«អ្នកមិនមានជំនាញក៏អាចរៀបសង់ជាផ្ទះដោយខ្លួនឯងបានដែរតាមរយៈការបណ្តុះបណ្តាលជាង និងម្ចាស់ផ្ទះដោយឥតគិតថ្លៃពីក្រុមហ៊ុន ហើយកន្លងមក My Dream Home បានចូលរួមដល់កិច្ចការងារសង្គមដូចជាបញ្ចុះតម្លៃចាប់ពី ២៥ ទៅ ៥០ ភាគរយ ដល់ពលរដ្ឋទាំងឡាយណាដែលមានបណ្ណក្រីក្រ ក៏ដូចជាពលរដ្ឋដែលស្ម័គ្រចិត្តផ្លាស់ប្តូរទីលំនៅដ្ឋានទៅរស់នៅទីក្រុងរុនតាឯកផងដែរ។ ទោះបីជាយ៉ាងណាក្តី ក្រុមហ៊ុននៅតែអាចរក្សាបាននូវផលចំណេញពីដំណើរការផលិត និងលក់ ហើយបានជួយផ្តល់ការងារដល់ពលរដ្ឋក្រីក្រជាច្រើនផ្សេងទៀតក្នុងពេលដំណាលគ្នាផងដែរ»។
នៅក្នុងបទសំភាសន៍កាលពីពេលកន្លងទៅនេះ លោក គង់ ងី តែងតែបានដាក់ការប្តេជ្ញាចិត្តថា My Dream Home នឹងអាចជួយដល់ពលរដ្ឋកម្ពុជាឲ្យទទួលបាននូវលទ្ធភាពក្នុងការរស់នៅក្នុងលំនៅដ្ឋានមួយដោយខ្លួនឯង និងមានតម្លៃសមរម្យយ៉ាងហោចណាស់១០ម៉ឺនខ្នងនាពេលអនាគត ដោយលោកជឿជាក់ថា ផ្ទះភាគច្រើនដែលអាចសាងសង់បានជាមួយនឹងឥដ្ឋបរិស្ថានរបស់ My Dream Home អាចនឹងចំណាយត្រឹមតែជិត ១០ ០០០ដុល្លារប៉ុណ្ណោះ ខណៈដែលផ្ទះលក់នៅលើទីផ្សារអាចមានយ៉ាងហោចណាស់តម្លៃដល់ទៅ៤ម៉ឺនដុល្លារ។