បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។
លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី ហាក់កំពុងព្យាយាមបង្កអស្ថិរភាព និងគួរឲ្យសង្ស័យ។ ប៉ូឡូញបានចាត់វិធានការឆ្លើយតបភ្លាមៗដោយការបញ្ជូនកងកម្លាំងពិសេស GROM និងប៉ូលិសប្រឆាំងភេរវកម្ម ដែលធ្វើឱ្យក្រុមមនុស្សសង្ស័យទាំងនោះដកថយចូលទៅក្នុងដែនដីរុស្ស៊ីវិញ។ ថ្វីត្បិតតែស្ថានភាពថ្មីនេះមិនសូវធ្ងន់ធ្ងរក្ដី ប៉ុន្តែគេមើលឃើញថា ប៉ូឡូញហាក់ត្រៀមខ្លួនរួចជាស្រេចក្នុងការតទល់ជាមួយរុស្ស៊ី បើទោះបីខ្លួនជាប្រទេសតូចជាងក្តី។
អាថ៌កំបាំង និងជាចន្ទល់បង្អែកសំខាន់ៗនៅពីក្រោយភាពក្លាហានរបស់ ប៉ូឡូញ ដែលហ៊ានប្រឈមមុខដោយកម្លាំងយោធាជាមួយរុស្ស៊ីនាពេលនេះ ត្រូវបានបណ្តាញព័ត៌មាន Turkish News និង DW យកមកចេញផ្សាយជាសាធារណៈមានចំនួន ៥ចំណុច ៖
ទី១. សេដ្ឋកិច្ចរឹងមាំ៖ ប៉ូឡូញមានសេដ្ឋកិច្ចធំជាងគេទី ៦ នៅសហភាពអឺរ៉ុប ដោយផលិតផលក្នុងស្រុកសរុប (GDP) មានប្រមាណ ១ ទ្រីលានដុល្លារក្នុងឆ្នាំ២០២៥។ ប៉ូឡូញ ជាប្រទេសនៅក្នុងសហភាពអឺរ៉ុបតែមួយគត់ដែលមិនធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចសូម្បីតែម្តង ហើយក៏ជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់បំផុតមួយដែរសម្រាប់វិស័យទំនើបៗជាច្រើន។ បន្ថែមពីនោះ ប៉ូឡូញ ក៏ជាមជ្ឈមណ្ឌលដឹកជញ្ជូន និងភស្តុភារកម្ម ដែលតភ្ជាប់ពាណិជ្ជកម្មរវាងអឺរ៉ុបខាងលិច អឺរ៉ុបខាងកើត និងតំបន់សមុទ្របាល់ទិក។ មិនដូចប្រទេសអឺរ៉ុបមួយចំនួនដែលពឹងផ្អែកលើឧស្ម័នរុស្ស៊ីនោះឡើយ ប៉ូឡូញមានស្ថានីយឧស្ម័នធម្មជាតិរាវ (LNG) របស់ខ្លួនឯង ដើម្បីនាំចូលឧស្ម័នពីអាម៉េរិក និងកាតា ព្រមទាំងមានចំណែកនៅក្នុងបំពង់បង្ហូរឧស្ម័ន Baltic Pipe នាំចូលឧស្ម័នដោយផ្ទាល់ពីណ័រវែស។ មូលហេតុទាំងនេះហើយដែលធ្វើឲ្យសេដ្ឋកិច្ចប៉ូឡូញមិនងាយរងសម្ពាធថាមពលពីរុស្ស៊ីនោះឡើយ។
ជាមួយនឹងចំនួនប្រជាជនសរុបប្រមាណ ៤០ លាននាក់ ប៉ូឡូញ ពោរពេញទៅដោយកម្លាំងពលកម្មវ័យក្មេង មានសមត្ថភាពខ្ពស់ ស្ទាត់ជំនាញភាសាអង់គ្លេស និងបច្ចេកវិទ្យា។ ជាលទ្ធផល ប៉ូឡូញជាគោលដៅលេខ ២ នៅអឺរ៉ុបសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Google, Microsoft, Amazon, IBM ក្នុងការបើកមជ្ឈមណ្ឌលស្រាវជ្រាវ។ លើសពីនេះ កម្រិតបំណុលសាធារណៈរបស់ប៉ូឡូញ មានអត្រាទាបជាងប្រទេសសេដ្ឋកិច្ចធំដទៃទៀត ដូចជា អាល្លឺម៉ង់ បារាំង និងអាម៉េរិក ជាដើម ខណៈដែលទាំងវិន័យថវិកា និងកំណើនសេដ្ឋកិច្ចលូតលាស់រឹងមាំបែបនេះហើយ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលប៉ូឡូញអាចទាញថវិកាជាតិបានជិត ៥ ភាគរយនៃ GDP ចាយទៅលើវិស័យយោធា និងទិញសព្វាវុធទំនើបៗសម្រាប់ការពារប្រទេស។
ទី២. ភាពរីកចម្រើនវិស័យយោធា៖ យោងតាមការវាយតម្លៃផ្នែកអំណាចយោធាសកលបានឲ្យដឹងថា ប៉ូឡូញ ជាប់ចំណាត់ថ្នាក់លេខ ២១ លើពិភពលោកក្នុងចំណោម ១៤៥ ប្រទេស។ ប៉ូឡូញ កំពុងប្រែក្លាយខ្លួនទៅជាប្រទេសដែលមានកងទ័ពជើងគោកធំ និងខ្លាំងបំផុតមួយនៅអឺរ៉ុប។ មិនត្រឹមតែប៉ុណ្ណោះប៉ូឡូញបានចំណាយលើវិស័យការពារជាតិរហូតដល់ ៤.៨ ភាគរយនៃ GDP របស់ខ្លួន ដែលជាអត្រាខ្ពស់ជាងគេបង្អស់ក្នុងចំណោមសមាជិក NATO ទាំងអស់។ លើសពីនេះ ប៉ូឡូញ បានចាយលុយរាប់ពាន់លានដុល្លារទិញបរិក្ខាយោធាទំនើបៗ ដូចជា រថក្រោះ Abrams, យន្តហោះចម្បាំង F-35, ប្រព័ន្ធរ៉ុក្កែត HIMARS, ប្រព័ន្ធការពារដែនអាកាស Patriot ពីអាម៉េរិក រួមទាំងរថក្រោះ K2, កាំភ្លើងធំ K9, និងយន្តហោះ FA-50 ពីកូរ៉េខាងត្បូងផងដែរ។
ទី៣. ការសាងសង់បន្ទាយការពារ «East Shield» ជាមួយសម្ព័ន្ធមិត្ត៖ ប៉ូឡូញ កំពុងកសាងប្រព័ន្ធការពារព្រំដែនប្រវែង ៨០០ គីឡូម៉ែត្រឈ្មោះ «East Shield»។ គម្រោងនេះមានការចូលរួមផ្ទាល់ពីកងវិស្វករប្រយុទ្ធអាល្លឺម៉ង់ក្នុងការរៀបចំប្រព័ន្ធស្ទាក់ចាប់រថក្រោះ ការគាំទ្រប្រព័ន្ធការពារអាកាស Patriot និងយន្តហោះចម្បាំងពីអាល្លឺម៉ង់ ដែលជាសញ្ញាយុទ្ធសាស្ត្របញ្ជាក់ថា ព្រំដែនប៉ូឡូញ គឺជាព្រំដែនការពាររួមរបស់ NATO និងសហភាពអឺរ៉ុប EU។
ទី៤. កិច្ចការពាររួមរបស់ NATO និងវត្តមានទ័ពអាមេរិក៖ ប៉ូឡូញ បានក្លាយជាសមាជិកពេញសិទ្ធិរបស់ NATO តាំងពីឆ្នាំ១៩៩៩។ ផ្អែកលើមាត្រា ៥ នៃសន្ធិសញ្ញា NATO ការវាយប្រហារលើប៉ូឡូញស្មើនឹងការប្រកាសសង្គ្រាមប្រឆាំងនឹងសមាជិកទាំង ៣២ ប្រទេស ដោយក្នុងនោះសុទ្ធតែជាមហាអំណាចនុយក្លេអ៊ែរ ដូចជា អាម៉េរិក អង់គ្លេស និងបារាំង ជាដើម។ កំពង់ផែទឹកជ្រៅ Gdansk និង Gdynia របស់ប៉ូឡូញនៅសមុទ្របាល់ទិក អាចបិទខ្ទប់សមត្ថភាពរបស់រុស្ស៊ី ដោយសារទីតាំងនេះត្រូវបានប្រើប្រាស់ជាច្រកយុទ្ធសាស្ត្រយោធាដ៏សំខាន់សម្រាប់ NATO ខណៈដែលតំបន់សមុទ្របាល់ទិកស្ទើរទាំងអស់ត្រូវបានគ្របដណ្ដប់ដោយប្រទេសជាសមាជិក។ បន្ថែមពីនេះ អាម៉េរិក បានបោះទីតាំងបញ្ជាការដ្ឋានយោធាជួរមុខ និងពង្រាយទ័ពប្រមាណ ១ ម៉ឺននាក់នៅលើទឹកដីប៉ូឡូញរួចជាស្រេច។
ទី៥. បទពិសោធន៍ប្រវត្តិសាស្ត្រ និងស្នេហាជាតិ៖ ក្នុងប្រវត្តិសាស្ត្រ ប៉ូឡូញ ធ្លាប់ត្រូវបានសហភាពសូវៀតឈ្លានពាន ពុះចែកទឹកដី និងដាក់អាណានិគមជាច្រើនលើក។ ក្ដីឈឺចាប់ទាំងនេះ បានបង្កើតជាគំនិតស្នេហាជាតិនៅក្នុងសង្គមប៉ូឡូញថា «ការបង្ហាញភាពទន់ជ្រាយ គឺជាការបើកផ្លូវឱ្យសត្រូវចូលមកឈ្លានពាន»។ ដូច្នេះហើយ ប៉ូឡូញ បានរៀបចំយុទ្ធសាស្ត្រ និងត្រៀមការឆ្លើយតបយ៉ាងក្តៅគគុកជានិច្ចចំពោះរុស្ស៊ី៕