ភ្នំពេញ៖ អ្នកជំនាញប្រវត្តិសាស្ត្រ និងនយោបាយកម្ពុជា លោកសាស្ត្រាចារ្យ ឥន សុផល មើលឃើញថា ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម Emmanuel Macron ប្រធានាធិបតីបារាំង មកកាន់កម្ពុជាចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ និងការចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច។
លោកសាស្ត្រាចារ្យ ឥន សុផល បានលើកឡើងថា ក្នុងផ្នែកនយោបាយ ដំណើរទស្សនកិច្ចនេះបង្កើតលំហសម្រាប់កម្ពុជាក្នុងការពង្រីកការចរចាជាមួយបារាំង និងបន្តពង្រឹងបណ្តាញដៃគូតាមរយៈក្របខណ្ឌហ្វ្រង់កូហ្វូនី។ ជាពិសេស វាជាឱកាសសម្រាប់កម្ពុជាពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំបារាំង អំពីអាទិភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនានា។
អ្នកជំនាញរូបនេះបន្តថា កម្ពុជាក៏ទទួលបានឱកាសបន្ថែមពីការក្លាយជាប្រធានកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីផងដែរ។ យោងតាមមាត្រា៣ នៃធម្មនុញ្ញហ្វ្រង់កូហ្វូនី ប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលនៃប្រទេសម្ចាស់ផ្ទះ នឹងកាន់តួនាទីជាប្រធានកិច្ចប្រជុំកំពូលរហូតដល់កិច្ចប្រជុំកំពូលលើកបន្ទាប់ ដែលជាទូទៅធ្វើឡើងរៀងរាល់ពីរឆ្នាំម្តង។
តួនាទីនេះផ្តល់ឱកាសឱ្យកម្ពុជាដឹកនាំការពិភាក្សា កសាងការគាំទ្រពីប្រទេសសមាជិក និងជំរុញកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ចឱ្យកាន់តែទូលំទូលាយ។
ចំពោះអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច លោកសាស្ត្រាចារ្យ ឥន សុផល បានលើកឡើងថា ប្រធានាធិបតីបារាំងបានបង្ហាញបំណងពង្រីកទីផ្សារសម្រាប់ធុរកិច្ចបារាំងនៅកម្ពុជា។ ចំណែកកម្ពុជា អាចប្រើប្រាស់ចំណាប់អារម្មណ៍នេះជាឱកាសចរចា ដើម្បីធានាថា គម្រោងវិនិយោគនានានាំមកនូវការងារជំនាញ ការផ្ទេរបច្ចេកវិទ្យា និងការបញ្ជាទិញផលិតផលពីអ្នកផ្គត់ផ្គង់ក្នុងស្រុក។
តាមទិន្នន័យរបស់រតនាគារបារាំង ពាណិជ្ជកម្មទំនិញរវាងកម្ពុជា និងបារាំងមានទំហំប្រមាណ ១,៧៥ ពាន់លានអឺរ៉ូក្នុងឆ្នាំ២០២៥ កើនឡើង ១៧,៥% បើធៀបនឹងឆ្នាំ២០២៤។ តួលេខនេះអាចប្រើជាមូលដ្ឋានសម្រាប់វាស់វែងការរីកចម្រើននៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលខាងមុខ។
បច្ចុប្បន្ន បារាំងមានវត្តមានក្នុងវិស័យសំខាន់ៗនៅកម្ពុជា រួមមាន ដឹកជញ្ជូន ថាមពល កសិកម្ម និងចំណីអាហារ ទេសចរណ៍ សុខាភិបាល និងហិរញ្ញវត្ថុ។ តាមរយៈកិច្ចសហប្រតិបត្តិការទាំងនេះ កម្ពុជាអាចទទួលបានអត្ថប្រយោជន៍ពីការកែច្នៃផលិតផលក្នុងស្រុក ការលើកកម្ពស់ស្តង់ដារគុណភាព ការបង្កើតការងារជំនាញ ព្រមទាំងការភ្ជាប់សហគ្រាសខ្មែរទៅកាន់អ្នកទិញ និងអ្នកផ្គត់ផ្គង់បច្ចេកវិទ្យារបស់បារាំង។
ដោយឡែក លើផ្នែកហិរញ្ញប្បទានអភិវឌ្ឍន៍ កម្ពុជាមានមូលដ្ឋានកិច្ចសហប្រតិបត្តិការជាមួយបារាំងរួចជាស្រេច ដើម្បីបន្តជំរុញគម្រោងថ្មីៗ។ យោងតាមក្រសួងការបរទេសបារាំង ក្រុមទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដែលមានវត្តមាននៅកម្ពុជាតាំងពីឆ្នាំ១៩៩៣ បានសន្យាផ្តល់ហិរញ្ញប្បទានសរុបជាង ១,៣ ពាន់លានអឺរ៉ូ សម្រាប់គម្រោងលើវិស័យទឹក អនាម័យ ថាមពល កសិកម្ម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្រៅពីវិស័យសេដ្ឋកិច្ច និងនយោបាយ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក៏មានសារៈសំខាន់ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ផងដែរ។ ជាក់ស្តែង គម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច មានទំហំទឹកប្រាក់ប្រមាណ ៦ លានអឺរ៉ូ ដោយមានការចូលរួមពីភាគីបារាំងតាំងពីឆ្នាំ២០១២ តាមសំណើរបស់អាជ្ញាធរកម្ពុជា និងក្នុងភាពជាដៃគូជាមួយអាជ្ញាធរជាតិអប្សរា។ គម្រោងនេះបង្ហាញពីកិច្ចសហប្រតិបត្តិការរយៈពេលវែងក្នុងការថែរក្សា និងអភិរក្សបេតិកភណ្ឌជាតិ។
គួររំលឹកថា ចាប់ពីឆ្នាំ១៩៦៦ រហូតដល់ឆ្នាំ២០២៦ កម្ពុជាបានទទួលស្វាគមន៍ប្រធានាធិបតីបារាំងចំនួន ៣ រូបហើយ។ ក្នុងនោះ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៦៦ កម្ពុជាបានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកឧត្តម Charles de Gaulle។ បន្ទាប់មក នៅថ្ងៃទី១១ និងទី១២ ខែកុម្ភៈ ឆ្នាំ១៩៩៣ ឯកឧត្តម François Mitterrand បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ ចុងក្រោយ គឺដំណើរទស្សនកិច្ចរបស់ឯកឧត្តម Emmanuel Macron ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ៕