេះ មាន ១១ គម្រោងជាប្រភេទកម្រិតមធ្យម ៩ គម្រោងជាប្រភេទកម្រិតខ្ពស់ និង ៤ គម្រោងជាលំនៅឋានតម្លៃសមរម្យ។
លោក ជា គឹមស៊ា បានថ្លែងថា៖ «ក្នុងចំណោមគម្រោងទាំង២៤ ដែលបានដាក់ឱ្យដំណើរការនោះ ១១ គឺជាគម្រោងកម្រិតមធ្យម ៩ គឺជាគម្រោងកម្រិតខ្ពស់ ដែលភាគច្រើនស្ថិតនៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ។ ហើយ ៤ គម្រោងទៀត គឺជាគម្រោងដែលមានតម្លៃសមរម្យ ហើយស្ថិតនៅតំបន់ភាគខាងត្បូងឆ្ងាយពីរាជធានីភ្នំពេញ គឺតំបន់ស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ»។
លោក ជា គឹមស៊ា បានឱ្យដឹងថា APS Cambodia មើលឃើញថា គម្រោងបុរីតម្លៃសមរម្យ និងកម្រិតមធ្យម នៅតែតំណាងឱ្យទីផ្សារដែលមានវិសាលភាពធំទូលាយ ខណៈអចលនទ្រព្យកម្រិតខ្ពស់បម្រើដល់ក្រុមអ្នកទិញដែលមានចំនួនតិចជាង។
លោកបានបន្ថែមថា សកម្មភាពលក់អចលនទ្រព្យកម្រិតខ្ពស់ អាចមិនឆ្លុះបញ្ចាំងទាំងស្រុងពីស្ថានភាពទូទៅនៃទីផ្សារលំនៅឋាននោះទេ ដោយសារតម្រូវការរបស់ក្រុមអ្នកទិញមានភាពខុសគ្នាតាមកម្រិតតម្លៃ។
លោក ជា គឹមស៊ា បានថ្លែងថា៖ «ជាទូទៅ អចលនទ្រព្យដែលមានតម្លៃសមរម្យនៅតែមានអត្រាលក់ចេញបានលឿនជាងអចលនទ្រព្យកម្រិតមធ្យម និងកម្រិតខ្ពស់ ដោយសារវាឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមអ្នកទិញដែលមានចំនួនច្រើនជាង ដែលរួមមានទាំងអ្នកទិញដើម្បីស្នាក់នៅផ្ទាល់ និងអ្នកដែលមានលទ្ធភាពហិរញ្ញវត្ថុក្នុងកម្រិតកំណត់»។
ជាមួយនឹងស្ថានភាពលក់យឺត អ្នកអភិវឌ្ឍន៍បានបង្កើនការផ្តល់ជូនបញ្ចុះតម្លៃ និងកម្មវិធីផ្សព្វផ្សាយ ដើម្បីជំរុញការលក់។ លោក ជា គឹមស៊ា បានកត់សម្គាល់ថា ការបញ្ចុះតម្លៃសម្រាប់អចលនទ្រព្យប្រភេទផ្ទះ ត្រូវបានឃើញមានជាទូទៅប្រមាណ ១០ ភាគរយ ប៉ុន្តែកម្រិតជាក់ស្តែងអាចប្រែប្រួលតាមគម្រោង និងលក្ខខណ្ឌនៃការទូទាត់។
លោកក៏បានបញ្ជាក់ថា អ្នកអភិវឌ្ឍន៍កាន់តែមានភាពច្នៃប្រឌិតក្នុងការរៀបចំកញ្ចប់កម្មវិធីផ្សព្វផ្សាយលក់ ដើម្បីទាក់ទាញអ្នកទិញក្នុងទីផ្សារដែលកំពុងប្រឈមការលំបាក។
ទោះជាយ៉ាងណា លោក ជា គឹមស៊ា បានសង្កត់ធ្ងន់ថា ការបញ្ចុះតម្លៃតែមួយមុខមិនមែនជាកត្តាសំខាន់បំផុតសម្រាប់ជំរុញការលក់លំនៅឋានតម្លៃសមរម្យ និងកម្រិតមធ្យមនោះទេ។ លក្ខខណ្ឌបង់ប្រាក់ដែលមានភាពបត់បែន និងទាក់ទាញ ហើយស្របទៅនឹងលទ្ធភាពហិរញ្ញវត្ថុរបស់អ្នកទិញ មានសារៈសំខាន់ជាងក្នុងការជំរុញការសម្រេចចិត្តទិញ។
លោក ប៉ូ អ៊ាវគង់ នាយកប្រតិបត្តិនៃក្រុមហ៊ុន Advance Real Estate Co Ltd បានឱ្យដឹងថា ទីផ្សារបុរីកំពុងមានការផ្លាស់ប្តូរ ប៉ុន្តែក៏នៅមានភាពជាប់គាំងមួយចំនួន ដោយការលក់គម្រោងដំណើរការយឺត។ ស្ថានភាពនេះបានធ្វើឱ្យយុទ្ធសាស្ត្របញ្ចុះតម្លៃក្លាយជាវិធីសាស្ត្រមួយដែលអ្នកអភិវឌ្ឍន៍ត្រូវអនុវត្តនៅក្នុងទីផ្សារបច្ចុប្បន្ន។
លោកបានបែងចែកទីផ្សារបុរីជាបីកម្រិតតាមតម្លៃ។ អចលនទ្រព្យដែលមានតម្លៃក្រោម ១០០,០០០ ដុល្លារ ជាទូទៅត្រូវបានចាត់ទុកជាលំនៅឋានតម្លៃសមរម្យ ខណៈអចលនទ្រព្យដែលមានតម្លៃចន្លោះពី ១០០,០០០ ដុល្លារ ដល់ ៣០០,០០០ ដុល្លារ ស្ថិតក្នុងកម្រិតមធ្យម។ ចំណែកអចលនទ្រព្យដែលមានតម្លៃចាប់ពី ៣០០,០០០ ដុល្លារឡើងទៅ រហូតដល់រាប់លានដុល្លារ ស្ថិតក្នុងទីផ្សារកម្រិតខ្ពស់។
លោក ប៉ូ អ៊ាវគង់ បានថ្លែងថា៖ «ប្រសិនបើយើងបែងចែកតាមកម្រិតតម្លៃទាំងនេះ យើងឃើញថាអចលនទ្រព្យដែលមានតម្លៃក្រោម ១០០,០០០ ដុល្លារ នៅតែមានតម្រូវការខ្លាំងនៅក្នុងទីផ្សារ»។
យ៉ាងណាក៏ដោយ លោកបានលើកឡើងថា លក្ខណៈនៃគម្រោងដែលទីផ្សារត្រូវការនៅមិនទាន់ឆ្លើយតបទាំងស្រុងទៅនឹងអ្វីដែលអ្នកអភិវឌ្ឍន៍កំពុងផ្តល់ជូននៅឡើយទេ។ លោកបញ្ជាក់ថា លំនៅឋានតម្លៃសមរម្យក្រោម ១០០,០០០ ដុល្លារ តម្រូវឱ្យមានការគ្រប់គ្រងចំណាយសាងសង់ក្នុងកម្រិតទាបបំផុត។
លោក ប៉ូ អ៊ាវគង់ បានឱ្យដឹងថា ទីផ្សារបុរីនៅតែប្រឈមនឹងបញ្ហាជាច្រើន ដោយអ្នកអភិវឌ្ឍន៍មួយចំនួនជួបការលំបាកក្នុងការលក់គម្រោងរបស់ខ្លួន។ លោកបានលើកឡើងថា កម្ពុជាកំពុងទទួលរងសម្ពាធពីកត្តាខាងក្នុង និងខាងក្រៅ ដែលបានធ្វើឱ្យការចំណាយរបស់ប្រជាជនមានការផ្លាស់ប្តូរ។
លោកបានពន្យល់ថា ការថយចុះនៃប្រាក់សន្សំបានធ្វើឱ្យមនុស្សមួយចំនួនផ្អាកគម្រោងទិញអចលនទ្រព្យរបស់ខ្លួន។ ទោះយ៉ាងណា លោកនៅតែមើលឃើញឱកាសសម្រាប់អ្នកដែលមានបំណងទិញផ្ទះ ដោយសារមានការផ្តល់ជូនពិសេស និងការបញ្ចុះតម្លៃពីអ្នកអភិវឌ្ឍន៍។
លោក ប៉ូ អ៊ាវគង់ ក៏បានបញ្ជាក់ថា ប្រសិនបើតម្លៃដី ថ្លៃពលកម្ម និងតម្លៃសម្ភារសំណង់មានការថយចុះ នោះនឹងជួយកែលម្អលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ និងសម្រួលដល់អ្នកអភិវឌ្ឍន៍ក្នុងការជំរុញទីផ្សារប្រភេទនេះ។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា បានពន្យល់ថា វិស័យអចលនទ្រព្យជាវិស័យមួយដែលពឹងផ្អែកលើវិស័យជាច្រើនទៀត ដែលរួមគ្នាបង្កើតកម្លាំងទិញ ដើម្បីឱ្យប្រតិបត្តិការទីផ្សារអាចដំណើរការ។
លោកបានបញ្ជាក់ថា ទីផ្សារបុរី និងអចលនទ្រព្យអាស្រ័យលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចទាំងមូលរបស់ប្រទេស តំបន់ និងពិភពលោក។ នៅពេលស្ថានភាពសេដ្ឋកិច្ចមានការផ្លាស់ប្តូរ តម្លៃអចលនទ្រព្យក៏អាចប្រែប្រួលទៅតាមស្ថានភាពទាំងនោះ។
លោក ហុង វណ្ណៈ ក៏បានលើកឡើងថា ការលក់ និងការបញ្ចុះតម្លៃអចលនទ្រព្យអាស្រ័យលើទីតាំង លក្ខណៈភូមិសាស្ត្រ និងតម្លៃទីផ្សារដែលម្ចាស់គម្រោងកំណត់ ដោយផ្អែកលើស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក។
លោកបានបន្ថែមថា ក្នុងដំណាក់កាលទិញលក់បច្ចុប្បន្ន អតិថិជនមិនមានភាពច្របូកច្របល់ខ្លាំងនោះទេ ដោយអ្នកអភិវឌ្ឍន៍បុរីបានផ្តល់ជូនជម្រើសផ្សេងៗ រួមមានការបញ្ចុះតម្លៃ កម្មវិធីពិសេស និងការផ្តល់ជូនមួយចំនួនដែលអាចចរចាបាន។
តាមទិន្នន័យរបស់ APS Cambodia ចំនួនគម្រោងបុរីដែលបានសាងសង់រួចត្រូវបានរំពឹងថានឹងឈានដល់ ៥៦៥ គម្រោង ស្មើនឹង ១៨៤,២៤៣ ខ្នង នៅត្រឹមចុងឆ្នាំ២០២៦ ដោយលំនៅឋានតម្លៃសមរម្យ និងកម្រិតមធ្យមនៅតែជាផ្នែកសំខាន់នៃទីផ្សារសម្រាប់អ្នកទិញផ្ទះនៅកម្ពុជា៕