ព្រះសីហនុ ៖ បណ្តាក្រុមអ្នកនេសាទជាច្រើន បានបង្ខំចិត្តផ្អាកចេញទូកទៅប្រមូលផលសមុទ្រ ដោយសារតម្លៃប្រេងឥន្ធនៈបានបន្តឡើងថ្លៃខ្ពស់នៅលើទីផ្សារ ធ្វើឱ្យពួកគេមិនអាចរកប្រាក់ចំណេញបានដូចពេលមុនបាន។
លោកស្រី ផល គឹមហេង ម្ចាស់ទូកនេសាទសមុទ្រម្នាក់នៅតំបន់ទំនប់រលក ក្រុងព្រះសីហនុ បានប្រាប់សារព័ត៌មាន AMS នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះឱ្យដឹងថា តម្លៃប្រេងម៉ាស៊ូតឡើងថ្លៃដល់ ៦៥៥០រៀលក្នុងមួយលីត្រ កើនលើសពេលមុនជិត ៣០០០រៀលក្នុងមួយលីត្រដូចគ្នា ជាកត្តាធ្វើឱ្យក្រុមអ្នកនេសាទនៅតំបន់ទំនប់រកលកផ្អាកធ្វើការនេសាទបណ្តោះអាសន្នដោយសារមិនអាចរកប្រាក់ចំណេញបាន។
លោកស្រីបន្តថា ៖
«តម្លៃប្រេងម៉ាស៊ូតពីមុនមួយកានជាង ១១០,០០០រៀល ដល់ឥឡូវមួយកានតម្លៃប្រមាណ ២០០,០០០រៀល ដូច្នេះមិនអាចរកប្រាក់ចំណេញបានទេ ព្រោះផលនេសាទមិនអាចលក់ឡើងថ្លៃខ្ពស់ដូចតម្លៃប្រេងទេ»។
ជាមួយគ្នានេះដែរ លោកស្រីបញ្ជាក់ថា ការចេញទូកនេសាទមួយជើងត្រូវចំណាយប្រេងម៉ាស៊ូតប្រហែល ១០ប៊ីដុង គិតជាប្រាក់ប្រហែលជាង ១,១០០,០០០រៀល កាលពីពេលមុន ហើយពេលត្រឡប់មកវិញលក់ផលនេសាទចេញបានប្រហែល ១,៣០០,០០០រៀល ប៉ុន្តែបច្ចុប្បន្នតម្លៃប្រេងឥន្ទនៈឡើងថ្លៃខ្លាំង ការចំណាយលើថ្លៃប្រេងម៉ាស៊ូតកើនឡើងខ្លាំង ជាកត្តាធ្វើឱ្យអ្នកនេសាទផ្អាកចេញទូកប្រមូលផលសមុទ្របណ្តោះអាសន្នស្ទើរទាំងអស់ និងរង់ចាំប្រេងធ្លាក់ថ្លៃទើបចេញនេសាទបន្តទៀត។
លោក ហ៊ាង ថុនា អ្នកនេសាទម្នាក់ទៀតប្រចាំនៅលើកោះស្តេច បានផ្តល់ព័ត៌មានតាមទូរសព្ទមកថា រយៈពេលមួយសប្តាហ៍ហើយទូករបស់លោក ក៏ដូចជាទូកអ្នកនេសាទផ្សេងទៀតនៅលើកោះស្តេចជាង ៧០ ទៅ ៨០ភាគរយ បានសម្រេចចតនៅស្ងៀម មិនធ្វើសកម្មភាពចេញទៅនេសាទដូចសព្វដងនោះទេ ដោយសារប្រេងម៉ាស៊ូតឡើងថ្លៃខ្ពស់ខ្លាំង មិនអាចរកប្រាក់ចំណេញបាន។
លោកថា ពេលចេញដំណើរធ្វើនេសាទមួយលើកៗត្រូវចាក់ប្រេងអស់ប្រមាណ ២០០លីត្រ មានតម្លៃប្រហែល ៧០ម៉ឺនរៀល(ពេលមុន) ប៉ុន្តែបច្ចុប្បន្នត្រូវចំណាយថ្លៃប្រេងដល់ទៅជាង ១លានរៀលឯណោះ។
លោកបញ្ជាក់ថា ៖
«កាលមុនយើងចំណាយអស់៧០ម៉ឺនរៀល ទាំងទឹកកកសម្រាប់ក្លាសេ យើងរកបាន ១លានរៀល អាចបានចំណេញ តែឥឡូវចំណាយថ្លៃប្រេងអស់ជាង ១លានរៀលហើយ មិនអាចចេញទៅអូសបានទេ អ្នកដែលចេញមួយចំនួនតូចដោយសារគេសល់ប្រេងនៅក្នុងស្តុក»។
អាជីវករបោះដុំគ្រឿងសមុ ទ្រនៅកំពង់ផែទំនប់រលក លោក សម រដ្ឋា បានឱ្យដឹងថាដែរ បច្ចុប្បន្នតម្លៃគ្រឿងសមុទ្របានឡើងថ្លៃមួយគីឡូក្រាមចន្លោះពី ១០០០រៀលទៅ ២០០០រៀលប៉ុណ្ណោះ មិនឡើងច្រើនដូចប្រេងសាំងនោះឡើយ ដែលជាកត្តាធ្វើឱ្យអ្នកនេសាទផ្អាកចេញទូកស្ទើរអស់ទៅហើយ។
លោកថា ៖
«អ្នកនេសាទឥឡូវអត់ចេញអូសទេ នៅសល់មួយៗ ដោយសារអ្នកខ្លះគាត់សល់ប្រេងក្នុងស្តុកក៏ចេញអូសទៅ ហើយការលក់គ្រឿងសមុទ្រចេញក៍មិនបានច្រើនដែរ ព្រោះថាមនុស្សឥឡូវគេអត់សូវចាយលុយទេ ដោយសារសេដ្ឋកិច្ចមិនសូវល្អ»។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានទទួលស្គាល់ថា ការឡើងថ្លៃប្រេងឥន្ធនៈពិតជាផ្តល់ផលប៉ះពាល់ដល់មុខរបរប្រជានេសាទនៅខេត្តព្រះសីហនុប្រាកដមែន។ លោកថា នៅពេលប្រេងសាំងឡើងថ្លៃ តែងបង្កផលប៉ះពាល់ដល់គ្រប់វិស័យមិនថាតែទូកនេសាទនោះទេ ពោលការដឹកជញ្ជូនទូរទៅ ជាពិសេសដឹកភ្ញៀវទេសចរក្នុងខេត្តព្រះសីហនុ ក៏រងផលប៉ះពាល់ដូចគ្នាដែរ ប៉ុន្តែតម្លៃសំបុត្រនាវាទេសចរណ៍នៅមិនទាន់ឡើងថ្លៃនៅឡើយ រង់ចាំមើលស្ថានការណ៍នៅពេលខាងមុខបន្តទៀត។
គួរកត់សម្គាល់ថា សម្រាប់តែខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន យ៉ាងហោចណាស់មានទូកនេសាទសរុបប្រមាណ ១៥០០គ្រឿង ប៉ុន្តែក្រោយពេលតម្លៃប្រេងឡើងថ្លៃ នៅមានទូកមិនដល់៥០០គ្រឿងនោះទេដែលបន្តចេញនេសាទ ហើយនៅសល់ប៉ុន្មានបានផ្អាកជាបណ្តោះអាសន្ន។
យោងតាមរបាយការណ៍មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុបានឱ្យដឹងថា ជាទូទៅ ប្រជានេសាទក្នុងខេត្តព្រះសីហនុ តែងប្រមូលផលនេសាទសមុទ្របានប្រមាណជាង ៥០០០០ តោនក្នុងមួយឆ្នាំ សម្រាប់ទីផ្សារក្នុងខេត្ត នាំចេញទៅរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗទៀត។ ផលសមុទ្រនៅទីនេះមានភាពសម្បូរបែប ស្រស់ៗ និងមានតម្លៃសមរម្យ ដូចជា ក្តាម មឹក បង្គា ត្រីសមុទ្រ និងគ្រឿងសមុទ្រផ្សេងៗទៀត៕