បរទេស៖ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ តម្លៃប្រេងឆៅនៅលើទីផ្សារសាកលបានកើនឡើងជាង ១ ភាគរយបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក Donald Trump បដិសេធសំណើកិច្ចព្រមព្រៀងសន្តិភាពពីអុីរ៉ង់ ដែលធ្វើឱ្យតំបន់មជ្ឈិមបូព៌ាស្ថិតក្នុងភាពតានតឹងកម្រិតខ្ពស់ឡើងវិញ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNA ។
នៅលើទីផ្សារសាកល តម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ១,២៧ ភាគរយ កើនដល់ ១០៥,៦៤ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ០,៧៦ ភាគរយ កើនដល់ ៩៣,១១ ដុល្លារក្នុងមួយបារ៉ែល។ សូមបញ្ជាក់ដែរថា មូលហេតុដែលតម្លៃប្រេងក្នុងប្រទេសកម្ពុជាមិនឡើងចុះស្របតាមតម្លៃប្រេងឆៅអន្តរជាតិភ្លាមៗ ដោយសារកម្ពុជាមិនបាននាំចូលប្រេងឆៅសុទ្ធមកប្រើប្រាស់ដោយផ្ទាល់នោះទេ ប៉ុន្តែកម្ពុជាបាននាំចូលផលិតផលប្រេងចម្រាញ់រួចជាស្រេច ដូចជា ប្រេងសាំង និងម៉ាស៊ូត ជាដើម។ ជាទូទៅ ស្ថានីយប្រេងក្នុងស្រុកតែងមានស្តុកប្រេងចាស់ដែលបានទិញទុកមុន ដូច្នេះ តម្លៃលក់រាយត្រូវរង់ចាំការសម្អាតស្តុកចាស់ និងគិតគូរពីថ្លៃដើមដឹកជញ្ជូន។
កាលពីសប្តាហ៍មុន អុីរ៉ង់ បានប្រកាសពីសំណើសន្តិភាពមួយនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនាទីក្រុងញូវយ៉ក ដោយបញ្ជាក់ថា សំណើនោះត្រូវបានបញ្ជូនទៅភាគីអាម៉េរិកតាមរយៈអ្នកការទូតដែលជាអ្នកសម្របសម្រួល។ យ៉ាងណាមិញ លោក Trump បានថ្លែងកាលពីថ្ងៃសៅរ៍កន្លងទៅនេះថា លោកបដិសេធផែនការនោះ ប៉ុន្តែរំពឹងថា ភាគីចរចាអាម៉េរិកនឹងចូលរួមក្នុងកិច្ចចរចាបន្ថែមទៀតនៅក្នុងសប្តាហ៍នេះ។ ក្រុមអ្នកវិភាគរបស់ធនាគារ ANZ បានលើកឡើងក្នុងកំណត់ត្រាមួយថា ហានិភ័យភូមិសាស្ត្រនយោបាយនៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់ ខណៈដែលក្រុមយេម៉ែន Houthi និងអុីរ៉ង់បន្តការវាយប្រហារលើអារ៉ាប៊ីសាអូឌីត ដែលធ្វើឱ្យលំហូរផ្គត់ផ្គង់ក្នុងតំបន់ប្រឈមនឹងភាពងាយរងគ្រោះ។ ជាមួយគ្នានេះ សម្ព័ន្ធមិត្តរបស់អារ៉ាប៊ីសាអូឌីតបានបញ្ជាក់ថា ខ្លួនបានស្ទាក់ចាប់មីស៊ីលចំនួនពីរ និងដ្រូនចំនួនពីរគ្រឿង ដែលបានបាញ់ប្រហារដោយក្រុម Houthi។
សូមជម្រាបថា កាលពីសប្តាហ៍មុន ទីផ្សារប្រេងឆៅមានភាពខុសគ្នាខ្លាំង ដោយតម្លៃប្រេងឆៅអន្តរជាតិ Brent ឡើងថ្លៃ ០,៤ ភាគរយ ប៉ុន្តែស្តង់ដារអាម៉េរិក WTI បែរជាធ្លាក់ចុះដល់ទៅ ៧,៩ ភាគរយ ដែលបណ្តាលមកពីក្ដីព្រួយបារម្ភក្នុងស្រុកថា រដ្ឋាភិបាលអាចនឹងហាមឃាត់ការនាំចេញប្រេងម៉ាស៊ូត ដើម្បីទប់ស្កាត់តម្លៃប្រេងក្នុងស្រុកដែលកំពុងឡើងថ្លៃខ្ពស់កប់ពពក។ នៅពេលដែលមានក្ដីរំពឹងទុកថា ការនាំចេញប្រេងម៉ាស៊ូតអាចនឹងត្រូវហាមឃាត់ រោងចក្រចម្រាញ់ប្រេងនៅអាម៉េរិកបានកាត់បន្ថយបរិមាណផលិតកម្មរបស់ខ្លួន ព្រោះមិនអាចនាំចេញទៅលក់ក្រៅប្រទេសបាន និងធ្លាក់ចុះតម្រូវការពីបរទេស។ ដូច្នោះហើយ ការកាត់បន្ថយទិន្នផលចម្រាញ់នេះធ្វើឱ្យតម្លៃប្រេងឆៅ WTI ធ្លាក់ចុះខ្លាំង។
យ៉ាងណាមិញ ទិន្នន័យបឋមពីក្រុមហ៊ុន Kpler បានបង្ហាញថា ការនាំចេញប្រេងឆៅពីបណ្តាប្រទេសផលិតសំខាន់ៗនៅមជ្ឈិមបូព៌ាបានងើបឡើងវិញដល់ ១២,៨ លានបារ៉ែលក្នុងមួយថ្ងៃ(ក្នុងខែកញ្ញា) ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីចុងខែកុម្ភៈ។ ការងើបឡើងវិញនេះ កើតឡើងបន្ទាប់ពីមានការបន្ធូរបន្ថយទៅលើការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz និងការបង្វែរទៅរកផ្លូវដឹកជញ្ជូនថ្មីរបស់អារ៉ាប៊ីសាអូឌីត បន្ទាប់ពីបំពង់បង្ហូរប្រេង East-West របស់ខ្លួនរងការវាយប្រហារដោយក្រុម Houthi៕