បរទេស ៖ ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានព្រមានដាក់ពន្ធលើសហភាពអឺរ៉ុបជុំវិញផែនការផ្តល់សមាជិកភាពរងដល់ប្រទេសកាណាដា នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNBC ។
លោក Trump បានព្រមានដាក់ពន្ធធ្ងន់ធ្ងរ ឬ បញ្ឈប់ការធ្វើពាណិជ្ជកម្មទាំងស្រុងជាមួយសហភាពអឺរ៉ុប ប្រសិនបើប្លុកនេះបន្តផែនការផ្តល់សមាជិកភាពរង (Associate Member) ដល់ប្រទេសកាណាដា។
លោក Trump ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថា៖
«ខ្ញុំគិតថាវាជារឿងគួរឱ្យអស់សំណើច… កាណាដា គឺជាដៃគូពាណិជ្ជកម្មដ៏អាក្រក់បំផុត។ បើខ្ញុំយល់ថាវាជាសកម្មភាពអរិភាព ខ្ញុំនឹងដាក់ពន្ធធ្ងន់ធ្ងរ ឬបញ្ឈប់ការធ្វើពាណិជ្ជកម្មលើមុខទំនិញជាច្រើនជាមួយអឺរ៉ុប»។
ការព្រមានរបស់លោក Trump ធ្វើឡើងបន្ទាប់ពីប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ប្រកាសថា សហភាពអឺរ៉ុបកំពុងបើកទ្វារឱ្យកាណាដាក្លាយជាសមាជិកភាពរងដំបូងគេបង្អស់របស់ប្លុកនេះ។ បច្ចុប្បន្ន «សមាជិកភាពរង» មិនទាន់មានចែងក្នុងសន្ធិសញ្ញារបស់សហភាពអឺរ៉ុបនៅឡើយទេ ហើយរាល់ការរៀបចំទម្រង់នេះតម្រូវឱ្យមានការអនុម័តផ្លូវការពីសមាជិកទាំងអស់។
នៅក្នុងថ្លែងការណ៍ប្រចាំឆ្នាំស្តីពីស្ថានភាពសហភាពអឺរ៉ុប នៅទីក្រុង Strasbourg ប្រទេសបារាំង លោកស្រី Ursula von der Leyen បានលើកឡើងថា សហភាពអឺរ៉ុបចង់លើកកម្ពស់ទំនាក់ទំនងជាមួយកាណាដាឱ្យដល់កម្រិតខ្ពស់បំផុត។ សំណើកិច្ចសហប្រតិបត្តិការនេះរួមមាន៖ ការងាររួមគ្នាក្នុងវិស័យផលិតកម្ម និងប្រព័ន្ធការពារជាតិ, សម្ព័ន្ធភាពបច្ចេកវិទ្យា និងថាមពល, និង ការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) និងកិច្ចសហប្រតិបត្តិការនៅតំបន់អាកទិក។
នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ដែលបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំដែរនោះ បានសបញ្ជាក់ថា កាណាដា មានបំណងបង្កើតសម្ព័ន្ធភាពផ្នែកសន្តិសុខ និងសេដ្ឋកិច្ចសកលជាមួយអឺរ៉ុប ប៉ុន្តែមិនមែនជាការចូលជាសមាជិកពេញសិទ្ធិនោះទេ។
បច្ចុប្បន្ន កាណាដា ជាប្រទេសក្រៅតំបន់អឺរ៉ុបតែមួយគត់ដែលស្ថិតក្នុងកម្មវិធី SAFE របស់សហភាពអឺរ៉ុបដែលជួយសម្រួលដល់ក្រុមហ៊ុនកាណាដាក្នុងការទិញដូរគ្រឿងសព្វាវុធ និងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីស្រាប់ដែលលុបបំបាត់ពន្ធលើមុខទំនិញជិត ៩៩ ភាគរយ។ ដោយឡែក ការគំរាមកំហែងដាក់ពន្ធថ្មីពីសំណាក់លោក Trump នឹងក្លាយជារឿងរសើបលើក្របខ័ណ្ឌពាណិជ្ជកម្មដែលវ៉ាស៊ីនតោន និងប្រ៊ុចសែល ព្រមព្រៀងគ្នាកំណត់ពន្ធត្រឹម ១៥ ភាគរយលើមុខទំនិញភាគច្រើនដែលនាំចេញពីអឺរ៉ុបទៅកាន់អាម៉េរិក។ ទោះជាយ៉ាងណា ខាងភាគីសហភាពអឺរ៉ុបមិនទាន់ឆ្លើយតបជាផ្លូវការចំពោះការគំរាមកំហែងរបស់លោក Trump នៅឡើយទេ។
សូមជម្រាបថា បន្ទាប់ពីជម្លោះពាណិជ្ជកម្មជាមួយនឹងអាម៉េរិក និងការចរចាបរាជ័យ កាណាដា ខិតខំស្វែងរកដៃគូសេដ្ឋកិច្ចថ្មីៗជាបន្តបន្ទាប់ ខណៈដែលលោក Trump បានដំឡើងពន្ធ ៥០ ភាគរយលើទំនិញកាណាដា និងគ្រោងហាមឃាត់ការនាំចូលផលិតផលទឹកដោះគោ គ្រឿងស្រវឹង និងរថយន្តនៅចុងខែកញ្ញានេះ ដែលនាំឱ្យមានការឆ្លើយតបវិញយ៉ាងក្តៅគគុកពីទីក្រុងអូតាវ៉ាវិញដូចគ្នា។ លើសពីនេះ លោក Trump ធ្លាប់មានបំណងចង់បានកាណាដាឲ្យក្លាយជារដ្ឋទី ៥១ របស់អាម៉េរិកថែមទៀតផង។ អ្នកជំនាញមកពីក្រុមប្រឹក្សាទំនាក់ទំនងបរទេសបានលើកឡើងថា បើទោះបីជាអាម៉េរិក និងកាណាដា រកផ្លូវដោះស្រាយជម្លោះពាណិជ្ជកម្មនេះបានក្ដី ក៏កាណាដា នឹងនៅតែបន្តកាត់បន្ថយភាពរងគ្រោះរបស់ខ្លួនពីសម្ពាធសេដ្ឋកិច្ចអាម៉េរិកដដែល៕